តុលាការអន្តរជាតិនៅទីក្រុងឡាអេកាលពីថ្ងៃពុធម្សិលមិញ បានប្រកាសសេចក្តីសម្រេចឲ្យអតីតមេបញ្ជាការកងទ័ពរបស់ប្រទេសបូស្នីឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធការប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង បទឧក្រិដ្ឋផ្សេងៗ១០ទៀត។
អតីតមេបញ្ជាការកងទ័ពរបស់ប្រទេសបូស្នី-ហឺសេហ្គោវីន លោក Ratko MIaldic ត្រូវគេឲ្យងារថា ជាស្តេចសង្គ្រាមរបស់ប្រទេសបូស្នីនោះត្រូវតុលាការចោទប្រកាន់ទាក់ទងនឹងការសម្លាប់រង្គាលនៅចន្លោះឆ្នាំ១៩៩២ដល់ឆ្នាំ ១៩៩៥។ លោកត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ដោយសារក្រោមបញ្ជារបស់លោកមានការសម្លាប់មនុស្សជាង១០ ០០០នាក់(ជាងមួយម៉ឺននាក់) ដែលក្នុងនោះមានអ្នកកាន់សាសនាឥស្លាម និងជនជាតិភាគតិច Croats ជាបុរសនិងក្មេងប្រុសជាង៨០០០នាក់។
ក្រៅពីបទឧក្រិដ្ឋប្រល័យពូជសាសន៍មានការចោទប្រកាន់លើបទឧក្រិដ្ឋផ្សេងទៀតមានដូចជា ការរំលោភផ្លូវភេទជាច្រើនករណីលើជនជាតិបូស្នីកាន់សាសនាឥស្លាមជាស្ត្រីនិងក្មេងស្រី ការឃុំឃាំងមនុស្សនៅកន្លែងរងទុក្ខវេទនា ការបណ្តេញអ្នកកាន់សាសនាឥស្លាម ចេញពីព្រះវិហារ និងដុតបំផ្លាញផ្ទះប្រជាពលរដ្ឋជាដើម។
តុលាការអន្តរជាតិនៅទីក្រុងឡាអេដែលបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងបំណងកាត់ទោសករណីបទឧក្រិដ្ឋធំៗនៅក្នុងប្រទេសបូស្នី (ICTY) ដែលតុលាការនេះមានទីតាំងនៅក្នុងទីក្រុងឡាអេប្រទេសហូឡង់។
លោក Ratko MIaldic វ័យ៧៤ បានស្រែកខ្លាំងៗរំខានដល់ប្រកាសសេចក្តីសម្រេចរបស់តុលាការកាលពីម្សិលមិញ ហើយចៅក្រមបានបញ្ជាឲ្យកម្លាំងសន្តិសុខនាំខ្លួនអតីតមេបញ្ជាការរូបនេះចេញពីបន្ទប់សវនាការដោយសារលោកមានការខឹងសម្បារ ហើយឡើងសម្ពាធឈាមយ៉ាងខ្លាំង។
ក្រុមគ្រួសារជនរងគ្រោះដែលតាមដានសវនាការបានសាទរចំពោះការសម្រេចនេះ ចំណែកអ្នកខ្លះទៀតចង់ឲ្យតុលាការកាត់ទោសប្រហារជីវិត។
ក្រោយសង្គ្រាមបានបញ្ជប់នៅឆ្នាំ១៩៩៥ មេបញ្ជាការឬគេហៅថា ជាស្តេចល្មោភសង្គ្រាម Ratko MIaldic បានលាក់ខ្លួនពីមហាជនទៅរស់នៅក្នុងសភាពមិនច្បាស់លាស់ជាមួយគ្រួសារ ដោយមានការការពារពីកម្លាំងប្រដាប់អាវុធខ្លះនៅក្នុងប្រទេសស៊ែប៊ី។ ជាចុងក្រោយត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះរបស់លោកនៅតំបន់ដាច់ស្រយាលមួយនៅភាគខាងជើងនៃប្រទេសស៊ែប៊ីកាលពីឆ្នាំ២០១១ បន្ទាប់ពីការរត់គេចខ្លួនរយៈពេល១៦ឆ្នាំ៕