​អាជ្ញាធរថាអុំ​ទូកថ្ងៃ​ទី១អ្នក​ចូលរូម​​មានជិត​៦០​ម៉ឺន​នាក់ថយ​ចុះ​ពី​ឆ្នាំ​មុនៗ

អគ្គស្នងការ​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹង​ថា អ្នក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូកនៅថ្ងៃទី១ ក្នុងឆ្នាំ​២០១៧នេះ មាន​ចំនួន​ជាង​៦០ម៉ឺននាក់ ពោលតិច​ជាង​ឆ្នាំ​មុនប្រមាណ​១០​ម៉ឺន​នាក់ ខណៈ​សមត្ថកិច្ចចម្រុះ​ជាង​១ម៉ឺន​នាក់ ​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើ​ម្បី​សម្រួល​សណ្តាប់​ធ្នាប់ និង​ត្រៀម​បង្ក្រាប​ការ​បង្ក​ចលាចល។

គេហ​ទំព័រ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ចេញ​ផ្សាយ​នៅថ្ងៃ​ទី​២ខែវិច្ឆិកា​ ​ឲ្យ​ដឹងថា ​ចំនួន​អ្នក​ចូល​រួម​ពិធី​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប អក​អំបុក និង​សំពះព្រះ​ខែ ក្នុងរាជធានីភ្នំពេញ​ នៅ​ឆ្នាំ​នេះ មាន​ចន្លោះ​ពី​៥០ ទៅ​៦០​ម៉ឺន​នាក់។ បើតាមការគណនាក្រៅផ្លូវការ ចំនួន​នេះ ​បើប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​ៗ ​គឺ​ថយ​ចុះ​ជា​លំដាប់ ខណៈឆ្នាំ​២០១៦ មាន​មនុស្ស​ជាង​៧០ម៉ឺននាក់​ និងឆ្នាំ​កន្លងទៅ គឺ​នៅ​ថ្ងៃ​ដំបូង​ដូច​គ្នានេះ ​មាន​មនុស្ស​ចូល​រួម​ជាង​១លាន​នាក់។ ករណីនេះ អាជ្ញាធរពាក់ព័ន្ធ នៅមិនទាន់បញ្ជាក់ច្បាស់លាស់ ពីមូលហេតុនៃការធ្លាក់ចុះ នៃអ្នកចូលរួមនៅឡើយទេ ខណៈ អ្នកឃ្លាំមើល ហាក់ដាក់ការសង្ស័យថា អាចមកពីភាពមិនច្បាស់លាស់នៃស្ថានការណ៍នយោបាយបច្ចុប្បន្ន។

វីអូឌី នៅមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែម ពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។

អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងបន្ថែមថា នៅថ្ងៃអុំទូកទី១ម្សិលមិញ ទូកលិចមានចំនួន១០ករណីតែមិនប៉ះពាល់អាយុជីវិតនោះទេ ខណៈមនុស្សជិត២ពាន់នាក់ បានទៅរកជំនួយសង្គ្រោះពីភ្នាក់ងារសុខភាព ដែលក្នុងនោះ មនុស្ស១៤៨នាក់ បានទទួលការសង្គ្រោះបឋម។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីបុណ្យអុំទូក ត្រូវបានខកខានជាបន្ដបន្ទាប់ ក្រោយ​មាន​ព្រឹត្តិការណ៍​ស្លាប់​ជាន់​គ្នាប្រមាណជាង៣៥០នាក់ នៅលើស្ពានចូលតំបន់កោះពេជ្រ កាលពីឆ្នាំ២០១០។

ក្រោយខកខាន៣ឆ្នាំជាប់ៗគ្នា រដ្ឋាភិបាល បានរៀបចំ​ឲ្យមានពិធីបុណ្យ​អុំទូកនេះឡើងវិញ​នៅឆ្នាំ​២០១៤​។ ប៉ុន្ដែ នៅឆ្នាំ២០១៥ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសផ្អាកបុណ្យនេះម្ដងទៀត ដោយ​លើកហេតុផលថា ​ទឹកទន្លេមានកំពស់ទាបពេក ខណៈអ្នកតាមដានសង្គមយល់ថា អាជ្ញាធរ​មាន​ការ​ភ័យខ្លាច ក្រែងមានក្បួនបាតុកម្មប្រឆាំងរដ្ឋាភិបាលណាមួយ។

យ៉ាងណាមិញ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានពិធីបុណ្យជាតិនេះឡើងវិញ នៅក្នុងឆ្នាំ២០១៦។ ហើយ​នៅ​ឆ្នាំ២០១៧នេះ ព្រះរាជពិធីបុណ្យអុំទូក នឹងចាប់ផ្ដើម ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ខែវិច្ឆិកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ