សភាថាត្រៀមតែង​តាំង​សមាជិក​ គ.ជ.ប.ថ្មី ខណៈ​សមាជិក​កូតា​​បក្សប្រឆំាងសុំលាលែង​​

ស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋសភាបានឲ្យដឹង​ថា ស្ថាប័នកំពូលនេះកំពុង​ត្រៀមជ្រើសរើសក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បន្ទាប់​ពី​សមាជិក​ គ.ជ.ប. ៣​រូប​កូតា​គណបក្ស​ប្រឆាំង បាន​ស្នើ​សុំ​លាលែង​ពី​តួនាទី ក្រោយ​ការ​រំលាយ​បក្ស​ប្រឆាំង។

អនុ​ប្រធាន​ គ.ជ.ប. លោក គួយ ប៊ុនរឿន និង​សមាជិក​ គ.ជ.ប. លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង ដែល​ត្រូវ​បាន​ជ្រើស​រើសដោយ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ដឹកនាំ​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​ចាប់​តាំង​ពី​​ឆ្នាំ​២០១៤​នោះ បានដាក់​ពាក្យ​លាលែង​ពី​តំណែង​​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ម្សិល​មិញនេះ។

មេដឹកនាំ​ គ.ជ.ប.ទាំង ៣​រូប បាន​លើក​ឡើងនៅ​ក្នុង​លិខិត​ស្នើ​សុំ​លា​លែង​ពី​តំណែង​នោះ​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បែង​ចែក​អាសនៈ​ជាប់​ឆ្នោត​របស់​បក្ស​នេះ​ទៅ​ឲ្យ​បក្ស​ផ្សេង​ទៀត ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​នោះ គឺ​ជា​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ ច្បាប់​បោះ​ឆ្នោត បទ​បញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត ព្រម​ទាំង​បាន​រំលោភ​លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។

ការ​លា​លែង​ពី​តំណែង​របស់​មេដឹកនាំ គ.ជ.ប. ទាំង ៣​រូប​នេះ បាន​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​អំពី​ដំណើរការ​នា​ពេល​អនាគត​របស់​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ ដែល​ត្រូវ​បាន​កែទម្រង់​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស់​នៅ​ឆ្នាំ​២០១៣​កន្លង​មក​នោះ។

អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់ VOD នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា រដ្ឋសភាបា​ន​ទទួល​​​លិខិតពីសមាជិក គ.ជ.ប. បីរូបដែលសុំលាលែងពីតំណែងកាលពីថ្ងៃចន្ទម្សិលមិញ ដោយថា​ នៅ​ក្នុង​សង្គម​ប្រជា​​ធិប​តេយ្យ ការសុំលាលែងពីតួនាទី គឺ​ជាសិទ្ធិរបស់បុគ្គល។

លោក ឡេង ប៉េងឡុង បាន​អះ​អាង​ថា គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​​​​នៃរដ្ឋសភា បានពិនិត្យសំណើរនោះរួចហើយ​ ហើយ​ថា ​រដ្ឋសភាកំពុង​​ត្រៀម​ជ្រើស​​រើសសមាជិក គ.ជ.​ប.ថ្មី ​សម្រាប់​ជំ​នួសអ្នកទំាងបីរូបនោះ មិនឲ្យផុតពីកន្លះខែនោះទេ។

លោកមាន​ប្រសាសន៍ថា៖ «យើងកំពុងធ្វើ យើងកំពុងដំណើរការជ្រើសរើសអ្នកជំនួស[សមាជិក គ.ជ.ប បីរូប] បើតាមច្បាប់ប្រហែល១៥ថ្ងៃ»។

ទោះជាយ៉ាងណា មន្ត្រីច្បាប់ និង​អង្កេតនៃ​អង្គការ​ខុមហ្វ្រែល​ លោក យឿង​ សុធារ៉ា បានពន្យល់​ថា​ តាមនីតិវិធីច្បាប់ មុននឹងសភាស្នើសុំទៅ គ.ជ.ប. បែងចែកអាសនៈ​របស់​គណបក្សសង្គ្រោះជាតិ ទៅ​ឲ្យ​គណ​បក្ស​នយោបាយដែលមិន​ជាប់ឆ្នោតចំនួន ៦នោះបាន លុះត្រាតែ គ.ជ.ប. មាន​សមាសភាព ៩រូប ដើម្បី​ប្រជុំ​សម្រេច​លើរបៀបវារៈផ្សេងៗ ជាមួយ​សំឡេង ៥០ បូក ១ បាន​ បើ​ទោះ​បី​អវត្ត​មាន​សមាជិក​បីរូបក៏ដោយ​។

ផ្ទុយទៅវិញ លោក សុធារ៉ា បញ្ជាក់ថា ករណី គ.ជ.ប. បច្ចុប្បន្ននេះ មានតែសមាសភាព​ ៦រូប ខណៈ​ ៣រូប​ទៀត​សុំលាលែងពីតំណែង លោកថា តាមច្បាប់ គ.ជ.ប. ខ្វះភាពស្របច្បាប់ និងមិនអាច​ប្រជុំបែង​ចែក​អាសនៈ​បក្ស​ប្រឆំាងទៅឲ្យបក្សផ្សេងបាននោះទេ។

លោកពន្យល់ថា៖ «គ.ជ.ប. ត្រូវតែមានសមាភាព ៩រូប ឲ្យពេញសមាសភាព គ.ជ.ប. ជាសមាសភាពរបស់ គ.ជ.ប. ពេញលេញ ហើយការអនុម័តសម្រេចទៅលើកិច្ចប្រជុំណាមួយ ទោះបីជាមានត្រឹមតែ ៥០ បូក ១ ក៏ គ.ជ.ប. អាចធ្វើបាន អវត្តមានសមាជិក ២ ឬ ៣នាក់ក៏អាចធ្វើបាន ប៉ុន្តែ មិនមែនបាត់បង់សមាជិកភាពទេ តាមការយល់ឃើញរបស់ខ្ញុំ គឺកាលៈទេសៈនេះ គ.ជ.ប. នៅខ្វះភាពស្របច្បាប់ដោយសាសមាជិករបស់ខ្លួន បានលាលែង»។

លោក ហ៊ីង ធីឫទ្ធិ ​គឺ​ជា​សមាជិក​មួយ​រូប​ទៀត​នៃ​ថ្នាក់​ដឹកនាំ គ.ជ.ប. ដែល​ជ្រើស​រើស​ដោយ​គណបក្ស​ប្រឆាំង​នោះ ប៉ុន្តែ ឈ្មោះ​លោក​ពុំ​មាន​នៅ​ក្នុង​លិខិត​ស្នើ​សុំ​លា​លែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នោះ​ឡើយ។

គ.ជ.ប. បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ថា អាសនៈ​សភា​ចំនួន ៥៥​របស់​បក្ស​ប្រឆាំង នឹង​ត្រូវ​បែង​ចែក​ទៅ​គណបក្ស​ចំនួន ៦ ដែល​ពុំ​ទទួល​បាន​អាសនៈ​សភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក។

សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ដោយ​ថា​ ប្រទេស​នេះ​បាន​ឃ្លាត​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ ក្រោយ​ពី​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ