ស្ថាប័នព្យាករណ៍អាកាសធាតុអន្ដរជាតិ លើកឡើងថា កម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅចុងសប្ដាហ៍នេះ ដោយថា នឹងមានព្យុះមួយកើតឡើង បន្ទាប់ពីកំពុងបក់កាត់ប្រទេសវៀតណាមនិងឡាវ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានអន្ដរជាតិ អេស៊ីស៊ីយូវេតឌឺ ( Accu Weather) ឲ្យដឹងថា ប្រទេសកម្ពុជា នឹងជួបព្យុះមួយឈ្មោះ «ព្យុះដំរី» ដែលនឹងបក់កាត់ផ្ទៃប្រទេស ចាប់ពីចុងសប្ដាហ៍នេះទៅ ហើយនឹងអាចបង្កជាការរំអិលបាក់ដី និងជំនន់ទឹកភ្លៀង ជាពិសេស នឹងមានខ្យល់បក់បោកខ្លាំង នៅប៉ែកខាងកើត នៃប្រទេសកម្ពុជា។
ជុំវិញព័ត៌មាននេះ វីអូឌី នៅមិនទាន់អាចសុំការបញ្ជាក់ពីអាជ្ញាធរខ្មែរនៅឡើយ។
បើតាមការឲ្យដឹងរបស់អេស៊ីស៊ីយូវេតឌឺ ( Accu Weather) ព្យុះ «ដំរី» នឹងបន្ដបក់ទៅប៉ែកខាងត្បូង នៃប្រទេសវៀតណាម នៅយប់ថ្ងៃសុក្រ ឈានចូលព្រឹកថ្ងៃសៅរិ៍ ស្អែកនេះ ហើយក៏នឹងបង្កជាការរអិលបាក់ដី ភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រធំៗ។ ព្យុះនេះ ក៏នឹងបន្ដដំណើរទៅតំបន់ភ្នំនៃប្រទេសឡាវ ប៉ែកខាងកើតនៃប្រទេសកម្ពុជា និងបន្ដទៅប៉ែកខាងត្បូង នៃប្រទេសថៃ ផងដែរ៕