លោកតា វ៉ិចទ័រ ប្រកាស​​​ផ្អាក នាយចឺម ពីក្រុម​កំប្លែង CTN ដោយគ្មាន​កំណត់

លោកតា​វ៉ិច​ទ័រ​​​ និងតារាកំប្លែង​នាយ​​​ចឺម (វង្ស សុម៉ាលីន)

មានការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង ​ក្នុងពេលដែលលោក​តា វ៉ិចទ័រ ​បាន​សម្រេច​ដក​​​​​តារា​​កំប្លែងល្បីល្បាញ​ នាយចឺម​​អោយ​​​​​​​ផ្អាកសម្ដែង​ក្នុងក្រុម​ចាប់តាំងពី​ពេលនេះទៅ ​ស្រប​គ្នាដែរទីផ្សារនិងប្រជាប្រិយភាពរបស់លោកកាន់តែស្ទុះ​ហើបខ្លាំង​ក្នុង​ចំណោមសមាជិករួមក្រុម។

​ប្រមាណជា​​ពីរ​ឆ្នាំចុងក្រោយ ​​​តារាកំប្លែង នាយចឺម ​ត្រូវគេកត់សម្គាល់ថា​មានសន្ទុះទាំងការសម្ដែងកុន ទាំង​​​​កំប្លែង និង​សំខាន់ជាង​គេ​​​​គឺ​អាជីពចម្រៀងតែម្ដង ដោយកម្រិត​​គាំទ្រចំពោះតារា​រូបនេះ​ ​គឺ​​​​បានឡើងកូដ​មិនធម្មតានៅ​​សាន់ដេ។ អ៊ីចឹ​​ងហើយទើប​ម្នាក់​​ៗមានការ​ភ្ញាក់​ផ្អើល​​ក្រោយពីមានការប្រកាស​ដោយផ្ទាល់មាត់ថា ​​ក្រុម​កំប្លែង CTN នឹង​លែងមាន​វត្តមានរបស់ ​​នាយ​​ចឺម ដែលជាសមាជិក​សំខាន់ម្នាក់​​​​បន្តការងារ​ ​ដោយ​​ការ​ផ្អាក​នោះក៏​មិន​​​​​​កំណត់​ថា​​​យូរ​កម្រិតណានោះផង។

ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់​​​ ​លោក ​​សុវណ្ណ រិទ្ធី ហៅ​លោកតាវ៉ិចទ័រ ​អ្នកដឹកនាំក្រុមកំប្លែង CBS របស់ CTN បានអះអាងថា​​លោកពិតជាសម្រេច​​ផ្អាកតារា​កំប្លែង​​​ នាយចឺម ​អោយសម្ដែងក្នុងក្រុមដែលលោក​​ដឹកនាំប្រាកដ​មែន
ដោយសារតែលោកយល់ថា​​ នាយចឺម ​​​​កាន់តែមាន​​​សន្ទុះ​ល្អក្នុងនាមជាតារាចមៀង​យុវ័យ​​នៅក្នុងផលិតកម្មសាន់ដេរ ហើយមិន​​​​​សម​នឹង​មកកំប្លែង​​ធ្វើឆ្កួត​ធ្វើជា​​ក្នុងក្រុម​ដូចមុន។

លោកថា​​​​​​កាលពីមុន នាយចឺម ​គឺគ្រាន់តែជាតារា​កំប្លែងប៉ុណ្ណោះ ​ប៉ុន្តែ​ពេលនេះ​លោកជា​តារាចម្រៀង​មួយរូបដែលមានអ្នកគាំទ្រមិនចាញ់តារា​​​​​​ល្បីឈ្មោះមួយចំនួននោះទេ ទើប​លោក​យល់ថា​​បើនៅតែបន្ត​​​​​អោយ នាយចឺម​​​​​​សម្ដែងកំប្លែង​​​​ក្នុង​ក្រុម​បន្តទៀត គឺមិនខុសពី​​​​​​​ទាញទម្លាក់របស់គេ​​អោយ​​​​​មានការ​​​​​​បាក់ស្រុតទៅវិញ។

លោក​ថា​ហេតុផលដែលលោក​​​​សម្រេច​ផ្អាក​ការងារ​​របស់ នាយចឺម ​​គឺ​មិនមែនជា​រឿងអន់ចិត្ត ឬ​​​​​​​​ចង់អោយ​លោកបាត់បង់ការងារដែលធ្លាប់បំពេញនោះទេ ប៉ុន្តែគោលដៅ​សំខាន់គឺចង់អោយគេ​មានទីផ្សារ​ឈានឡើង​​​ក្នុងនាមជាតារា​ចម្រៀង​​យុវវ័យអោយបានល្អប្រសើរទៅវិញ។ លោកបានប្រដូចថា​នាយចឺម​គឺជាកូនទាហ៊ានមួយរូប
ដែល​​កាន់​កាំភ្លើងធ្វើកូនទាហាន​លែងសមដូច​មុន ហើយគួរតែ​​​​​​ទទួលយកតំណែង​មួយថ្មី គឺគ្រប់​​គ្រង​កូនទាហាន​​​​ដើម្បី​អោយសម​​នឹង​ការ​លើកស្ទួយរបស់ផលិតកម្ម​សាន់ដេ។

​លោកនៅតែអះអាងថានឹង​ជួយជំរុញ​ នាយចឺម ​អោយកាន់តែមានការ​ឈានឡើង ​ដើម្បី​អោយ​​ប្រែក្លាយជា​តារា​មួយរូប​​​អោយទៅ​ជា​តារា​​​​​​​​​យុវវ័យដែល​​​​​លែងជាតារាកំប្លែង​​ដូចមុន។ ​ការលើកឡើងរបស់លោកបានធ្វើអោយ​​​​ម្នាក់​​ៗយល់នោះជា​​​​​​ជួយ​ជ្រោងអោយ​​​តារា​​ចម្រៀង នាយ​ចឺម​​ ​​​កុំមានទីផ្សារ​​​​​​​​​​​​​ឆាប់សាំ​​​ព្រោះតែកំប្លែងចេញមុខ​​រាល់​​​​ចុងសប្ដាហ៍ ​​តែក៏ត្រូវ​​អ្នកខ្លះ​​សង្ស័យថា​​​កើតឡើងពីការអន់ចិត្ត​​​​​​​ ឬមាន​​​​អ្នក​ណា​​​​​​​​​ធ្វើទុក្ខ​បុកម្នេញ​​​​ក្រោយពី​តារា​កំប្លែង នាយចឺម​ ចាប់​ផ្ដើម​ឡើងកូដនោះដែរ។

ឆ្លើយ​តប​នឹងករណីនេះ ​លោកតា វ៉ិចទ័រ​​ បានអះអាងថាអត់មាន​រឿងរ៉ាវអន់ចិត្ត និង​​មានអ្នក​​ណា​​មកចាក់រុក​លោកធ្វើទុក្ខបុកម្នេញ​ចំពោះ​​​នាយចឺម​នោះទេ ដោយលោក​បានទាំង​លើកសរសើរថា នាយចឺម គឺជាក្មេងល្អ ​ចេះស្គាល់ទាបខ្ពស់ និង​ចេះដឹង​គុណ​ ​​​​ដោយមិនភ្លេចកំណើតដើមនោះផង។ លោកថា​ហេតុផល​ដក​​ចេញ​ នៅតែស្ថិតនៅក្នុងយុត្តិសាស្រ្តដែល​លោកចង់អោយ នាយចឺម​ មានការ​ចាប់អារម្មណ៍​ជាងមុន ហើយ​កុំអោយ​​​​ប៉ះពាល់ការងារ​​ជាតារា​ចម្រៀងរបស់គេដែល​​កាន់តែមាន​ការឈានឡើង។ ​​​​​

​​​កាលពីល្ងាចថ្ងៃទី​​​​២៧ ​វិច្ឆិកា នាយចឺម បាន​​​​​​​ធ្វើពិធី​សុំទោស​ចំពោះ​​ លោក​តា​វ៉ិចទ័រ ក្រោយទទួល​​​​​​​​​​​​សំណេរ​ប្រាប់អោយលោក​​ឈប់​​​​​​សម្ដែងកំប្លែងក្នុងក្រុមដោយលោកបានលើកទ័ព​មួយគ្រួសារ​ពីខេត្តកំពង់ស្ពឺ ​ដើម្បីសុំទោស​​​លោក​តាដែលជាឪពុក​ទី​២នោះផង​។ ​នាយចឺម ​​និយាយថា ​លោកមិនបានដឹង​​​​ខ្លួនមានកំហុស​ឬគ្មានកំហុសនោះទេ ប៉ុន្តែ​​​​ក្រោយការ​ទទួល​​សារ​របស់ លោក​វ៉ិចទរ័រ អោយ​លោកផ្អាក​កំប្លែង ​លោកក៏បាន​​​គិត​ភ្លាម​ថា​ត្រូវតែ​​​ធ្វើ​ពិធី​សុំទោស​លោក​​​តា ដោយ​បាន​​​ដឹកនាំ​បង​ប្អូន​​​​យក​កាដូរ និង​​​ថវិកាមួយចំនួន​​​មកជូន ​លោកតា​វ៉ិចទ័រ ដោយមិន​អោយលោក​តាវ៉ិចទ័រ​​​ដល់ផ្ទះ នៅបុរី​​ពិភព​ឫស្សីកែវ ​​ដោយ​បានទាំងធ្វើអោយ​ លោក​តា​វ៉ិចទ័រ រំភើប​ចិត្តចង់ស្រក់ទឹកភ្នែក​។

លោកបាននិយាយដោយផ្ទាល់​​មាត់ហេតុផលដែល​លោក​សម្រេច​​ចិត្ត​ដឹកនាំ​គ្រួសាររួមមានបង​​ប្អូនមាមីងនិង​លោកយាយ​ជាដើម​ ធ្វើដំណើរមកតាំង​ពីខេត្តកំពង់​ស្ពឺ​​​​​មក​​ជូនការដូ​ដល់លោកតា គឺ​​​ដោយសារតែលោកយល់​ថាខ្លួនអាច​នឹង​មានកំហុសណាមួយ​​​ធ្វើអោយលោកតា​វ៉ិចទ័រ មិនពេញ​ចិត្ត ទើប​នាំអោយ​ដកលោកចេញពីក្រុម​​​​តាមរយៈការ​ផ្ញើរ​​អោយ​​លោកផ្អាក​សម្ដែង​។ លោកបាន​​​​​និយាយ​សុំទោស ​​​​​​​លោកតាវ៉ិចទ័រ ក្នុងពេលជូនកាដូ
​​​​ដោយ​លោកតា​វ៉ិច​ទ័រ បានអះអាងថា​លោកអត់មានការអន់​ចិត្តណាមួយចំពោះ​ នាយចឺម នោះទេ ប៉ុន្តែហេតុ​ផលដែល​លោក​សម្រេច​អោយផ្អាកសម្ដែងគឺគ្រាន់តែមិនចង់អោយ​​ប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ នាយចឺម​ប៉ុណ្ណោះ។ ​​​លោក​​តាវ៉ិចទ័របន្តថា លោកចាត់ទុកនាយចឺម​​មិនខុសពីកូនប្រុសម្នាក់ ដូច្នេះ​បើ​លោកមានរឿង​មិនពេញ​ចិត្តរឿងអ្វី គឺប្រាកដ​ជា​ហៅ​មកនិយាយដោយត្រង់ ប៉ុន្តែ​​​ហេតុផលដែលលោក​​សម្រេច​ចិត្ត​​ប្រាប់អោយ​គេផ្អាកសម្ដែងក្នុងក្រុម គឺដោយសារតែ​​​ចង់អោយ​​​​​​​កាន់តែមានក្រេឌីត​នៅក្នុងវិស័យចម្រៀងប៉ុណ្ណោះ។

​លោកថា​នាយ​ចឺម មិនអាច​​​​​យកមក​​សម្ដែង​ដោះអាវ​លើ​ឆាកឬ​​ចង់កំប៉ោយ​ធ្វើឆ្កួតធ្វើ​​ឡប់​ដូច​មុនបានទេ
​​ក្រោយពីទីផ្សារ​ចម្រៀងរបស់គេ​​មានការឈានឡើង​គួរអោយកត់សម្គាល់ចុងក្រោយ។ ក្រោយការប្រគល់កាដូ លោកនៅតែអះអាងថា​​​​ អោយ​នាយចឺម​ផ្អាកចេញ​​មុខក្នុងក្រុមកំប្លែងមួយរយៈ​ជាការល្អ ​​​​​​ខណៈដែលលោក​​​​បាន​បញ្ជាក់ច្បាស់​ថា​​​​ការ​​អោយផ្អាក​​​យូរ​ ឬក៏ឆាប់នោះ គឺ​​​អស្រ័យ​លោក​លើភាពជាក់ស្ដែង នៃតម្រូវការក្រុម​​។

ជាមួយនឹងការ​​ប្រកាស​នេះគឺមានន័យក្រុមកំប្លែងCTN នឹង​​​​​បាត់មុខ​​តារាកំប្លែង​នាយ​​​ចឺម មិនមានកំណត់នោះទេ។
យ៉ាងណាក៏ដោយ នាយចឺមបានអះអាងថា ​​លោកនឹង​តាម​​លោកតា​វ៉ិច​ទ័រ​​​គ្រប់​​​​​​​ជ្រុង ​​​​​បើ​លោក​​​សម្រេច​អោយខ្លួនចូលសម្ដែង​​វិញជាធម្មតា គឺលោកនឹងទទួល ដ្បិតថាលោកតា​វ៉ិចទ័រ បានអោយលោក​​ផ្អាក​​នាពេលនេះក្ដី។

​​ប្រភពពីក្រុមបានអះអាងថា នាយចឺម​ត្រូវបានកាច់កុង​ដោយសមាជិក​រួមក្រុម​ក្រោយពីទីផ្សាររបស់លោកឈានឡើង​ហើយដោយសារតែលោក​តាវ៉ិចទ័រ មិនចង់​អោយមាន​បញ្ហា​​កើតឡើងទើប​សម្រេច​អោយ​ផ្អាក​មួយរយៈ
ប៉ុន្តែ​​​ឆ្លើយ​តប​នឹង​ករណី​នេះ លោក​តាវ៉ិច​ទ័រ​​​​អះអាងថា​អត់​ដឹងជុំវិញរឿងរ៉ាវនោះទេ ខណៈដែលនាយចឺម​ក៏អះអាងថា​រាល់សមាជិក​​ក្នុង​ក្រុម គឺលោកអត់មាន​ជម្លោះ​​​​ជាមួយ​អ្នកណា​ទេ ​​​ដោយពេលវេលាក៏លោក​​​​ប្រិតប្រៀង​ច្បាស់លាស់ជាមួយក្រុម ហើយ​​​តារា​គ្រប់​រូបដែលលោករួមសម្ដែងជាមួយ​ ក៏លោក​គោរព​​​មិនខុសពី​​បង​​បង្កើត​​​គ្មានការ​​​​​លើសលស់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ