អាជីវករនៅខេត្តព្រះសីហនុ ចោទអាជ្ញាធរបរិស្ថានថា បានរារំាងមិនឲ្យសង់តូបលក់ដូរលើ «ឆ្នេរខូខូណាត់ប៊ីក» ស្ថិតនៅកោះរ៉ុង ដោយថា មកពីអាជីវកររូបនោះគំាទ្រគណបក្សប្រឆំាង។
អាជីវករលោក ម៉ែន សុវធ បានប្រាប់VODនៅថ្ងៃទី៦ខែវិច្ឆិការនេះថា ដើមចមដែលមន្ត្រីបរិស្ថានមិនអនុញាតឲ្យគាត់សង់តូប ប្រកស្បូវទទឹង៤នឹងបណ្តោយ៦ម៉ែត្រ ដើម្បីលក់ដូរម្ហូបបរទេស និងម៉ាស្សាស្ថិតលើ«ឆ្នេរខូខូណាត់ប៊ីក» នៅកោះរ៉ុង ខេត្តព្រះសីហនុ ដោយលោកថា មកពីលោកជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ។ លោកចោទអាជ្ញាធរថា មានការរើសអើង ខណៈអាជីវករផ្សេងៗទៀតនៅក្បែរនោះ អាចសង់តូបលក់ដូរបានដោយមិនចំាបាច់សុំច្បាប់អនុញាត។
លោកនិយាយថា «ខ្ញុំសុំតែសង់រោងប្រកស្បូវចង់រើថ្ងៃណា ចោលថ្ងៃណាក៏បាន បើសិនរដ្ឋគាត់អភិវឌ្ឍន៍ គាត់ជួលឲ្យក្រុមហ៊ុនណា យើងរើទៅ គ្មានអ្វីយូរ ហើយគេសង់ស៊ីងម៉ង់ផង…គេធ្វើបាន និយាយទៅ គេសង់បានលើទឹកទៀត ហើយគ្មានចៅហ្វាយខេត្ត…សញ្ញេឲ្យទេ សុទ្ធតែខុសច្បាប់ទំាងអស់ ប៉ុន្តែគេធ្វើ បាន ចឹងដោយសារគិតថាខ្ញុំគាំទ្របក្សប្រឆំាង»។
ប្រធានមន្ទីរបរិស្ថានប្រចំាខេត្តព្រះសីហនុ លោក សាមុត សុទ្ធារិទ្ធ មានប្រសាសន៍ថា មន្ត្រីថ្នាក់ក្រោមហាមឃាត់អាជីវកររូបនោះមិនឲ្យសង់តូប ដោយថាប្រហែលជាគាត់មិនមានឯកសារសុំសាងសង់ស្របតាមច្បាប់។ លោកបញ្ជាក់ថា បើចង់សាងសង់តូបនៅលើកោះរ៉ុង លុះត្រាតែមានច្បាប់អនុញ្ញាតឲ្យសាងសង់។
លោកបញ្ជាក់ថា «កោះរ៉ុងមានក្រុមការងារចំរុះនៅហ្នឹងយូរហើយ ឯកឧត្តមអភិបាលខេត្តគាត់តែងតែមានប្រសាសន៍ហើយ ការសាងសង់ត្រូវមានការសុំច្បាប់ ឲ្យគាត់សុំច្បាប់ទៅ ធម្មតាសុំច្បាប់ហើយ មានរឿងអីក្រុមការងារយើងទៅឃាត់ទៀត»។
កោះរ៉ុង ជាកោះមួយស្ថិតនៅចំងាយ២៥គីឡូម៉ែតពីឆ្នេរសមុទ្រខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ វាមានផ្ទៃដី៧៨ គីទ្បូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីទ្បូម៉ែត្រ។ ចំណុចខ្ពស់បំផុតរបស់កោះមានកំពស់១៣៣ម៉ែត្រពីនីវ៉ូសមុទ្រ។
កោះនេះត្រូវបានគេដឹងថា គឺជាកោះមួយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់សិទ្ធិវិនិយោគឲ្យទៅក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប វិនិយោគរយៈពេលរហូតដល់ ៩៩ ឆ្នាំ រួមមាន បា ភោជនីយដ្ឋាន បឹងហ្គាឡូផ្ទះសំណាក់ និងរីហ្សតជាដើម ដែលភាគច្រើនកាន់កាប់ដោយជនបរទេស និងអ្នកមានស្រុកខ្មែរ៕









