លោក ហ៊ុន សែន រក​អ្នកភ្នាល់ «១ស៊ី១០០» ករណីរំលាយបក្សសង្គ្រោះជាតិ

នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសរកអ្នកភ្នាល់គ្នា ជាមួយលោក​ ដោយថា១សងត្រលប់វិញ​១០០ ករណីរំលាយគណបក្សសង្គ្រោះជាតិ​ ខណៈតុលាការកំពូលនឹងបើកសវនាការលើករណីនេះ នៅថ្ងៃទី១៦​ខែវិច្ឆិកាខាងមុខនេះ។​

នៅក្នុងពិធីជួបជាមួយកម្មករ នៅតំបន់ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃនេះ លោក​នាយ​ក​រដ្ឋមន្ត្រីថ្លែងថា អ្នកនៅតាមហាងកាហ្វេកំពុងតែភ្នាល់គ្នា ករណីរំលាយគណ​បក្សសង្គ្រោះ​ជាតិ​​។ លោក​បន្តថា លោកហ៊ានភ្នាល់គ្នា ១សងវិញ​១០០ បើសិនជាមិនរំលាយ ឲ្យទៅយកលុយ​ពីលោក​។​

លោកថ្លែងថា «ខ្ញុំបានអំពាវនាវថា អ្នកទំាងឡាយ ខ្ញុំចង់ផ្តល់ឱកាសឲ្យបន្តធ្វើជាមេឃុំ ចៅសង្កាត់ ឬក៏ជំទប់ ឬក៏ក្រុមប្រឹក្សាបន្តទៅទៀត គេថាអត់ទេ អត់មានរំលាយ[គណបក្ស]ទេ ឥឡូវចាក់ភ្នាល់ បើអត់រំលាយស៊ីតែ១ទេ បើអត់រំលាយសង១០០ អ្នកណាចាញ់មកទារពីខ្ញុំ»។

តំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិលោក ម៉ៅ មុនីវណ្ណ យល់​ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុង​ព្យាយាម​​បំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ តាមរយៈការអំពាវនាវឲ្យសមាជិកគណ​បក្ស​​​​​​​ប្រ​ឆំាង​ចុះ​ចូល​ជាមួយគណបក្សកាន់អំណាច។

ទោះជាយ៉ាងណា លោកថា ដំណាក់កាលនេះ អ្នកនយោបាយគួរតែយកបញ្ហា​ជាតិដាក់លើតុក​ជជែក​គ្នារក​ដំណោះស្រាយ ជាជាងយកបញ្ហាជាតិភ្នាល់គ្នា​បែបនេះ។

លោកនិយាយថា៖ «បើសិនជារំលាយគណបក្សសង្គ្រោះជាតិ​ តើស្ថានការណ៍ វានិងវិវត្តន៍ទៅរកអី? វាទៅរក​ទសវត្សទី៨០វិញ វាធ្វើឲ្យខាត​ប្រយោជន៍ប្រជាពលរដ្ឋខ្មែរយើងច្រើន ដូច្នេះអ្នកនយោបាយ​ ខ្ញុំយល់ថា គួរតែមក​រក​​ចំណុច​ណាមួយ ដែលជាដំណោះស្រាយ ដើម្បីដោះស្រាយ​ជូនជាតិមាតុភូមិរបស់​យើង​វិញ​ វា​ប្រសើរ​ជាង​​»។

នាយកប្រតិបត្តិអង្គការ​ណិចហ្វិចលោក សំ គន្ធាមី មានប្រសាសន៍ថា ការលើកឡើងរបស់លោក ហ៊ុន សែន មុនតុលាការកំពូលកាត់សេចក្តីបែបនេះ មិនមានអ្វីចំឡែកទេ។ ប៉ុន្តែ​លោកថា បើតុលាការ​កំពូល​សម្រេច​​រំលាយគណបក្សសង្គ្រោះជាតិ​តាមការចង់បានរបស់លោក ហ៊ុន សែន មែន នឹងធ្វើ​ឲ្យប៉ះពាល់​ដល់​ដំណើរការលិទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចជាតិជាដើម។

លោកមានប្រសាសន៍ថា «ប៉ះពាល់ដល់ប្រជាធិបតេយ្យ ប៉ះពាល់​ដល់ការអភិវឌ្ឍន៍ ហើយបញ្ហាជាតិច្រើន ណាស់​ ព្រោះរឿង​ប្រទេសជាតិដែលដោះស្រាយ រឿងព្រំដែន បោះបង្គោល​ទំាងអស់ច្រើនណាស់​ ហើយ​បញ្ហា​​អភិវឌ្ឍន៍ទៀត អាច​សេដ្ឋកិច្ចទៀត បើសិនជាមានបញ្ហាអីគេផ្តាច់ជំនួយកូដតា សេដ្ឋកិច្ច​នាំចេញ​ទៅ​អឺរ៉ុប​…វាប៉ះពាល់ច្រើនណាស់​ដល់​ផលប្រយោជន៍ជាតិ ជាពិសេសអ្នករងគ្រោះប្រជាពលរដ្ឋ​តែម្តង​​»។

នៅថ្ងៃទី១៦ខែវិច្ឆិកាខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការ តាមបណ្តឹងរបស់ក្រសួង​មហាផ្ទៃដែល​ប្តឹង​សុំ​ឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ ជុំវិញករណីនេះ គណបក្សសង្គ្រោះជាតិ ថា ​មិនបានដាក់ឯកសារ​តតាំង​​ក្តីនៅ​តុលាការនោះទេ ដោយបញ្ជាក់ថា នេះជារឿងនយោបាយ និងចាំដោះស្រាយតាមផ្លូវនយោបាយ។

សហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាចខាងលោកសេរី បានថ្កោលទោសជាបន្តបន្ទាប់ ជុំវិញការឃុំខ្លួនមេបក្សប្រឆាំង និងការប៉ុនប៉ង រំលាយគណបក្សនេះ ហើយពួកគេព្រមានពីហានិភ័យនានា នៃការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ ភាគីរដ្ឋាភិបាល ជាញឹកញ៉ាប់ ហៅសកម្មភាពទាំងនោះ គឺគ្រាន់ជាការអនុវត្តច្បាប់តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ