អារ៉ាប៊ីសាអ៊ូឌីត​បាញ់​ស្កាត់​គ្រាប់​មីស៊ីល​មួយ​ដើម​ដែល​បាញ់​សំដៅ​រដ្ឋ​ធានី​រីយ៉ាដ

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​បាញ់​ស្កាត់​ និង​បំផ្លាញ​គ្រាប់​មីស៊ីល​មួយ​គ្រាប់​នៅ​រដ្ឋ​ធានី​រីយ៉ាដ បន្ទាប់​ពី​គេ​ដឹង​ថា គ្រាប់​មីស៊ីល​នោះ​ត្រូវ​បាន​បាញ់​ចេញ​ពី​ប្រទេស​យ៉េមែន ដែល​កំពុង​ហែក​ហួរ​ដោយ​ជម្លោះ។

បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឲ្យ​ដឹង​ថា បំណែក​គ្រាប់​មីស៊ីល​នោះ បាន​ខ្ទាត​ធ្លាក់​ទៅ​លើ​ព្រលាន​យន្តហោះ​អន្តរជាតិ​នៅ​ទីក្រុង​រីយ៉ាដ បន្ទាប់​ពី​វា​ត្រូវ​បាន​បាញ់​ស្កាត់​កម្ទេច​ចោល​រួច​មក។

សេចក្ដី​រាយការណ៍​នានា បាន​ឲ្យ​ដឹង​ថា គ្រាប់​មីស៊ីល​នោះ ត្រូវ​បាន​ក្រុម​បះ​បោរ​​ស៊ីអ៊ីតហ៊ូធី ប្រកាស​ទទួល​ខុស​ត្រូវ ហើយ​ក្រុម​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​ជាមួយ​នឹង​ប្រទេសអារ៉ាប៊ីសាអូឌីត។

បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​តែ​មិន​បាន​សម្រេច​បែប​នេះ អារ៉ាប៊ីសាអ៊ូឌីត​ បាន​ចាប់​ផ្ដើម​កាន់​តែ​ច្បាស់​អំពី​កម្លាំង​គំរាម​កំហែង​កាន់​តែ​ខ្លាំង​​កើត​ចេញ​ពី​ជម្លោះ​នៅ​ក្នុង​ប្រទេស​យ៉េមែន។

នៅ​ឯ​ទីក្រុង​រីយ៉ាដ ប្រជាជន​បាន​ប្រាប់​ថា ពួកគេ​បាន​លឺ​សំឡេង​ផ្ទុះ​លាន់​លឺ​ខ្លាំង​នៅ​ជិត​ព្រលាន​យន្ត​ហោះ​អន្តរជាតិ King Khalid ដែល​ស្ថិត​នៅ​ជាយ​ភាគ​ខាង​ជើង​រដ្ឋធានី​រីយ៉ាដ។

ពុំ​មាន​មហន្តរាយ​ធំ​ធំធេង ឬ​ការ​បាត់​បង់​ជីវិត​មនុស្ស​ណា​ម្នាក់ ត្រូវបាន​អាជ្ញារ​អារ៉ាប៊ីសាអ៊ូឌីត​រាយការណ៍​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ