មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាបានលើកឡើងថាចំនួនអ្នកចុះឈ្មោះថ្មី ទាបជាងការរំពឹងទុករបស់ គ.ជ.ប នោះ គឺបណ្តាលមកពីពលរដ្ឋធ្វើការនៅក្រៅប្រទេសច្រើនហើយច្បាប់មិនអនុញ្ញាតិឲ្យមានការចុះនៅតាមស្ថានទូតក្នុងប្រទេសដែលពួកគេធ្វើការ។
ក្នុងសេចក្តីប្រកាសពីលទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីរបស់គជប បានឲ្យដឹងថាគិតត្រឹមថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១៧ ពលរដ្ឋដែលចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីមានចំនួនជាង៥០ម៉ឺននាក់ ដែលប្រមាណជា៣០ភាគរយនៃពលរដ្ឋដែលត្រូវចុះឈ្មោះថ្មីជាង១លាន៦សែននាក់។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការ Comfrel លោក កន សាវាង្ស ថ្លែងថា ពលរដ្ឋដែលធ្វើចំណាកស្រុកទៅក្រៅប្រទេសភាគច្រើនគឺមិនបានចុះឈ្មោះនោះទេ។ ការមិនបានចុះឈ្មោះរបស់ពលរដ្ឋនៅក្រៅប្រទេសនេះលោក កន សាវាង្ស លើកឡើងថា ដោយសារបញ្ហាផ្លូវច្បាប់ដែលមិនអនុញ្ញាតឲ្យ គ.ជ.ប អាចរៀបចំនីតិវិធីដើម្បីសម្រួលដល់ពួកគេបាន។
លោកថា៖ «ទាក់ទងទៅលើរឿងដែលធ្វើវិសោធនកម្មច្បាប់ចុះឈ្មោះបោះឆ្នោតហ្នឹង ជាពិសេសគិតគូរដល់ប្រជាពលរដ្ឋដែលលោកបានធ្វើចំណាកស្រុកនៅខាងក្រៅហ្នឹង បូករួមជាមួយពេលវេលាដែល គ.ជ.ប អាចពន្យាពេលបន្ថែមហ្នឹងគឺវាអាចហើយ ដែលអាចបង្កើនពលរដ្ឋដែលធ្វើចំណាកស្រុកមានឱកាសសម្រាប់ចុះឈ្មោះបោះឆ្នោតបានក៏ប៉ុន្តែយើងមើលឃើញថា ករណីនេះមកដល់ថ្ងៃនេះគឺមិនអាចដោះស្រាយចេញ ដោយសារច្បាប់មិនបានបើកផ្លូវឲ្យស្ថាប័ន គ.ជ.ប សម្រាប់ពលរដ្ឋក្នុងការចុះឈ្មោះទេ»។
កាលពីខែសីហាកន្លងទៅសមាជិកសភាគណបក្សសង្គ្រោះជាតិបានដាក់សេចក្តីស្នើវិសោធនកម្មច្បាប់ ដើម្បីបើកផ្លូវឲ្យពលរដ្ឋនៅក្រៅប្រទេសអាចចុះឈ្មោះ និងបោះឆ្នោតនៅក្រៅប្រទេសបាន តែសំណើនេះមិនទាន់ត្រូវបានរដ្ឋសភាប្រជុំអនុម័តនៅឡើយទេ ខុសគ្នាពីច្បាប់បោះឆ្នោត៤ដែលបានស្នើឡើងដោយបក្សប្រជាជនត្រូវបានសភាអនុម័ត និងចូលជាធរមានយ៉ាងតក់ក្រហល់។
អ្នកនាំពាក្យគណបក្សប្រជាជននៅក្នុងសភាលោក ឈាង វុន ធ្លាប់លើកឡើងប្រាប់វីអូឌីថាច្បាប់កម្ពុជាមិនបានហាមឃាត់ជនជាតិខ្លួនដែលរស់នៅក្រៅប្រទេសមិនឲ្យចុះឈ្មោះ ឬបោះឆ្នោតនោះទេ តែថាអ្នកទាំងនោះត្រូវចូលមកក្នុងបោះឆ្នោតនៅក្នុងប្រទេស មិនអាចបោះឆ្នោតនៅតាមស្ថានទូតក្រៅប្រទេសបានទេ ដោយសារការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតតាមតំបន់។
លោកថា៖ «រាស្ត្ររបស់យើងគឺជាប្រព័ន្ធសមាមាត្រ បោះឆ្នោតតាមមណ្ឌល យើងបោះឆ្នោតនៅបាត់ដំបង យើងមកបោះឆ្នោតបាត់ដំបង។ ច្បាប់បោះឆ្នោតរបស់យើងហ្នឹងអត់មានមណ្ឌលនៅអាមេរិក មណ្ឌលនៅបារាំងអីណា! អត់មានផង។ តែយើងត្រូវធ្វើយ៉ាងមិច ហ្នឹងហើយយើងមិនដឹងថាត្រូវធ្វើយ៉ាងមិច អញ្ចឹងហើយទើបយើងចង់បានអាស័យដ្ឋានមួយតាមផ្លូវច្បាប់ អាស័យដ្ឋានក្នុងទឹកដីកម្ពុជា។ មើលច្បាប់ឲ្យមែនទែន! ហើយអាស័យដ្ឋានគាត់នៅត្រង់ណានៃកម្ពុជា គាត់ទៅបោះឆ្នោតនៅកន្លែងហ្នឹងចុះឈ្មោះនៅកន្លែងហ្នឹង»។
ចំពោះការលើកឡើងនេះត្រូវបានលោក កន សាវាង្ស ឆ្លើយតបថាជាការលើកឡើងដោយមិនបានគិតគូរ និងគ្មានចេតនាក្នុងការបង្កើតច្បាប់នេះច្រើនជាង។
លោកថា៖ «បើយើងនិយាយពីបច្ចេកទេសសម្រាប់ស្រុកខ្មែរយើង មិនមែនធ្វើមិនបានទេ។ សំខាន់ចិត្តខ្លួនឯងទេ ចិត្តរបស់តំណាងរាស្ត្រទាំងនោះទេ ដែលលោកចង់ធ្វើដែរឬក៏អត់? ហើយតែលោកអត់ចង់ធ្វើលោកលើករឿងហ្នឹងយកមកអាហ្នឹងវាមិនត្រឹមត្រូវទេ។ លោកត្រូវធ្វើការសិក្សាសិនកុំអាលលើកនិយាយរឿងបញ្ហា»។
ការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មីត្រូវបានបញ្ចប់ហើយ។
វីអូឌីមិនទាន់អាចទាកទងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បាននៅឡើយទេនៅព្រឹកថ្ងៃទី០៧ វិច្ឆិកានេះ។
ក្នុងរបាយការណ៍បូកសរុបលទ្ធផលរបស់ក្រសួងការងារប្រចាំឆ្នាំ២០១៦ ឲ្យដឹងថាបច្ចុប្បន្នពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសមានជាង ១,១៥លាននាក់ ដែលកំពុងធ្វើការនៅ ថៃ កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ក្នុងនោះជាង១លាននាក់ធ្វើការនៅប្រទេសថៃ។ ចំនូននេះនៅមិនទាន់រាប់បញ្ជូលជនជាតិខ្មែរដែលទៅរស់នៅក្រៅប្រទេសដែលពុំមែនជាពលករចំណាកស្រុកនៅឡើយទេ៕