ព្យុះស៊ីក្លូនត្រូពិកមួយ ដែលបានវាយប្រហារលើកោះជ្វារបស់ឥណ្ឌូនេស៊ី បានបង្កជាទឹកជំនន់ និងការរអិលបាក់ដីយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យមនុស្ស ១៩នាក់ស្លាប់។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីមន្ត្រីឥណ្ឌូនេស៊ីកាលពីថ្ងៃម្សិលមិញនេះ។
ការរអិលបាក់ដី បានសម្លាប់មនុស្ស ១៥នាក់នៅភាគខាងកើត និងភាគកណ្ដាលកោះជ្វា ខណៈដែលមនុស្ស ៤នាក់ទៀត បានស្លាប់នៅក្នុងទឹកជំនន់ដែលកើតចេញពីព្យុះស៊េមប៉ាកា។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី ត្រូវបាន AFP ដកស្រង់សម្ដីដែលបាននិយាយថា ផ្ទះសម្បែង ដីធ្លីកសិកម្មរាប់ហិកតា និងអគារសាធារណៈជាច្រើនកន្លែង ក៏ត្រូវទឹកជនន់លិចផងដែរ។
មហន្តរាយបណ្ដាលមកពីព្យុះស៊ីក្លូននេះ បានកើតឡើង ខណៈដែលភ្នំភ្លើងអាហ្គុងនៅលើកោះបាលី ប្រុងនឹងភ្នំ ដែលបង្ខំឲ្យជម្លៀសមនុស្ស ១សែននាក់។
ព្យុះសេមប៉ាកា ត្រូវបានគេព្យាករថា នឹងបោកបក់ផុតពីប្រទេសឥណ្ឌូនេស៊ីនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែ ទឹកជំនន់ និងការរអិលបាក់ដី អាចនឹងកើតឡើង ដែលទាមទារឲ្យមានការផ្តល់ជំនួយបន្ទាន់៕