បារាំងរំឭកកម្ពុជាឲ្យ​គោរពប្រជាធិបតេយ្យ ខណៈអន្ដរជាតិព្រមានដាក់ទណ្ឌកម្ម

រដ្ឋលេខាធិការក្រសួងការបរទេសបារាំង លោក Jean-Baptiste Lemoyne (រូបភាពពី gettyimages)

រដ្ឋាភិបាលបារាំង បានក្រើន​រំឭកជាថ្មីដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ងាក​ទៅ​ដើរ​តាមគន្លងប្រជាធិបតេយ្យ​ឡើង​វិញ បន្ទាប់​ពី​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​បាន​រំលាយ​ចោល ប៉ុន្តែមន្ត្រី​ជាន់​ខ្ពស់​កម្ពុជា អះ​អាង​ថា កម្ពុជា​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ប្រហែល ៣​លាន​នាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ហើយ​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ខណៈ​ដែល​មេដឹកនាំ​បក្ស​នេះ លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅ​ឡើយ ក្រោម​ការ​ចោទ​ប្រកាន​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។

ថ្លែងក្នុងកិច្ចប្រជុំមួយ​នៅវិមានព្រឹទ្ធសភា​កាលពីថ្ងៃទី២៣ វិច្ឆិកាកន្លងទៅ រដ្ឋលេខាធិការក្រសួងការបរទេសបារាំង លោក Jean-Baptiste Lemoyne បានមានប្រសាសន៍ថា រដ្ឋាភិបាលបារាំង នឹង​មិន​ព្រងើយ​កន្តើយ​ទៅ​នឹង​ស្ថានការណ៍នយោបាយចុងក្រោយនៅកម្ពុជានោះទេ ក្នុងឋានៈខ្លួនជាអតីតសហប្រធាននៃសន្និសីទទីក្រុងប៉ារីសឆ្នាំ១៩៩១។

លោក Jean-Baptiste Lemoyne បន្ដថា កម្ពុជាគួរងាកទៅគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ធានាឲ្យមានការបោះឆ្នោតមួយ ដែលមានភាពសេរី ត្រឹមត្រូវ និងយុត្ដិធម៌។

លោក Jean-Baptiste Lemoyne ថ្លែងថា៖ «ការចាប់ខ្លួនលោក កឹម សុខា ហើយក៏ដូចជាអវត្តមានរបស់បក្សប្រឆាំង សម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ ជាក្ដីបារម្ភយ៉ាងខ្លាំង នៅក្នុងក្របខណ្ឌនេះ។ ប្រទេសបារាំង ជាធម្មតា បានយកចិត្តទុកដាក់ក្នុងការចូលរួម និងបង្ហាញដល់រដ្ឋមន្ដ្រីអឺរ៉ុប និងរដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី២០ វិច្ឆិកា ក្នុងជំនួបវេទិកាអាស៊ាន […] ជាចុងក្រោយ ក្នុងបរិបទ​នៃសហភាពអឺរ៉ុប ដែលច្បាស់ណាស់ថា របបនេះ បានទទួលការអនុគ្រោះពន្ធយ៉ាងច្រើន ហើយនៅកម្ពុជា ត្រូវតែអមដោយការគោរពសិទ្ធិទាំងឡាយ គោរសិទ្ធិជាមូលដ្ឋាន…»។

លោក Jean-Baptiste Lemoyne បាន​បញ្ជាក់​ពី​ជំហរ​រដ្ឋាភិបាល​បារាំង​បែប​នេះ បន្ទាប់​ពី​​សមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin បានបង្ហាញក្ដីកង្វល់ជាថ្មី អំពីបញ្ហាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។

VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានទេ។

អ្នកនាំពាក្យគណបក្សកាន់អំណាច​ លោក​ សុខ ឥសាន មានប្រសាសន៍ថា ភាគីបារាំងបានសន្យាថា នឹងមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ ចំពោះការជំរុញឲ្យគោរពសិទ្ធិមនុស្សនោះ លោកថា នេះគ្រាន់ជាការបញ្ចេញទស្សនៈមួយ មិនឆ្លុះបញ្ចាំងការពិតក្នុងសង្គមកម្ពុជា ខណៈលោកថា​ រដ្ឋាភិបាលបាន និងកំពុងអនុវត្តច្បាប់ និងពង្រឹងលទ្ធិប្រជាធិបតេយ្យរួចទៅហើយ។

លោក សុខ ឥសាន មាន​ប្រសាសន៍​ថា៖ «តាមព័ត៌មានដែលខ្ញុំទទួលបាន គឺបារាំងមិនលូកដៃផ្ទៃក្នុងកម្ពុជាទេ នៅពេលដែលសហគមន៍អឺរ៉ុប ក៏ដូចជាតំណាងសភាសហគមន៍អឺរ៉ុប មកគំរាមដាក់គំនាប ឬដាក់ទណ្ឌកម្ម មកលើរដ្ឋាភិបាលកម្ពុជា គឺបារាំង គាត់អត់មានមាត់ទេ ការមានវិធានការផ្លូវច្បាប់ ចំពោះមេបក្សប្រឆាំង ក៏ដូចជាក្រុមមេដឹកនាំបក្សប្រឆាំង ខ្ញុំយល់ថា អាហ្នឹងជាការអនុវត្តច្បាប់ ពីព្រោះគាត់ ប្រព្រឹត្តល្មើសច្បាប់»។

បារាំង ដែល​ជា​សមាជិក​សំខាន់​មួយ​នៅ​ក្នុង​សហភាព​អឺរ៉ុប ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ថ្កោល​ទោស​ទៅ​លើ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន បន្ទាប់​ពី​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​បាន​រំលាយ​ចោល ហើយ​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ យល់ថា អ្នកនយោបាយខ្មែរ គួរវិលទៅរកតុចរចា មុននឹងសហគមន៍អន្ដរជាតិដាក់ទណ្ឌកម្ម ហើយអ្នកដែលរងគ្រោះខ្លាំងជាងគេ គឺប្រជាពលរដ្ឋខ្មែររាប់លាននាក់។

លោកថា៖ «យើងគិតថា មានតែការចរចា ពិភាក្សាគ្នា យ៉ាងណាក៏ដោយ រដ្ឋាភិបាលក៏គាត់ឈរលើជំហរផលប្រយោជន៍កម្មករ និងកសិករជាធំ ហើយខាងសហគមន៍អឺរ៉ុប និងខាងសហរដ្ឋអាមេរិកក្ដី ក៏ត្រូវគិតគូពីបញ្ហាមនុស្សធម៌ បញ្ហាជីវភាពរបស់ពលរដ្ឋក្រីក្រ…»។

ទោះជាយ៉ាងណា​ ​ប្រទេសកុម្មុយនីស្ដចិនតែ​មួយ​ប៉ុណ្ណោះ បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់​ទុក​ជា​ការពារ​សន្តិភាព និង​ស្ថេរភាព​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ