ក្នុងពិធីចុះសួរសុខទុក្ខក្មេងៗក្រីក្រនៅក្នុងសហគមន៍ក្រីក្រនៅក្បែរគំនរសំរាមស្ទឹងមានជ័យ ម្ចាស់មកុដមកពីប្រទេសប្រេស៊ីល Miss Global International 2017 បានអះអាងថាកញ្ញានឹងស្នើអោយពិភពលោកកាន់តែមានការចាប់អារម្មណ៍ពីកុមារក្រីក្រនៅកម្ពុជាអោយកាន់តែច្រើន ដោយសារតែក្រោយពីបានឃើញដោយផ្ទាល់
គឺកញ្ញាមានការចាប់អារម្មណ៍ថាក្មេងៗក្រីក្រនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺក្មេងដែលជាអតីតរស់នៅលើគំនរសំរាមស្ថិតក្នុងសភាពខ្វះមុខខ្វះក្រោយនៅឡើយដែលមិនគួរនឹងមើលរំលង។
កញ្ញាក៏នឹងប្រកាសថានឹងធ្វើអោយជាទូតសុឆន្ទៈតំណាងអោយអង្គការដែលមានការផ្គត់ផ្គង់ដល់កុមារកម្ពុជា ប្រសិនបើមានតម្រូវការ បើទោះជានាងនឹងត្រូវចាកចេញពីកម្ពុជា ហើយជាប់បំពេញភារកិច្ចនៅក្នុងប្រទេសផ្សេងតាមការចាត់ចែងរបស់គណៈកម្មការ Miss Global International។
កញ្ញានិយាយថា ក្នុងនាមជា Miss Global International ឆ្នាំ២០១៧ កញ្ញានឹងប្រើតួនាទីរបស់ខ្លួនរួមចំណែកជួយដល់ក្មេងៗក្រីក្រនៅកម្ពុជាអោយអស់ពីលទ្ធភាព ដោយកញ្ញាថាបើមានតម្រូវអោយនាងដើរតួជាអ្នកស្វែងរកមូលនិធិជួយដល់កុមារក្រីក្រនៅកម្ពុជា ក៏កញ្ញានឹងពេញចិត្តធ្វើនោះដែរ។
កញ្ញាថាក្មេងៗក្រីក្រីនៅក្នុងប្រទេសកម្ពុជាគួរតែត្រូវបានលើកទឹកចិត្តអោយកាន់តែច្រើនថែមទៀត ដោយមិនគួរមានការមើលរំលងនោះទេ ដោយសារតែក្មេងភាគច្រើននៅត្រូវការកម្លាំងចិត្តច្រើនណាស់ទាំងជំនួយផ្នែកស្នារតី
និងជំនួយជាថវិកាដើម្បីពង្រឹងជីវិតរស់នៅរបស់ខ្លួន។
កញ្ញាថាក្រោយការប្រលងជាប់ជា Miss Global នៅក្នុងប្រទេសកម្ពុជាមានគម្រោងសប្បុរសធម៌ជាច្រើនបានស្នើអោយនាងចុះជួយ ដើម្បីអោយមានការចាប់អារម្មណ៍ ប៉ុន្តែកញ្ញាបានជ្រើសរើសជួបជាមួយក្មេងៗដែលជាអតីតអ្នករស់នៅលើគំរាមសំរាមមុនគេ ដោយសារតែនាងចង់ស្វែងយល់ដោយផ្ទាល់ថាជីវិតរស់នៅរបស់ក្មេងទាំងនេះមានភាពជាក់ស្ដែងកម្រិតណា។
កញ្ញាកាន់តែមានអារម្មណ៍ក្ដុកក្ដួលនៅពេលដែលបានដឹងថាភាគច្រើននៃក្មេងៗទាំងអស់ដែលរស់នៅទីនោះ គឺមិនមានសូម្បីតែផ្ទះសំបែងក្នុងពេលដែលឪពុករបស់ម្ដាយរបស់ពួកគេក៏ទីទ័លក្រហើយតម្រូវអោយពួកគេឈប់រៀននិងដើររើសសំរាមទាំងវ័យក្មេងដើម្បីបានរួមចំណែកជួយដល់គ្រួសារ។
កញ្ញាថាយោងតាមការរៀបរាប់របស់ម្ចាស់អង្គការ បើគ្មានជំនួយពីសប្បុរសជននិងការផ្ដល់មូលនិធិទាំងក្នុង និងក្រៅប្រទេស គឺអង្គការលើកស្ទួយប្រជាពលរដ្ឋនៅអតីតតំបន់ចាក់សំរាមស្ទឹងមានជ័យ ពិតជាមិនអាចបានរួមចំណែកជួយអោយក្មេងៗនៅក្នុងសហគមន៍នោះអោយបានទទួលការសិក្សា និងបណ្ដុះបណ្ដាលជំនាញ ហើយបានរួចផុតពីភាពក្រីក្រនោះទេ។ នាងចាប់អារម្មណ៍ជាងគេនៅពេលបានដែលខាងអង្គការបានអះអាងថាគ្រួសារមួយចំនួន ដោយសារតែភាពក្រីក្រ គឺនៅតែបានដកកូនចេញមិនអោយទទួលយកសិក្សានៅក្នុងមណ្ឌល ហើយអោយបន្តទៅធ្វើការរកលុយដូចជាអោយដើររើសសំរាមដូចមុន។
កញ្ញាថានឹងជួយអំពាវនាវអោយមានការការចាប់អារម្មណ៍ជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់ឪពុកម្ដាយក្មេងៗអោយបានកាន់តែច្រើនជាងនេះ ទើបអាចអោយក្មេងដែលស្ថិតក្នុងវ័យសិក្សាមានឱកាសបានទទួលការសិក្សាបានកាន់តែច្រើន។
កញ្ញានឹងជំរុញអោយមានការបណ្ដុះជំនាញដល់គ្រួសារនៅក្នុងសហគមន៍អ្នករើសសំរាមនៅស្ទឹងមានជ័យអោយបានកាន់តែច្រើន ទើបអាចដោះបន្ទុករបស់គ្រួសារកុមារក្រីក្រ ហើយជួយអោយពួកគេអាចទទួលបាននូវការបណ្ដុះបណ្ដាលបានយូរអង្វែងដោយគ្មានការរំខាន។
កញ្ញាថាមានតែការផ្សព្វផ្សាយអោយបានដឹងពីស្ថានភាពរបស់កុមារក្រីក្រី និងសហគមន៍ក្រីក្រនៅកម្ពុជាប៉ុណ្ណោះទើបអាចអោយអង្គការដែលធ្វើការងារលើកិច្ចការនេះបានយូរអង្វែង ដើម្បីជាប្រយោជន៍ដល់កុមារកម្ពុជា។ កញ្ញាក៏ប្រកាសចូលចំណែកសម្រាប់បណ្ដាអង្គការនៅកម្ពុជាដែលចង់អោយកញ្ញាធ្វើការអំពា
វនាវទៅកាន់ពិភពលោក ដើម្បីអោយការចាប់អារម្មណ៍ផ្ដល់ជាជំនួយជាប្រយោជន៍កាន់តែច្រើនដល់កម្ពុជា។
កញ្ញាក៏មិនទាន់ដឹងថានឹងត្រូវចាកចេញពីប្រទេសកម្ពុជាអោយពិតប្រាកដនៅថ្ងៃណាដែរ ដោយសារតែខាងគណៈកម្មការ Miss Global នៅមានគម្រោងអោយធ្វើកិច្ចការសប្បុរសធម៌ក្នុងមួយរយៈពេលទៀត ដោយគ្រាន់តែមិនទាន់ដឹងថាបន្ទាប់ពីបញ្ចប់ជំនួបជាមួយអង្គការក្មេងកំព្រានៅតំបន់គំនរសំរាមស្ទឹងមានជ័យ តើនឹងមានការចាត់ចែងអោយនាងទៅណាទៀតនោះទេ។
កញ្ញាថាខ្លួនបានមកជួបក្មេងៗក្រោមការរៀបចំចាត់ចែងនិងរៀបចំផ្ដល់ជំនួយជាសម្ភារៈសិក្សា ថវិកា និងអាហារដោយក្រុមហ៊ុនទឹកសុទ្ធអេរ៉ូទិកសុទ្ធសាធ ទើបអាចអោយនាងមានលទ្ធផលបានទៅដល់តំបន់នោះ។ ដំណើរចុះទៅដល់របស់បរវកញ្ញាឯកពិភពលោក Miss Global 2017 កញ្ញា Barbara Vitorelli ជាជនជាតិប្រេស៊ីលនាថ្ងៃនោះ ក៏មានអមដំណើរដោយ កញ្ញា Miss Global 2015 ចំណាត់ថ្នាក់លេខ៣ គឺកញ្ញា Geri Donchera ជាជនជាតិប៊ុលហ្គារីផងដែរ ខណៈដែលអ្នកទាំងពីរបានផ្ដល់កម្លាំងចិត្ត និងផ្ដល់ភាពស្និទ្ធស្នាលដល់ក្មេងៗក្រីក្រក្នុងសហគមន៍អ្នករើសសំរាមនៅស្ទឹងមានជ័យ យ៉ាងច្រើន បន្ថែមពីលើការផ្ដល់ជូននូវ នំ សៀវភៅ ទឹកដោះគោ ប៊ិច បាយឆាយ៉ាងចូវក្នុងម្នាក់១ប្រអប់ និងទឹកប្រាក់ក្នុងម្នាក់២ម៉ឺនរៀល។
ម្ចាស់មកុដ Miss Global International បញ្ជាក់ថាកញ្ញារីករាយក្នុងការរួមចំណែកជួយដល់កុមារក្រីនៅកម្ពុជាហើយបើទោះជាកញ្ញាត្រូវបន្តកិច្ចការសប្បុរសធម៌ជាមួយបណ្ដាប្រទេសផ្សេងទៀតយ៉ាងណាក្ដី ក៏កញ្ញានឹងពេញចិត្តចែករំលែកក្ដីស្រឡាញ់ និងពេលវេលាជាប្រយោជន៍ដល់កុមារកម្ពុជាតាមការស្នើសុំនាពេលខាងមុខផងដែរ។
លោកស្រី វណ្ណ លុយ តំណាងក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ជាអ្នករៀបចំការជួបជុំដ៏ធំនោះ បានអះអាងថា គ្រាន់តែអាចដឹងថា Miss Global 2017 ជាជនជាតិប្រេស៊ីលពេញចិត្តមកជួបក្មេងនៅគំនរសំរាមស្ទឹងមានជ័យតាមការស្នើរបស់ក្រុមហ៊ុនលោកស្រី លោកស្រីក៏ចំណាយការរៀបចំពិធីចែកអំណោយដល់ក្មេងៗទាំងនោះភ្លាម
ដើម្បីផ្ដល់ឱកាសអោយក្មេងៗបានឃើញបរវកញ្ញាឯកពិភពលោករូបនេះដោយផ្ទាល់ និងដើម្បីអោយ Miss Global 2017 បានស្វែងយល់ពីស្ថានភាពរស់នៅរបស់កុមារកម្ពុជាហើយបានរួមចំណែកផ្សព្វផ្សាយ
ទៅកាន់ពិភពលោក៕