រដ្ឋាភិបាលក្រុងម៉ាឌ្រីត បាននិយាយនៅថ្ងៃនេះថា ខ្លួននឹងស្វាគមន៍ការចូលរួមពីប្រធានាធិបតីតំបន់កាតាឡូណា លោក Carles Puigdemont ដែលត្រូវបានបណ្ដេញចេញពីតំណែងនោះ សម្រាប់ការបោះឆ្នោតថ្នាក់តំបន់មួយដែលគ្រោងរៀបចំធ្វើឡើងនៅខែធ្នូខាងមុខ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានចុះផ្សាយបែបនេះ ដោយបានដកស្រង់សម្ដីអ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ លោក Inigo Mendez de Vigo ដែលបានថ្លែងនៅក្នុងកិច្ចសម្ភាសមួយថា ប្រសិនបើលោក Puigdemont ចង់បន្តនៅក្នុងនយោបាយ ដែលជាសិទ្ធិរបស់លោកនោះ លោកគួរតែរៀបចំខ្លួនសម្រាប់ការបោះឆ្នោតខាងមុខ។
លោក Puigdemont បានអំពាវនាវឲ្យមានការជំទាស់តាមបែបប្រជាធិតេយ្យទៅនឹងការដាក់ការគ្រប់គ្រងដោយផ្ទាល់ពីសំណាក់រដ្ឋាភិបាលកណ្ដាលក្រុងម៉ាឌ្រីត ទៅលើតំបន់កាតាឡូណា បន្ទាប់ពីការប្រកាសឯករាជ្យរបស់តំបន់នេះ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានលើកឡើងថា លោកច្បាស់ណាស់ថា ប្រសិនបើលោក Puigdemont ចូលរួមក្នុងការបោះឆ្នោតនោះ លោកអាចអនុវត្តការជំទាស់តាមបែបប្រជាធិបតេយ្យបែបនេះបាន។
ក្រោយពីរំលាយសភា និងរំសាយរដ្ឋាភិបាលតំបន់កាតាឡូណាកាលពីថ្ងៃសុក្រកន្លងមកនេះ នាយករដ្ឋមន្ត្រីអេស៉្បាញ លោក Mariano Rajoy បាននិយាយថា ការបោះឆ្នោតថ្មីសម្រាប់តំបន់កាតាឡូណា នឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូខាងមុខ។
លោក Mendez de Vigo ក៏បាននិយាយផងដែរថា លោកជឿជាក់ថា ប៉ូលិសតំបន់កាតាឡូណា នឹងគោរពច្បាប់ បន្ទាប់ពីរដ្ឋាភិបាលអេស៉្បាញបានរំសាយមន្ត្រីតំបន់កាតាឡូណា៕









