ពលរដ្ឋ​អេស្ប៉ាញ​ផ្ទុះ​បាតុកម្ម​ទាមទារ​ឯកភាព​ទឹក​ដី​ក្រោយ​តំបន់​កាតាឡូណា​ប្រកាស​ឯករាជ្យ

ពលរដ្ឋ​អេស្ប៉ាញ​រាប់​រយ​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាសេឡូណា តំបន់​កាតាឡូណា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​គ្រវី​ទង់​ជាតិ និង​ទង់​សហភាព​អឺរ៉ុប ហើយ​ស្រែក​ថា «Viva Espana!» ដើម្បី​បរិហារ​ក្រុម​សមាជិក​សភា​តំបន់​ ដែល​បាន​បោះ​ឆ្នោត​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រទេស​អេស្ប៉ាញ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​បាតុករដើរ​ដង្ហែ​ក្បួន ស្រែក​ច្រៀង និង​ទះដៃ នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​បាសេឡូណា ជាមួយ​បដា​សរសេរ​ថា «De Todos» ឬ​ដែល​មាន​ន័យ​ថា «វា​ជា​កម្មសិទ្ធិ​យើង​ទាំង​អស់​គ្នា»។

ប៉ូលិស​ទីក្រុង​បាសេឡូណា បាន​និយាយ​ថា ក្រុម​បាតុករ​មាន​ចំនួន​ប្រហែល ៣​សែន​នាក់ ខណៈ​ដែល​ក្រុម​អ្នក​រៀបចំ​អះ​អាង​ថា មនុស្ស​​ចំនួន ១​លាន ៣​សែន បាន​ចេញ​ធ្វើ​ការ​តវ៉ា ហើយ​តំណាង​រដ្ឋាភិបាល​អេស្ប៉ាញ​នៅ​តំបន់​កាតាឡូណា បាន​អះ​អាង​ពី​ចំនួន​អ្នក​ចូល​រួម​ថា ១​លាន​នាក់។

វិបត្តិ​នយោបាយ​ដ៏​ធំ​បំផុត​របស់​អេស្ប៉ាញ​នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ បាន​កើន​ឡើង​កាន់​ខ្ពស់​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នៅ​ពេល​ដែល​ក្រុម​ចង់​បាន​ឯករាជ្យ​នៅ​ក្នុង​សភា​តំបន់​កាតាឡូណា បាន​បោះ​ឆ្នោត​ប្រកាស​ឯករាជ្យ​តំបន់​ភាគ​ឦសាន​ប្រទេស​អេស្ប៉ាញ​មួយ​នេះ ទៅ​ជា​សាធារណរដ្ឋ​ឯករាជ្យ​មួយ។ តំបន់​ដ៏​ស្តុកស្ដម​មួយ​នេះ មាន​ប្រជាជន​ប្រហែល ៧​លាន ៥​សែន​នាក់។

រដ្ឋាភិបាល​កណ្ដាល​របស់​លោក​នាយករដ្ឋ​មន្ត្រី ម៉ារីយ៉ាណូ រ៉ាចយ បាន​ប្រតិកម្ម​ទៅ​នឹង​សេចក្ដី​សម្រេច​នេះ តាម​រយៈ​ការ​រំសាយ​ចោល​ស្វ័យភាព​តំបន់​កាតាឡូណា និង​រំលាយ​ចោល​រដ្ឋ​សភា និង​រដ្ឋាភិបាល​តំបន់​ដឹកនាំ​ដោយ​ប្រធានាធិបតី Carles Puigdemont៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ