មន្ត្រី​បក្ស​ប្រឆាំង​​អះ​អាង​ថា ទោះមិន​ចុះ​ហត្ថលេខា តែ​គាំ​ទ្រ​ឲ្យ​ដោះ​លែង​មេ​បក្ស​ខ្លួន

អនុប្រធា​ន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ប៉ុល ហំម

មេដឹកនាំ​ជាន់​ខ្ពស់​មួយ​រូប​របស់​បក្ស​ប្រឆាំង បាន​អះ​អាង​នៅ​ថ្ងៃ​នេះថា លោក​គាំ​ទ្រ​ការ​ទាមទារ​ឲ្យ​ដោះ​លែង​មេបក្ស​កំពុង​ជាប់​ឃុំ បើ​ទោះបី​ជា​លោក​មិន​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ម្សិល​មិញ​ក៏​ដោយ។

គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​សេចក្ដី​ថ្លែការណ៍​មួយ ដែល​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ឃាំង ក្រោម​ការ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។

សេចក្ដី​ថ្លែងការណ៍​នោះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រុម​តំណាង​រាស្ត្រ​ជាង ៤០ របស់​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​តំណាងរាស្ត្រ​ដទៃ​ទៀត មិន​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​នោះ​ទេ ដែល​នាំ​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា ក្រុមមន្ត្រីបក្ស​ប្រឆំាង​ទំនង​ជាបែក​បាក់​ផ្ទៃក្នុង​។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម តំណាង​រាស្ត្រ​ម្នាក់​ដែល​មិន​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​នោះ បានប្រាប់ VOD នៅថ្ងៃទី៩ ខែវិច្ឆិកានេះថា លោក​គាំ​ទ្រ​នៅ​តែ​គាំ​ទ្រ​សេចក្ដី​ថ្លែងការណ៍​នោះ​ដដែល បើទោះបី​ជា​មិន​មាន​ហត្ថលេខារបស់​លោក​ក៏​ដោយ។

លោក​បញ្ជាក់​ថា ឈ្មោះ​របស់​លោក​មាន​រួច​ជា​ស្រេច​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ ដែល​នាំ​ឲ្យ​រូប​លោក​មិន​ចាំ​បាច់​ចុះ​ហត្ថលេខា​បន្ថែម​ទៀត​នោះ​ទេ។

ក្រុមតំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ បានចេញសេចក្តី​ថ្លែងការណ៍ទាមទារឲ្យមានការដោះលែងលោក កឹម សុខា និង​​អ្នកទោស​នយោបាយ​ទំាង​អស់ រួមទំាងសកម្មជនដីធ្លី សកម្មជនបរិស្ថាន ​និង​អំពាវ​នាវ​ឲ្យ​អ្ន​ក​គាំទ្រ​ និង​សមាជិកខ្លួន​ឲ្យ​​រក្សា​ជំហ​រស្មោះ​ត្រង់​នឹង​បក្ស កុំ​ជឿ​តាម​ការ​ឃោសនា​របស់​បក្សផ្សេង ដោយ​ថា ដរាប​ណា​សមាជិក​របស់​ខ្លួន​នៅ​មាន​ជំហររឹង​មាំ នឹង​អាច​ធ្វើ​ឲ្យ​ស្ថាន​ការ​ធូរ​ស្រាល​ឡើង​វិញ ជា​ដើមនោះ។

នៅពេលសួរថា ហេតុអ្វី​តំណាង​រាស្ត្រជាង ១០រូបផ្សេងទៀត មិនបាន​ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍​នោះ​​ លោក​​ ប៉ុល ហំ បង្វែរសំនួរនេះឲ្យទៅសួរប្រធានក្រុមតំណាង​រាស្ត្រគនបក្សសង្គ្រោះជាតិ លោក សុន ឆ័យ វិញ។ ប៉ុន្តែ​ ទូរ​សព្ទ​ចូលច្រើនដង ​មិនមានអ្នកទទួល។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល បានឲ្យដឹងថា ក្រុម​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ​ មាន​ជឿ​ថា ​ដរាប​ណា​ជំ​ហរ​​របស់​សមាជិក​ខ្លួន​នៅ​តែ​រឹង​មាំ​នោះ ស្ថាន​ការ​នយោ​បា​យ​​នឹង​ធូរស្រាល​ឡើង​វិញ បន្ទាប់​ពី​មាន​អន្តរា​គមន៍​​ពី​សហគមន៍​អន្តរជាតិ។

បក្ស​ប្រឆាំង​ចេញ​សេចក្ដី​ថ្លែងការណ៍​បែប​នេះ ខណៈ​តុលាការកំពូលនឹង​​បើក​សវនាការជុំវិញ​បណ្តឹងមេធាវីក្រសួងមហាផ្ទៃ ដែលស្នើសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ​ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ