អាមេរិក បានព្រមានទៅមេដឹកនាំកូរ៉េខាងជើងថា របបដឹកនាំមួយនេះ នឹងត្រូវកម្ទេចទាំងស្រុង ប្រសិនបើសង្គ្រាមផ្ទុះឡើងនោះ ដែលការព្រមាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុងព្យុងយ៉ាងបានបាញ់គ្រាប់មីស៊ីលអន្តរទ្វីបជាថ្មីទៀតកាលពីថ្ងៃម្សិលមិញនេះ ដែលអាចរត់ទៅដល់ទឹកអាមេរិក។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋបាលលោក ដូណាល់ ត្រាំ បាននិយាយដដែលៗថា ជម្រើសទាំងអស់ស្ថិតនៅលើតុសម្រាប់ដោះស្រាយបញ្ហាកម្មវិធីគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ក្នុងនោះមានទាំងជម្រើសប្រើប្រាស់កម្លាំងយោធា ប៉ុន្តែ អាមេរិកនៅតែប្រកាន់យកជម្រើសកាទូតនៅឡើយ។
ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃនេះ អគ្គរដ្ឋទូតអាមេរិក អ្នកស្រី Nikki Haley បានព្រមានថា អាមេរិកមិនដែលចង់បានសង្គ្រាមជាមួយកូរ៉េខាងជើងទេ ហើយសព្វថ្ងៃនេះ អាមេរិកក៏មិនព្យាយាមបង្កើតសង្គ្រាមដែរ។ អ្នកស្រីថ្លែងបន្តថា ប្រសិនបើសង្គ្រាមកើតឡើង របបកូរ៉េខាងជើង នឹងត្រូវកម្ទេចចោលទាំងស្រុង។
អគ្គរដ្ឋទូតអាមេរិករូបនេះ បានឲ្យដឹងថា អាមេរិកបានស្នើទៅចិន ឲ្យកាត់ផ្ដាច់ការផ្គត់ផ្គងប្រេងទៅកូរ៉េខាងជើង ជាវិធានការមួយដែលក្រុងប៉េកាំងពុំបានធ្វើតាមនោះឡើយ ខណៈដែលចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតតែមួយគត់របស់កូរ៉េខាងជើង៕