តុលាការបានសម្រេចឲ្យឃុំខ្លួនបណ្ណោះអាសន្នអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប នៅស្នងការនគរបាលរាជធានីភ្នំពេញបន្តទៀត ដើម្បីរង់ចាំសាកសួរនៅថ្ងៃស្អែក។
នៅរសៀលថ្ងៃសុក្រនេះ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូបគឺ លោក អួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអោយព្រះរាជអាជ្ញាបន្ដការសាកសួរស្វែងរកបទចោទ។ តែនៅវេលាម៉ោងជាង៥ល្ងាចនេះ តុលាការបានផ្អាកការសាកសួរ ហើយបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅស្នងការនគរបាលរាជធានីភ្នំពេញវិញ ដើម្បីរងចាំការសាកសួរបន្ដទៀតនៅថ្ងៃស្អែក។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះសំណាក់មួយនៅក្នុងខណ្ឌមានជ័យ ដោយសមត្ថកិច្ចចោទថា បានលួចផលិតព័ត៌មានពីប្រទេសកម្ពុជា ផ្ញើទៅឲ្យវិទ្យុអាស៊ីសេរី នៅសហរដ្ឋអាមេរិក។
វិទ្យុអាស៊ីសេរីបានបិទការិយាល័យរបស់ខ្លួននៅកម្ពុជាកាលពីខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីមានបញ្ហាប្រឈមមួយចំនួនជាមួយរដ្ឋាភិបាល។ ក្រោយការបិទការិល័យនេះ ក្រសួងព័ត៌មានកម្ពុជាបានប្រកាសចាត់វិធានការបើសិនជាបុគ្គលិកអាស៊ីសេរីនៅតែបន្តចុះយកព័ត៌មានទៀតនោះ៕