បុរសម្នាក់នៅសហរដ្ឋអាមេរិកបានបើកការវាយប្រហារសម្លាប់មនុស្សដោយបើករថយន្តដឹកទំនិញ ចូលលើផ្លូវសម្រាប់ជិះកង់កិនស្លាប់អស់៨នាក់ និង១១នាក់ផ្សេងទៀតរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះក្នុងមន្ទីរពេទ្យនៅក្បែរនោះ។
តាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា បុរសនោះអាយុ២៩ឆ្នាំ បានបើករថយន្តដឹកទំនិញពណ៌ស ចូលក្នុងផ្លូវសម្រាប់ជិះកង់យ៉ាងលឿន ហើយសមត្ថកិច្ចបាញ់ប្រហារ ដើម្បីបញ្ឈប់សកម្មភាព បន្ទាប់មកក៏ត្រូវចាប់ខ្លួនជននោះបាន។ ហេតុការណ៍កើតឡើងនៅក្នុងតំបន់ Lower Manhattan នៃទីក្រុងញូយ៉ក។
បុរសម្នាក់នោះគេស្គាល់ឈ្មោះថា Sayfullo Saipov ជាជនចំណាកស្រុកចូលទៅរស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១០។ តាមសមត្ថកិច្ចសិក្សាស្រាវជ្រាវរកឃើញថា ការវាយប្រហារនេះរៀបចំឡើងដោយពួកក្រុមភេរវកម្ម IS។ ជនសង្ស័យនេះ រស់នៅក្នុងរដ្ឋហ្វ័ររីដា ហើយបច្ចុប្បន្នបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។
ក្រោយកើតហេតុភ្លាម ប្រធានាធិបតីសហរដ្ឋអាមេរិកបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារដែលរងគ្រោះដោយ សារតែការវាយប្រហារទាំងនេះ៕









