មេធាវីលោក កឹម សុខា ឲ្យចៅក្រម​ពន្យល់ពីបទល្មើសជាក់ស្តែងលើរឿង៤ឆ្នាំ​មុន

លោក សំ សុគង់ សហមេធាវីការពារក្ដី។

ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា នៅថ្ងៃនេះ បានស្នើឲ្យចៅក្រមតុលាការកំពូលបង្ហាញច្បាប់ដែលពន្យល់ពីបទល្មើសជាក់ស្តែង ពាក់ព័ន្ធការបង្ហោះវិដេអូឡើងវិញ ចំពោះរឿងដែលកើតមានច្រើនឆ្នាំមកហើយនោះ។​

លោក កឹម សុខា ត្រូវកង​​កម្លាំងពិសេសរបស់រដ្ឋាភិបាលចាប់ខ្លួនដោ​​​យ​​​​សំ​អា​​ងលើវីដេអូឃ្លីប ដែ​​ល​​​​គេ​​បង្ហោះឡើងវិញ​តាមប​ណ្តា​ញសង្គមហ្វេសប៊ុក​ ទាក់​ទិ​ននឹងការថ្លែងរបស់លោកប្រា​ប់​អ្ន​​កគាំ​​ទ្រ​​​នៅប្រទេសអូស្ដ្រាលីកាលពីឆ្នាំ២០១៣ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រប្តូរ​មេ​​ដឹ​​ក​​​នាំតា​​មរយៈយន្ត​ការ​​ណ៍ប្រជាធិ​ប​តេ​យ្យ។

នៅថ្ងៃអង្គារនេះ តុលាការកំពូលបានបើកសវនាការលើបណ្ដឹងសារទុក្ខរបស់ក្រុមមេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ ប្រឆាំងនឹងដីកាឃុំខ្លួនលោក កឹម សុខា។

ក្នុងបន្ទប់សវនាការក្រុមមេធាវីលោក កឹម សុខា បានប្រាប់ទៅចៅក្រមជំនុំជម្រះថា ការប្ដឹងជំទាស់របស់ក្រុមមេធាវី ដោយសារការសម្រេចរបស់តុលាការថ្នាក់ក្រោមដែលបន្តឲ្យឃុំខ្លួនកូនក្ដី គឺផ្ទុយទៅនឹងច្បាប់ជាតិនិងអន្តរជាតិ៖ «ផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ កតិកាសញ្ញាអន្តរជាតិ ក្រមព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ និងច្បាប់លក្ខខណ្ឌតិក្ខៈតំណាងរាស្ត្រ»។

ក្នុងសវនាការនោះក្រុមមេធាវីទាំង៧រូប បានចោទសួរទៅក្រុមប្រឹក្សាជំនុំជម្រះឲ្យបញ្ជាក់ពីច្បាប់ថា ការបង្ហោះវីដេអូឡើងវិញជាបទល្មើសជាក់ស្ដែងឬ? បានសមត្ថកិច្ចទៅចាប់ខ្លួនកូនក្ដីទាំងមានអភ័យឯកសិទ្ធិសភា៖ «ច្បាប់អត់មានបានចែងពីការបង្ហោះហ្វេសប៊ុកឡើងវិញជាបទល្មើសជាក់ស្តែងទេ ហើយការបង្ហោះ នោះមិនមែនលោក កឹម សុខា ជាបង្ហោះនោះទេ គឺជនអណាមិកជាអ្នកបង្ហោះ។ តើមានភស្តុតាង អ្វីដែលចោទលោក កឹម សុខា ឃុបឃិតជាមួយបរទេស»។

ក្រុមមេធាវីបានស្នើទៅចៅក្រមជំនុំជម្រះឲ្យបដិសេធដីកាឃុំខ្លួន​ ហើយដោះលែងកូនក្ដីឲ្យមានសេរីភាពវិញ ដើម្បីកុំឲ្យសហគន៍ជាតិនិងអន្តរជាតិ រិះគន់ប្រព័ន្ធយុត្តិធម៌បន្តទៀត។

ទោះជាយ៉ាងណានៅក្នុងសវនាការនោះ ក្រុមប្រឹក្សាជំនុំជម្រះមិនបានឆ្លើយតបសំនួររបស់​ក្រុមមេធាវីវិញទេ។ ក្រោយពីសម្រាក២ជិតម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក ឃឹម ប៉ុណ្ណ បានប្រកាសសាលដីកា ដោយសម្រេចឲ្យបន្តឃុំខ្លួនលោក កឹម សុខា ដដែល ដោយសំអាងថា ការសម្រេចរបស់តុលាការថ្នាក់ក្រោម​ធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។

ប្រាប់អ្នកសារព័ត៌មាននៅក្រៅបន្ទប់សវនាការ លោក សំ សុគង់ សម្ដែងការខកចិត្ត ចំពោះការសម្រេចរបស់តុលាការកំពូល ដោយចាត់ទុកការសម្រេចនោះថា មិនបានផ្ដល់យុត្តិធម៌ឲ្យកូនក្ដី។

បន្ទាប់ពីមានការចាប់ខ្លួនមេដឹកនាំគណបក្សរូបនេះ ក៏មានប្រតិកម្មជាច្រើនពី​ស​ហគមន៍ជាតិ និងអន្តរជា​តិ ដោយហៅចំណាត់ការចាប់ និងឃុំ​ខ្លួន​​​​​​​នោះ​ថា ជា​ការគំរាមកំហែងផ្នែកនយោបាយ និងទាមទារឲ្យដោះ​លែងជាបន្ទាន់ ដោយថា ដើម្បីឲ្យ​ដំ​ណើ​​​រការ​បោះ​​​ឆ្នោ​​​តខាងមុខ ដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ