កម្ពុជាស្នើអង្គការអន្ដរជាតិមួយ ជួយត្រួតពិនិត្យអាវុធគីមីសល់ពីសង្គ្រាម

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា​លោក ​ប្រាក់ សុខុន

រដ្ឋាភិបាល បានស្នើឲ្យអង្គការអន្ដរជាតិមួយ ជួយដោះស្រាយបញ្ហាអាវុធគីមី ដែលថាបន្សល់ទុកនៅកម្ពុជា កាលពីសម័យសង្គ្រាម។

ក្នុងលិខិតមួយ ដែលផ្ញើជូនលោក Ahmet Uzumcu អគ្គនាយកអង្គការហាមឃាត់អាវុធគីមី (Organization for the Prohibition of Chemical Weapons) កាលពីថ្ងៃទី១៦តុលាកន្លងទៅ រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានស្នើឲ្យអង្គការអន្ដរជាតិមួយនេះ ចុះមកពិនិត្យ និងផ្ទៀងផ្ទាត់ លើគ្រឿងផ្ទុះ ដែលលោកថា ជាអាវុធគីមី បន្សល់ពីសម័យសង្គ្រាម និងថា បានធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី១ខែវិច្ឆិកា។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ទីតាំងអាវុធគីមី ដែលកម្ពុជាស្នើចុះត្រួតពិនិត្យនោះ មាន​ចំនួនសរុប៣៤កន្លែង ដោយថា អាវុធគីមីមួយចំនួន ត្រូវបានរកឃើញនៅខេត្តមណ្ឌលគីរី។ ចំណែក អាវុធគីមីផ្សេងទៀត កម្ពុជា​ថា បានរកឃើញនៅសាលាបឋមសិក្សាគគីរ ក្នុងខេត្តស្វាយរៀង និងថា បានបង្កឲ្យអ្នករងគ្រោះមួយចំនួនទៀតផង។

កាលពីខែកុម្ភៈឆ្នាំ២០១៧ អាជ្ញាធរកម្ពុជាអះអាងថា បានរកឃើញគ្រាប់បែកគីមីចំនួន២គ្រាប់ ដែលថាទម្លាក់ពីលើយន្តហោះរបស់អាមេរិក ស្ថិតក្នុងសាលាបឋមសិក្សាគគីរ និងវត្តគគីរ ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ករណីនេះ ភាគីកម្ពុជា បានស្នើជាញយដងឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទទួលខុសត្រូវទាំងស្រុង ចំពោះបញ្ហាគ្រាប់បែកនេះ ជាជាងគិតគូរតែពីបញ្ហាបំណុល ដែលកម្ពុជាជំពាក់កាលពីសម័យ លន់ នល់។

កាលពីថ្ងៃទី២០តុលាកន្លងទៅ ទូតអាមេរិកប្រចាំកម្ពុជា បានច្រាលចោលការប្រកាន់ទាំងនេះ ដោយថា គ្រាប់បែកនៅខេត្តស្វាយរៀងនោះ គឺជាប្រភេទឧស្ម័នបង្ហូរទឹកភ្នែក ហើយថា កម្ពុជា គួរតែអាចយកគ្រាប់បែកនោះចេញដោយសុវត្ថិភាព និងមិនបង្កផលប៉ះពាល់ឡើយ។​

យ៉ាណាក៏ដោយ គិតមកដល់ពេលនេះ ពុំទាន់មានការសម្រេចលុបចោលបំណុលណាមួយនៅឡើយទេ ប៉ុន្ដែ សហរដ្ឋអាមេរិក ធ្លាប់បានអះអាងថា ជំនួយ ដែលខ្លួនផ្ដល់ឲ្យកម្ពុជានោះ មិនមែនដោះស្រាយគ្រាប់មីនរបស់អាមេរិកនោះទេ ប៉ុន្ដែ ក៏ដោះស្រាយ បញ្ហាគ្រាប់មីន ដែលទម្លាក់ដោយវៀតណា និងរុស្ស៊ីផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ