រថភ្លើង​រត់​លើ​ផ្លូវ​គ្មាន​ខ្សែ​ដែក​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​សាក​ល្បង​នៅ​ចិន

ប្រព័ន្ធ​ដឹក​ជញ្ជូន​​បែប​ទំនើប​មួយ​ដែល​បង្ហាញ​នូវ «រថភ្លើង​គ្មាន​ផ្លូវ​ដែក​» ដែល​បាន​រត់​នៅ​លើ​បណ្ដាញ​ផ្លូវ​​ធម្មតា​នោះ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាក​ល្បង​នៅ​លើ​ដង​ផ្លូវ​នៅ​ទីក្រុង​ជូចូវ ក្នុង​ខេត្ត​ហ៊ួណាន។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ចិន People’s Daily។

ដោយ​ត្រូវបាន​ដាក់​រហស្សនាម​ថា រថភ្លើង​ឆ្លាត​វៃ​ដំបូង​របស់​ពិភព​លោក​នោះ ប្រព័ន្ធ​ដឹក​ជញ្ជូន​ស្វ័យប្រវត្តិ​ថ្មី​នេះ អាច​រត់​បាន​ល្បឿន​អតិបរមា ៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​អាច​ដឹក​អ្នក​ដំណើរ​បាន​ដល់​ទៅ ៣០០​នាក់ នៅ​ក្នុង​ទូរ​ដឹក​ជញ្ជូន ៣។

ដោយ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន CRRC Corporation ដែល​ជា​ក្រុមហ៊ុន​ផលិត​រថភ្លើង​ធំ​បំផុត​មួយ​នៅ​លើ​ពិភព​លោក​នោះ គោល​បំណង​នៃ​ការ​ផលិត​ប្រព័ន្ធ​រថភ្លើង​នេះ គឺ​ដើម្បី​បង្កើន​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​នៅ​ក្នុង​ទីក្រុង​ជូចូវ មុន​នឹង​ពង្រីក​ទៅ​កាន់​ទីក្រុង​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ចិន។

យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ចិន រថភ្លើង​​នេះ ដែល​ត្រូវ​បាន​គេ​ហៅ​ថា រថ​ភ្លើង​កូន​កាត់​​ជាមួយ​រថយន្ត​ក្រុង​នោះ បាន​រត់​នៅ​លើ​ផ្លូវ​ដែក​​សិប្ប​និម្មិត មាន​ទំហំ​ទឹក ៣.៧៥​ម៉ែត្រ ដែល​បង្ហាញ​ក្នុង​ទម្រង់​បណ្ដាញ​ក្រហម ដែល​ត្រូវ​បាន​គេ​គូស​នៅ​លើ​ផ្លូវ។

ដោយ​សាក​ភ្លើង​ត្រឹម​តែ ១០​នាទី​នោះ រថភ្លើង​ដែល​ប្រើ​ប្រាស់​កង​កៅស៊ូ​ជំនួស​កង់​ដែក​នោះ អាច​រត់​បាន​ចម្ងាយ​ជាង ២៥​គីឡូ​ម៉ែត្រ ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា អាច​មាន​អាយុ​កាល​ប្រើ​ប្រាស់​ដល់​ទៅ​ប្រហែល ២៥​ឆ្នាំ។

រថភ្លើង​នេះ​ក៏​បាន​បំពាក់​ប្រព័ន្ធ​ sensor ដ៏​កំពូល​ផង​ដែរ ដើម្បី​ប្រមូល​ព័ត៌មាន​ធ្វើ​ដំណើរ និង​កំណត់​គន្លង​​នៅ​លើ​ផ្លូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ