សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយមកដល់កម្ពុជា ចំនួន២លានដុល្លាសម្រាប់អង្កេត និងដោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើតនៃប្រទេកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ត មានប្រសាសន៍ថា សហរដ្ឋអាមេរិក បានជួយដល់ការដោះមីនមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយក្នុងការដោះស្រាយកេរិ៍្តដំណែលនៃសង្គ្រោម។
លោកបន្តថា ការផ្តល់ថវិកាថ្មីនេះ គឺជាការបន្តនៃការបេ្តជ្ញាចិត្តជួយបោសសំអាតកាកសំណល់នៃសង្គ្រោមដើម្បីឲ្យផ្ទៃដីមានសុវត្តិភាពសម្រាប់ឲ្យប្រជាពលរដ្ឋកម្ពុជាធ្វើស្រែចំការ ផ្លូវ ពាណិជ្ជកម្ម និងសង់ផ្ទះជាដើម។
លោកបន្ថែមថា «យើងកំពុងរកមើលក្រុមអ្នកឯកទេសខ្មែរ និងក្រុមអ្នកឯកទេសអន្តរជាតិដើម្បីឲ្យមកជួយដោះយុទ្ធភណ្ឌ មិនទាន់ផ្ទុះនៅភាគខាងកើតនៃប្រទេសកម្ពុជា»។
ការប្រកាសផ្តល់ជំនួយរបស់អាមេរិកមកឲ្យកម្ពុជា សម្រាប់ការបោសសំអាតម៉ីនលើកនេះ គឺអាមេរិកមិនបានឲ្យផ្ទាល់ទៅ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដូចមុនទៀតនោះទេ គឺតម្រូវឲ្យភាគីពាក់ព័ន្ធដែលមានជំនាញ ឯកទេសដោះមីនទាំងអស់ ដាក់ពាក្យប្រគួតប្រជែង។
នៅព្រឹកនេះ វីអូឌី មិនអាចសុំការឆ្លើយតបពីអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានទេ ពាក់ព័ន្ធបញ្ហានេះ ដោយមន្រ្តីប្រាប់ថា លោក ហេង រតនា កំពុងជាប់រវល់ប្រជុំនៅខេត្តកំពង់ចាម។
សហរដ្ឋអាមេរិច អះអាងថា នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ខ្លួនបានចំណាយថវិកា១៣១លានដុល្លា សំរាប់គំរោងមនុស្សធម៌នៅកម្ពុជា ដើម្បីដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ដែលសល់ពីជំលោះផ្ទៃក្នុង និងជំលោះក្នុងតំបន់កាលពីសម័យសង្គ្រោម៕