ចិន​ស្នើ​នូវ​ដំណោះ​ស្រាយ​៣​ជំហ៊ាន​សម្រាប់​វិបត្តិ​រ៉ូហ៊ីងយ៉ា

ខណៈ​ដែល​វិបត្តិ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​នោះ ប្រទេស​ចិន​នៅ​ថ្ងៃ​នេះ​បាន​ស្នើ​ឡើង​នូវ​ផែនការ ៣​ជំហ៊ាន សម្រាប់​វិបត្តិ​សិទ្ធិ​មនុស្ស​មួយ​នេះ ដែល​ជំហ៊ាន​ដំបូង​នោះ គឺ​បទ​ឈប់​បាញ់​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ភូមា និង​បង់ក្លាដែស។ នេះ​ដោយយោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ Reuters។

បើ​តាម​ Reuters ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា​ជាង ៦០​ម៉ឺន​នាក់​ហើយ បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដែស​ចាប់​តាំង​ពី​ចុង​ខែ​សីហា​មក ដោយសារ​តែ​ប្រតិបត្តិការ​បោស​សម្អាត​​ពី​សំណាក់​កង​ទ័ព​ភូមា នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន។ ការ​រំលោភ​បំពាន​ទៅ​លើ​សហគមន៍​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា បាន​ជំរុញ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ។

ខណៈ​ពេល​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋ​ធានី​ណៃពិដោរ រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​ថ្លែង​ថា ចិន​ជឿ​ថា បញ្ហា​នេះ​អាច​ត្រូវ​ដោះ​ស្រាយ​បាន​តាម​រយៈ​ដំណោះ​ស្រាយ​មួយ​ដែល​ភូមា​ និង​បង់ក្លាដែស​អាច​ទទួល​យក​បាន​តាម​រយៈ​ការ​ពិភាក្សា​គ្នា។

ប្រមុខ​កាទូត​ចិន​រូប​នេះ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​លើ​វេបសាយ​ក្រសួង​ការបរទេស​ចិន​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ ដែល​បាន​និយាយ​ថា បទ​ឈប់​បាញ់​មួយ គួរ​តែ​កើត​ចេញ​ពី​កិច្ចសន្ទនា​ទ្វេភាគី ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​អាច​ដំណើរការ​បាន។ ជំហ៊ាន​ទី ២ និង​ទី ៣ គួរ​តែ​ធ្វើការ​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​រយៈ​ពេល​យូរ​អង្វែង។

ទោះជាយ៉ាងណា លោក វ៉ាង ថ្លែង​ថា បទ​ឈប់​បាញ់​គ្នា បាន​កើត​ឡើង​នៅ​នឹង​កន្លែង​រួច​ហើយ ហើយ​វា​បាន​បង្ការ​កុំ​ឲ្យ​អំពើ​ហិង្សា​ឆាប​ឆេះ​ឡើង​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ