ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បានប្ដេជ្ញាកាលពីថ្ងៃម្សិលមិញថា នឹងដាក់កម្រិតលើការនិយាយស្ដីនៅក្នុងជំនួបជាមួយព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ នៅសប្ដាហ៍នេះ ក្រោយពីមានក្ដីបារម្ភនានាកាលពីមុនថា មេដឹកនាំមាត់ដាចរូបនេះ នឹងបង្កភាពតានតឹងខាងកាទូត។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក ឌូទើតេ បាននិយាយថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃទៅកាន់ទីក្រុងតូក្យូ លោកមានជំនួបជាមួយព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ ព្រះជន្ម ៨៣ឆ្នាំ ដែលជាបុគ្គលដ៏មានប្រជាប្រិយភាព និងគួរឲ្យគោរពនៅក្នុងប្រទេសជប៉ុន។ ដំណើរទស្សនកិច្ចបែបនេះ ដែលត្រូវបានគេគ្រោងឡើងកាលពីឆ្នាំមុននោះ ត្រូវបានលុបចោលទៅវិញ បន្ទាប់ពីសមាជិករាជវង្សម្នាក់បានទទួលមរណភាពកាលពីឆ្នាំមុននោះ។
គម្រោងជំនួបនោះ បានធ្វើឲ្យមន្ត្រីជប៉ុនកាន់តែប្រុងប្រយ័ត្ន បន្ទាប់ពីវីដេអូមួយស្ដីពីជំនួបរវាងលោក ឌូទើតេ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងប្រទេសចិន បានបង្ហាញលោក ឌូទើតេ ទំពារស្ករកៅស៊ូ ដែលទង្វើនេះ ត្រូវបានចាត់ទុកជាឥរិយាបថគ្មានសុជីវធម៌នៅក្នុងពិធីផ្លូវការនៅប្រទេសជប៉ុន។
លោក ឌូទើតេ បានប្រាប់ទៅក្រុមអ្នកយកព័ត៌មានមុនចេញដំណើរទៅទីក្រុងតូក្យូកាលពីយប់មិញថា៖ «ខ្ញុំគិតថា ខ្ញុំត្រូវដាក់កំហិតមាត់ខ្លួនឯងនៅពេលនោះ ដើម្បីនាំទៅជាមួយនូវការស្វាគមន៍ដ៏កក់ក្ដៅរបស់ប្រជាជាតិហ្វីលីពីន»៕









