ក្រុមកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកបានថ្លែងជាសាធារណៈកាលពីម្សិលមិញថា ករណីពីរដាច់ដោយឡែកពីគ្នានៃនាវាបុកគ្នានៅក្នុងឆ្នាំ២០១៧នេះ នៅសមុទ្រសិង្ហបុរីនិង ដែនទឹកជប៉ុនគឺជាករណីកំហុសនៃការផ្តល់ព័ត៌មានច្រឡំហើយអាចជៀសវាសបាន។
ការស្រាវជ្រាវលើករណីនាវាអាមេរិកJohn S McCain បុកគ្នានោះគឺបង្ហាញថា ដោយសារតែការបាត់បង់ព័ត៌មានជុំវិញស្ថានភាពនៅទីនោះ ស្របពេលដែលទទួលបានព័ត៌មានមិនពិតនោះនាំឲ្យមានការបញ្ហាដល់ប្រព័ន្ធនៃការគ្រប់គ្រងនាវា ពេលមានបញ្ហាប្រែប្រួលផ្លូវទឹក។ នេះបើតាមសារព័ត៌មានChannel News Asia។
កាលពីថ្ងៃទី២១ខែសីហា អ្នកធ្វើការលើនាវាចំនួន១០នាក់បានស្លាប់នៅពេលដែលនាវាអាមេរិកJohn S McCain បានបុកជាមួយនាវាដឹកប្រេងផ្សេងទៀតពេលទៅដល់សមុទ្ររបស់សិង្ហបុរី។ ចំណែកនៅក្នុងខែមិថុនា អ្នកធ្វើការលើនាវាចំនួន៧នាក់បានស្លាប់ នៅពេលនាវាFitzgerald បុកជាមួយនាវាផ្សេងទៀតនៅដែនទឹករបស់ជប៉ុន។
កងទ័ពជើងទឹកអាមេរិកបានបណ្តេញមន្ត្រីមួយចំនួនចេញពីការងារពាក់ព័ន្ធនាំឲ្យកើតហេតុការណ៍ទាំងនេះឡើង ដែលក្នុងនោះរួមមានទាំងមេបញ្ជាការម្នាក់ និង អ្នកធ្វើការងារលើនាវាចំនួន៧នាក់។









