រដ្ឋាភិបាលអាមេរិក បានសម្រេចដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់កម្ពុជា និងសមាជិកក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ត្រូវបានរំលាយចោល ហើយមេដឹកនាំបក្សនេះ នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួននៅឡើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញកាលពីថ្ងៃម្សិលមិញនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រកាសថា ក្រសួងនេះនឹងរឹតបន្តឹងលើការជាន់ទឹកដីអាមេរិក សម្រាប់បុគ្គលទាំងឡាយ ដែលអាមេរិកគិតថា បានជាប់ពាក់ព័ន្ធនឹងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើកឡើងបន្ថែមថា សមាជិកក្រុមគ្រួសារបុគ្គលទាំងឡាយដែលត្រូវបានហាមឃាត់នោះ ក៏ស្ថិតនៅក្រោមការរឹតបន្តឹងផ្នែកទិដ្ឋាការផងដែរ។
ក្រសួងការបរទេសអាមេរិក បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យផ្លាស់ប្ដូរជំហររបស់ខ្លួន តាមរយៈការអនុញ្ញាតឲ្យគណបក្សប្រឆាំងចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ ការដោះលែងលោក កឹម សុខា និងការអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដំណើរការឡើងវិញ។
ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងបន្តតាមដានស្ថានការណ៍នៅកម្ពុជា និងចាត់វិធានការបន្ថែមទៀត ខណៈដែលអាមេរិកបន្តទំនាក់ទំនងជាមួយប្រជាជនកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើកឡើងថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចាត់វិធានការបែបនេះប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងវិធានការថ្មីៗរបស់រដ្ឋាភិបាលកម្ពុជា ដែលបានបំផ្លាញវឌ្ឍនភាពប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ហើយគណបក្សប្រឆាំងដែលទទួលបានសំឡេងគាំទ្រប្រហែល ៣លានសំឡេងកាលពីការបោះឆ្នោតជាតិឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលកម្ពុជាសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ខណៈដែលថ្នាក់ដឹកនាំ ១១៨រូបរបស់បក្សនេះ ក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំទៀតផង។
ក្រៅពីចាត់វិធានការទៅលើបក្សប្រឆាំង រដ្ឋាភិបាលកម្ពុជាក៏បានចាត់វិធានការទៅលើអង្គការសង្គមស៊ីវិលមួយចំនួន និងប្រពន្ធផ្សព្វផ្សាយ ដែលជំរុញឲ្យស្ថាប័នសិទ្ធិមនុស្ស និងប្រពន្ធផ្សព្វផ្សាយទាំងនោះ ផ្អាកដំណើរការរបស់ពួកគេ៕