ប៉ូលិស​​ភូមា​ចោទ​ប្រកាន់អ្នក​កាសែត​សិង្ហបុរី និង​ម៉ាឡេស៊ី​ជុំ​វិញ​ការ​បង្ហោះ​យន្តហោះ​តូច

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា អ្នក​កាសែត​បរទេស ២​នាក់ ដែល​ធ្វើ​ការ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​តួកគី​រួម​ទាំង​ជន​ជាតិ​ភូមា ២​នាក់​ផង​ដែរ ត្រូវ​បាន​ប៉ូលិស​ភូមា​បាន​ចោទ​ប្រកាន់​​ពី​បទ​រំលោភ​លើ​ច្បាប់​នាំ​ចូល បន្ទាប់​ពី​ពួកគេ​បាន​បង្ហោះ​យន្ត​ហោះ​តូច​គ្មាន​មនុស្ស​បើក​បរ នៅ​ជុំ​វិញ​បរិវេណ​វិមាន​រដ្ឋ​សភា​ប្រទេស​នេះ។

សេចក្ដី​រាយការណ៍របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឲ្យ​ដឹង​ថា អ្នក​កាសែត​ជន​ជាតិ​សិង្ហបុរី​ម្នាក់ និង​អ្នក​កាសែតជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់ នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​រហូត​ដល់​សវនការ​លើក​ដំបូង ក្រោម​ការ​ចោទ​ប្រកាន់​ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ដល់​ទៅ ៣​ឆ្នាំ ឬ​ក៏​ពិន័យ​សម្រាប់​ការ​នាំ​ចូល និង​នាំ​ចេញ​នូវ​«ទំនិញ​ត្រូវ​បាន​ហាម​ឃាត់ ឬ​រឹត​ត្បិត» ដោយ​ពុំ​មាន​អាជ្ញា​ប័ណ្ណ។

ប៉ូលិស​ភូមា លោក Kyaw Moe បាន​និយាយ​ថា អ្នក​កាសែត​សិង្ហបុរី លោក Lau Hon និងអ្នក​កាសែត​ម៉ាឡេស៊ី អ្នកនាង Mok Choy Lin ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ នៅ​ទីក្រុង​ណៃពិដោរ ខណៈ​ដែល​ពួកគេ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ​យក​ព័ត៌មាន​សម្រាប់​ទូរទស្សន៍​រដ្ឋ​តួកគី TRT។

អ្នក​កាសែត​ទាំង​ពីរ បាន​ធ្វើ​ការ​ជាមួយ​អ្នក​បកប្រែ និង​អ្នក​កាសែត Aung Naing Soe ព្រម​ទាំង​អ្នក​បើក​បរ​ជន​ជាតិ​ភូមា​ឈ្មោះ Hla Tin។

ទូរទស្សន៍​រដ្ឋ​ភូមា MRTV បាន​ផ្សាយ​ថា ក្រសួង​ការបរទេស​ភូមា បាន​ជូន​ដំណឹង​នេះ​ទៅ​ស្ថានទូត​សិង្ហបុរី និង​ម៉ាឡេស៊ី​ហើយ។

ការ​ចាប់​ខ្លួន​អ្នក​កាសែត​ទាំង​ពីរ​រូប​នេះ បាន​កើត​ឡើង​ចំ​ពេល​មាន​ភាព​តាន​តឹង​រវាង​ភូមា និង​តួកគី ដែល​បាន​រិះគន់​ភូមា​ ជុំ​វិញ​ការ​ប្រព្រឹត្ត​អំពើ​ឃោឃៅ​ទៅ​លើ​ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា។

ប្រធានាធិបតី​តួកគី លោក តាយយីប អឺដូហ្គែន បាន​ចោទ​ភូមា​ថា បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​ទៅ​លើ​ជន​មូស្លីម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ