អាជ្ញាធរកម្ពុជា បានចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៧នាក់ ពាក់ព័ន្ធករណីលួចមករស់នៅកម្ពុជាដោយគ្មានលិខិតឆ្លងដែន និងគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយកាលពីថ្ងៃម្សិលមិញថា សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មមួយចំនួននៅក្នុងសង្កាត់ស្វាយប៉ាក និងបានរកឃើញជនជាតិវៀតណាម ៧នាក់ ក្នុងនោះមានស្ត្រីម្នាក់ ដែលសមត្ថកិច្ចថា រស់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា។
នគរបាលជាតិ បានចុះផ្សាយថា ជនជាតិវៀតណាមទាំងនោះរស់នៅខុសច្បាប់ សមត្ថកិច្ចបានឃាត់ខ្លួន និងបញ្ជូនពួកគេទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់។
ក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែល VOD ទទួលបានពីប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៤ ដល់២០១៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាបានជាង ១ម៉ឺននាក់ ក្នុងចំណោម ៦៨សញ្ជាតិ ដែលក្នុងនោះមានជនជាតិវៀតណាមប្រហែល ៩០ភាគរយ៕