ពលរដ្ឋខែ្មររាប់រយនាក់ ដែលរស់នៅសហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នាតវ៉ានៅមុខសេតវិមាន ដើម្បីទាមទារឲ្យមានការដោះលែងមេដឹកនាំបក្សប្រឆាំងកំពុងជាប់ឃុំ ទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាំងពីថ្ងៃទី០៣ ខែកញ្ញា ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ហើយគណបក្សប្រឆាំងដែលទទួលបានសំឡេងគាំទ្រប្រហែល ៣លាននាក់នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងមកនេះ ខណៈដែលថ្នាក់ដឹកនាំ ១១៨រូបរបស់បក្សនេះ ក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំផងដែរ។
វិធានការថ្មីៗទៅលើបក្សប្រឆាំង បានជំរុញឲ្យមានរលកបាតុកម្មពីសំណាក់ពលរដ្ឋខ្មែរនៅឯក្រៅប្រទេស ដូចជាអូស្ត្រាលី កាណាដា បារាំង និងចុងក្រោយនេះគឺសហរដ្ឋអាមេរិក។
រូបភាពដែលត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រុមបាតុករគ្រវីទង់ជាតិកម្ពុជា និងអាមេរិក ព្រមទាំងកាន់បដាសរសេរជាភាសាអង់គ្លេសមានខ្លឹមសារថា «ដោះលែងលោក កឹម សុខា» «លោក ហ៊ុន សែន រំលោភរដ្ឋធម្មនុញ្ញកម្ពុជា» និង «ដោះលែងអ្នកនយោបាយទាំងអស់នៅកម្ពុជា»។
ប្រធានទ្រទ្រង់អតីតគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក លោក អ៊ុង រិទ្ធី ដែលបានរៀបចំបាតុកម្មនោះ បានប្រាប់វីអូឌីនៅថ្ងៃនេះថា ពលរដ្ឋខ្មែរជិត ២ពាន់នាក់ បានប្រមូលផ្តុំតវ៉ានៅមុខសេតវិមានរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី១០ ធ្នូ វេលាម៉ោង ១១ព្រឹក ត្រូវនឹងម៉ោងជាង ១១យប់ ម៉ោងនៅកម្ពុជា។
លោក រិទ្ធី បន្ថែមថា ក្រុមបាតុករបានស្នើទៅអាមេរិក ឲ្យធ្វើយ៉ាងណាជំរុញកម្ពុជាឲ្យមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងដោះលែង លោក កឹម សុខា ដែលកំពុងជាប់ឃុំ ព្រមទាំងធានាដំណើរការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ ឲ្យមានសេរីភាពសម្រាប់គ្រប់បក្សនយោបាយ។
លោកថា៖ «ខ្ញុំសង្ឃឹមថា នឹងអាចទទួលបានលទ្ធផលវិជ្ជមានធំៗនាពេលឆាប់ៗនេះ។ ជាក្តីសង្ឃឹមរបស់យើង ហើយខ្ញុំជឿងថា ក្តីសង្ឃឹមរបស់យើងនឹងអាចសម្រេច ប្រសិនជាលោក ហ៊ុន សែន ស្រលាញ់ជាតិមាតុភូមិខ្មែរ និងស្រលាញ់អ្នកដែលធ្វើការជាមួយលោក ព្រោះថា អ្នកដឹកនាំយើងដោះស្រាយបញ្ហាឲ្យកូនចៅរបស់យើង ក្នុងនាមជាអ្នកដឹកនាំយើង គិតគូរអំពីសុវត្ថិភាព សន្តិសុខរបស់ប្រជាពលរដ្ឋខ្លួនឯង និងប្រទេសជាតិខ្លួនឯង»។
រូបភាពបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា លោក អេង ឆៃអ៊ាង លោក យ៉ែម ប៉ុញ្ញាឫទ្ធ លោក ហូ វ៉ាន់ លោក អ៊ូ ច័ន្ទរិទ្ធិ សុទ្ធតែជាតំណាងរាស្ត្រ និងកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ក៏មានវត្តមាននៅក្នុងការតវ៉ានោះផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទទួលស្គាល់ការតវ៉ានេះថា ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជានៅឯក្រៅប្រទេ ប៉ុន្តែ លោកអះអាងថា កម្ពុជាមិនអាចទទួលយកសម្ពាធពីប្រទេសណាមួយនោះទេ ដោយលោកថា កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យភាពរបស់ខ្លួន។
លោកថា៖ «ខ្ញុំយល់ថា រាល់បញ្ហាដែលបងប្អូនធ្វើនេះ មិនអាចមានឥទ្ធិពលអីមកក្នុងប្រទេសទេ ហើយការអំពាវនាវរបស់គាត់ហ្នឹង ជាគំនិតរបស់គាត់ ហើយយើងក៏មិនអាចយកអនុសាសន៍ ឬមួយការគំរាមកំហែងពីប្រទេសណាមួយ មកអនុវត្តន៍នៅផ្ទៃក្នុងប្រទេសដែលជាការប្រាសចាកពីគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាបានទេ»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងកាលពីចុងខែវិច្ឆិកាកន្លងមកថា ការតវ៉ានៅនៅឯបរទេស អាចជួយជំរុញឲ្យស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា មានការប្រែប្រួល ប៉ុន្តែ លោកថា មិនអាចវាស់វែងថា មានឥទ្ធិពលក្នុងកម្រិតណានោះទេ ខណៈដែលគ្មានការតវ៉ាជាសាធារណៈណាមួយនៅក្នុងប្រទេសនោះ។
លោកមានប្រសាសន៍ថា៖«ការដែលមិនតវ៉ាដោយចំហរ មិនមែនថា គេអត់តវ៉ាទេ គឺដោយសារគេមិនហ៊ាន ដោយសារមានការបង្ក្រាបពីកងប្រដាប់អាវុធ។ ប៉ុន្តែ ខាងក្រោមផ្ទៃរាបស្មើស្ងប់ស្ងាត់ហ្នឹង ក៏មានការពុះកញ្ជ្រោលពីខាងក្រោមដែរ ដែលមិនអាចមើលឃើញ»។
ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយបក្សប្រឆាំងដ៏ធំមួយនេះ បានជំរុញឲ្យមានការថ្កោលទោសពីអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដោយថា កម្ពុជាបានដើរឃ្លាតចាកពីគន្លងប្រជាធិបតេយ្យ។
ទោះជាយ៉ាងណា មានតែប្រទេសចិនកុម្មុយនីស្តមួយប៉ុណ្ណោះ បានគាំទ្រចំណាត់ការរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងបក្សប្រឆាំង ដោយចាត់ទុកជាការការពារសន្តិភាព និងស្ថេរភាពជាតិ៕