តុលាការ​ដំណើរ​ការ​រឿង​ក្តី​ប្រឆាំង​លោក លឺ ឡាយ​ស្រេង

អតីតឧបនាយករដ្ឋមន្រ្តី​កូតា​គណបក្សហ្វ៊ុនស៊ិនប៉ិច លោក លី ឡាយ​ស្រេង

សាលា​ដំបូង​រាជធានីភ្នំពេញ​បន្ត​ចំណាត់ការ​រឿង​ក្តី​ប្រឆាំង​លោក លឺ ឡាយ​ស្រេង តាម​បណ្តឹង​លោក​ គី តិច ខណៈលោក​ លឺ ឡាយ​ស្រេង​ នៅ​ក្រៅ​ប្រទេស។

ព្រះរាជអាជ្ញារង​​អម​សាលា​ដំបូង​រាជធានីភ្នំពេញ​លោក សៀង សុខ នៅ​រសៀល​ថ្ងៃ​ទី​០៦ វិច្ឆិកា នេះ​បាន​​កោះ​អញ្ចើញ​មេធាវី​រដ្ឋាភិបាល​គឺ​លោក គី តិច​ ឲ្យ​ចូ​ល​មក​ផ្តល់​ចម្លើយ​បន្ថែម​លើ​ដំណើរឿង​ប្តឹង​លោក លឺ ឡាយ​ស្រេង ពី​បទ​បរិហាកេរ្តិ៍ជា​សាធារណៈនិង​បទ​ប្រមាថ។

បន្ទាប់​ពី​ចេញពីផ្តល់​ចម្លើយ​នៅ​រសៀល​នេះលោក គឺ តិច ថា​លោក​នៅ​តែ​រក្សា​ជំហរ​ដដែល​ក្នុង​ការ​ប្តឹង​ និង​ទារសំណង​ពី​លោក​​ លឺ ឡាយ​ស្រេង បើ​ទោះ​បី​លោក​គ្មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​មេធាវីការ​ពារក្តីក៏​ដោយ​។

លោក​ថា៖ «អាហ្នឹង​លើ​តុលាការ​គេ​អ្នក​ចាត់​ចែងព្រោះ​និតី​វិធី​មាន​គ្រប់ ទោះ​បី​សាម៉ីខ្លួន​គេ​ចខ្លួន​មិន​ចូ​ល​មិន​មាន​មេធាវី​​ក៏​ដោយ​ ក៏​នីតិវិធី​របស់​អយ្យការ​ និង​តុលាការគេ​មាន​វិធាន​ការ​ចាត់​តាម​ហ្នឹង​ទៅ​គឺ​អត់​ឲ្យ​មាន​ការ​រាំង​ស្ទះ​នោះ​ទេ​ដំណើរ​រឿង​​»។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរីកាលពី​ពេល​កន្លង​ទៅ​លោក លឺ ឡាយ​​ស្រេង បានប្រកាស​ថា​លោក​នឹង​មិន​ដាក់​មេធាវី​ការ​ពារក្តី​លើ​បណ្តឹង​នេះ​នោះ​ទេ​ ដោយ​លោក​ថា​តុលាការ​ស្ថិត​ក្រោម​អំណាច​របស់​បក្សប្រជា​ជន​កម្ពុជា។

គួរ​រំលឹក​ផង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៤ តុលា បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​លោក លឺ ឡាយ​ស្រេង ទៅ​តុលាការ​ដោយ​ថា​បានបរិហា​កេរ្តិ៍បក្ស​ប្រជា​ជន​ជា​សាធារណៈចំពោះ​ខ្លឹមសារ​ដែល​លោក​បាន​​សន្ទនា​ឯក​ជនតាម​ទូរស័ព្ទពាក់​ព័ន្ធ​នឹងវិសោធកម្ម​ច្បាប់​បោះ​ឆ្នោត​ចំនួន​៤ និង​ការ​ប្តឹង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវ​បាន​បែក​ធ្លាយ​តាម​រយៈប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​។

ទោះ​ជាយ៉ាង​ណា​ចំពោះ​អ្នក​ច្បាប់​និង​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​យល់​ថា ការ​ចោទ​ប្រកាន់​ដោយ​សំអាង​ទៅ​ការ​បែក​ធ្លាយ​សំឡេង​នោះ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ ហើយ​ភស្ភុតា​ង​ដែល​ត្រូវបាន​​យក​​ដោយរូបភាពមិនស្របច្បាប់នោះគឺមិនអាចយកជាភស្ភុតាងកើត​នោះទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ