ប្រធានាធិបតីកោះតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវ៉េន បានថ្លែងថា កោះតៃវ៉ាន់យល់ពីតម្រូវការចំណាយលុយកាន់តែច្រើនថែមទៀតលើវិស័យការពារជាតិរបស់ខ្លួន ហើយនឹងបន្តបង្កើនការចំណាយលើកងទ័ព។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានចុះផ្សាយបន្តថា មេដឹកនាំតៃវ៉ាន់រូបនេះ បានលើកឡើងបែបនេះអំឡុងដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់កោះហាវ៉ៃ ដែលជំរុញឲ្យចិនខឹងសម្បារ។
អ្នកស្រី សៃ អ៊ីងវ៉េន បានធ្វើដំណើរទៅកោះហាវ៉ៃនៅចុងសប្ដាហ៍កន្លងមកនេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ដែនដីសម្ព័ន្ធមិត្តកាទូតកោះតៃវ៉ាន់ នៅតំបន់ប៉ាស៊ីហ្វិក បើទោះបីជាចិនអំពាវនាវទៅអាមេរិក ឲ្យបញ្ឈប់ដំណើរទស្សនកិច្ចនេះក៏ដោយ។ ចិនតែងតែចាត់ទុកកោះតៃវ៉ាន់ ជាដែនដីកោះអាណាខេត្តរបស់ខ្លួន។
Reuters បានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់អាមេរិក បានកើតឡើងមិនដល់ ២សប្ដាហ៍ផង មុននឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង។
ចិនបានបង្កើនសម្ពាធលើកោះតៃវ៉ាន់ ចាប់តាំងពីអ្នកស្រី សៃ អ៊ីងវ៉េន បានចូលកាន់តំណែងកាលពីឆ្នាំមុន ដោយក្រុងប៉េកាំងសង្ស័យថា អ្នកស្រី សៃ មានបំណងជំរុញទៅរកឯករាជ្យភាពផ្លូវការសម្រាប់កោះតៃវ៉ាន់។ ចិនបានដាក់សម្ពានលើដែនដីកោះនេះ តាមរយៈការធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ និងកាត់ផ្ដាច់សម្ព័ន្ធភាពកាទូតរបស់កោះតៃវ៉ាន់ជាមួយបណ្ដាប្រទេសផ្សេងៗ៕









