តំណាងក្រសួងការបរទេសបារាំង អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ចូលរួមសារជាថ្មី ក្នុងដំណើរការប្រជាធិបតេយ្យ និងព្រមានថា ប្រសិនជារដ្ឋាភិបាល បោះជំហានបិទមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជាទៀតនោះ វាគឺជាការវិវឌ្ឍដ៏អវិជ្ជមានមួយទៀតសម្រាប់កម្ពុជាផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះ ថ្ងៃទី២៨ វិច្ឆិកានេះ ស្ថានទូតបារាំង បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានីនៃក្រសួងអឺរ៉ុប និងការបរទេសបារាំងមកកម្ពុជា លោក ឆៀរី ម៉ាធូ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាចូលរួមសារជាថ្មី នៅក្នុងដំណើរការប្រជាធិបតេយ្យហើយអនុញ្ញាឲ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានដំណើរការដោយគ្មានការរារាំង លើសពីនេះ លោកក៏បានសង្កត់ធ្ងន់ដែរថា ប្រសិន ជាមានការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មែននោះ វានឹងត្រូវបានគេចាត់ទុកថាជាការវិវឌ្ឍដ៏អវិជ្ជមាន។
នៅក្នុងពិធីជួបសំណេះសំណាលជាកម្មករ កាលពីថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងមហាផ្ទៃ ឲ្យពិនិត្យមើលផ្លូវច្បាប់ ដើម្បីបិទអង្គការ CCHR ដោយថា អង្គការនោះមានជាប់ពាក់ព័ន្ធនឹងមេដឹកនាំអតីតបក្សប្រឆាំងដែលកំពុងជាប់ឃុំ។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានអះអាងថា ក្រសួង មិនទាន់មានវិធានការណ៍យ៉ាងណា នៅឡើយទេ។
ការបង្ក្រាបទៅលើអង្គការសង្គមស៊ីវិល គណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា បានជំរុញឲ្យមានការរិះគន់ពីសហគមន៍អន្តរជាតិ ដោយចាត់ទុកថា កម្ពុជាកំពុងធ្វើដំណើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដោយលោក កឹម សុខា ដែលក្រោយមកបានលាឈប់ និងទៅបង្កើតគណបក្សសិទ្ធិមនុស្សនៅក្នុងឆ្នាំ២០០៧។ អង្គការសិទ្ធិមនុស្សមួយនេះ បានស្ថិតក្រោមការដឹកនាំរបស់លោក អ៊ូ វីរៈ រហូតឆ្នាំ២០១៤ មុននឹងផ្ទេរទៅក្រោមការដឹកនាំដោយអ្នកស្រី ចក់ សុភាព រហូតមកដល់បច្ចុប្បន្ននេះ៕









