តុលាការកំពូលលើកពេលប្រកាសសាលដីកាទៅខែក្រោយ លើករណីដែលចោទប្រជាសហគមន៍បឹងកក់៤នាក់ថាបានប្រើប្រាស់ហិង្សាទៅលើសន្តិសុខខណ្ឌដូនពេញកាលពី៦ឆ្នាំមុន។
ប្រជាសហគមន៍បឹងកក់បួនរូបរួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា អ្នកស្រី បូ ឆវី និងអ្នកស្រី ហេង មុំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចកាត់ទោសកំបាំងមុខកាលពីខែកញ្ញា ២០១៦ ដោយសម្រេចដាក់ពន្ធនាគារម្នាក់ៗ៦ខែ ពីបទប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ ក្នុងសំណុំរឿងកាលពីឆ្នាំ២០១១។ បន្ទាប់ពីសាលាដំបូងសម្រេចដូចនេះ ពួកគេទាំង៤នាក់បានសម្រេចប្តឹងសារទុក្ខទៅកាន់តុលាការជាន់ខ្ពស់ជាបន្តបន្ទាប់។
ក្នុងសវនាការតុលាការកំពូលនៅព្រឹកថ្ងៃទី២៤ វិច្ឆិកានេះ អ្នកស្រី ទេព វន្នី ដែលស្ថិតក្នុងសម្លៀកបំពាក់អ្នកទោសបានប្រាប់ទៅកាន់តុលាការកំពូលថា ការចោទប្រកាន់មកលើក្រុមអ្នកស្រី គឺអយុត្តិធម៌បំផុត ដោយថា ពួកគាត់ទៅវិញទេដែលរងនូវអំពើហិង្សាពីសន្តិសុខខណ្ឌនោះ។
បន្ទាប់ពីបើកសវនាការមួយព្រឹកនៅថ្ងៃនេះ ចៅក្រមប្រកាសថា សាលដីកានឹងប្រកាសនៅថ្ងៃទី៨ខែធ្នូខាងមុខ៕