អាណាព្យាបាលនិងសិស្សវិទ្យាល័យមួយនៅបាត់ដំបង បារម្ភពីផលប៉ះពាល់ការសិក្សា ខណៈថ្នាក់ដឹកនាំសាលាកំពុងមានជម្លោះគ្នា

អាណាព្យាបាល និងសិស្សមួយចំនួននៅវិទ្យាល័យមួយក្នុងស្រុកបវេលខេត្តបាត់ដំបង បាន​បង្ហាញក្តីបារម្ភពីផលប៉ះពាល់ដល់ការសិក្សា ខណៈក្រុមគ្រូបង្រៀន និងនាយកសាលានៅទីនោះ កំពុងមានជម្លោះ​នឹង​គ្នា។

នាយក​វិទ្យាល័យ​បវេល លោក ហូ វុទ្ធី បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លោក​ រ៉ាត់ សារ៉េត គ្រូ​បង្រៀន​ផ្នែក​គណិត​វិទ្យា​ និង​គ្រូ​បង្រៀន​ម្នាក់​ទៀត កាល​ពី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​កន្លង​មក​នេះ ដោយ​ចោទ​គ្រូ​បង្រៀន​ទាំង ២​រូប​នោះ​​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​សាលា។

លោកបន្តថា លើសពីនេះលោកបង្រៀនផ្នែកគណិតវិទ្យាគឺ លោកគ្រូ រ៉ាត់ សារ៉េត បានផឹកស្រវឹង និងជេរប្រមាថទៅ​លើរូបគាត់រួមទាំងគ្រូផ្សេងៗទៀតផងដែរ។

លោកបន្ថែមថា៖ «រយៈកាលកន្លងមកហ្នឹង គាត់តែងតែប្រើពាក្យគំរាមកំហែងមកលើលោកគ្រូអ្នកគ្រូនៅក្នុងហ្នឹង។ ជួនកាលគាត់ជេរខ្ញុំអញ្ចឹងទៅ ហើយខ្ញុំចេះនៅអត់ធ្មត់ ប៉ុន្តែ រហូតមកដល់ថ្ងៃទី៧ និងទី៨នេះ គាត់បានទៅបំផ្លាញកន្លែងព័ត៌មាន គាត់​បានគប់បែកកញ្ចក់អស់ បំបែកតុ ហើយនឹងកាប់ដើមក្នុងសាលាចោលអស់ចំនួន ៣ដើម ដល់អញ្ចឹង ខាងប៉ូលីសគេចុះមកស្រាវជ្រាវ ហើយគេឲ្យខ្ញុំប្តឹង ខ្ញុំក៏ប្តឹងទៅ»។

គ្រូបង្រៀនផ្នែកគណវិទ្យា លោក រ៉ាត់ សារ៉េត បានទទួលស្គាល់ថា លោកពិតជាបានបំផ្លាញទ្រព្យសាលាខ្លះមែន ប៉ុន្តែ​ថា មិនច្រើនដូចការលើកឡើងរបស់នាយកសាលានោះទេ ដោយថា លោកបានធ្វើខូចខាតបង់អង្គុយលេងចំនួនពីរប៉ុណ្ណោះ។

លោកប្រាប់​ថា លោកខឹងនឹងនាយក​សាលាខ្លាំងពេក ដោយចោទ នាយកសាលារូបនោះ​ថា តែងតែជេរប្រមាថមកលើលោកគ្រូអ្នកគ្រូ និងគាបសង្កត់លើសិស្សជាដើម។

លោកបន្ថែមថា៖ «គាត់[នាយកសាលា]តែងតែប្រមាណមើលងាយជេរដល់ក្មេងៗ ជាពិសេសហ្នឹង គ្រូៗបង្រៀននៅក្នុងសាលាហ្នឹង។ គាត់គ្រូនៅក្នុងសាលាហ្នឹង សុទ្ធតែពួកល្មើសគុណ សុទ្ធតែពួកឈាមខ្មៅ ដល់ពេលអញ្ចឹង ខ្ញុំទ្រាំអត់បាន ខ្ញុំធ្វើអញ្ចឹង ចង់ឲ្យមហាជនគេដឹង ចង់ជួយដល់ក្មេងៗ ហើយខ្ញុំធ្វើអញ្ចឹងបានប្រយោជន៍អីមកខ្ញុំ? ខ្ញុំ​តែង​ខាតបង់ មានតែខ្មាស់គេ តែខ្ញុំសុខចិត្តខូចឈ្មោះ ឲ្យបានជួយក្មេងៗ»។

ទោះជាយ៉ាងណា ក្រុម​អាណាព្យាបាល និង​សិស្សានុសិស្ស បាន​ស្នើ​ឲ្យ​មាន​ការ​សម្រប​សម្រួល​គ្នា​រវាង​នាយក​សាលា និង​គ្រូ​បង្រៀន ដោយ​ថា មិន​ចង់​ឲ្យ​វិវាទ​នោះ ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​នៅ​ទីនោះ។

អាណាព្យាបាលសិស្សម្នាក់ លោក ព្រំ ពិសិដ្ឋ មានប្រសាសន៍ថា លោកមិនបានដឹងថា ភាគីខាង​ណា​ខុស ឬត្រូវនោះទេ តែលោកមិនចង់ឲ្យមានការប្តឹងផ្តល់គ្នា និងឃាត់ខ្លួនគ្រូបង្រៀនណាម្នាក់ដែរ។

លោកបន្ថែមថា៖ «ប្រសិនបើមានការចាប់ ឬឃាត់ខ្លួនគាត់[លោកគ្រូ] វាធ្វើឲ្យប៉ះពាល់ដល់សិស្សរាប់រយនាក់ ហើយពួកគាត់ អត់សប្បាយចិត្ត ព្រោះប៉ះពាល់ដល់កាសិក្សារបស់គាត់។ ម្សិលមិញនេះ ខាតអស់ចំនួន ២ម៉ោង ដោយសារនាយកសាលា នឹងដាក់គំនាប ហៅសិស្សទៅប្រជុំថា ក្នុងនាម​ជាសិស្ស កុំចេះដឹងការងារ​របស់គ្រូ ទុក​ឲ្យ​គ្រូដោះស្រាយគ្រូនឹងគ្រូ ប៉ុន្តែ ឧទាហណ៍ ប្រសិនដោះស្រាយគ្រូនឹងគ្រូមានការដាក់គំនាប មានការឃាត់ខ្លួន ចាប់ខ្លួនណាមួយ សិស្សប្រហែលពួកគាត់អត់សប្បាយ​ចិត្តទេ គាត់គាំទ្រគ្រូរបស់គាត់ ពីព្រោះលោកគ្រូរបស់គាត់មានវិធីសាស្ត្រ និងស្នាដៃច្រើនក្នុងការបង្រៀនសិស្ស»។

សិស្សថ្នាក់ទី១២ម្នាក់ដែលសុំបញ្ចេញឈ្មោះ បាននិយាយថា សិស្សានុសិស្ស​ប្រហែល ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ថ្នាក់​រៀន​របស់​ពួកគេ និង​បង្ហាញ​ក្ដី​បារម្ភ​ខ្លាច​មាន​ការ​ចាប់ ឬ​ឃាត់​គ្រូ​បង្រៀន​ទាំង ២​រូប​នោះ។

យុវតី​រូប​នោះ ប្រាប់​ថា ប្រសិនបើមានការឃាត់ខ្លួនលោកគ្រូបង្រៀនផ្នែកគណវិទ្យា និងសលីធម៌មែន ពួកគេ​នឹងនាំគ្នាតវ៉ា ដោយថា លោកគ្រូទាំងពីរនាក់នោះ មិនមានកំហុសអ្វីដល់ថ្នាក់ចាប់ ឬ​ឃុំខ្លួននោះទេ។

កញ្ញាបន្ថែមថា៖ «គ្រាន់តែថា ចង់ឲ្យពួកគាត់សម្របសម្រួលគ្នា ដើម្បីឲ្យគាត់នៅបង្រៀនពួកខ្ញុំដូចធម្មតា។ ខ្ញុំឃើញសិស្សភាគ ច្រើន គេរៀនអត់ចូលជាមួយគ្រូផ្សេង ប៉ុន្តែ គាត់បង្រៀនល្អ យើងឆាប់យល់អញ្ចឹង ហើយបើមានគាត់នៅបង្រៀនអញ្ចឹងទៅ ពួកខ្ញុំមានសង្ឃឹមប្រឡងថ្នាក់ទី ១២ជាប់ បើថាអត់ពីគាត់ទៅយ៉ាប់ដែរ»។

អនុប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកបវេល លោក សួង វេង មានប្រសាសន៍ថា រឿងនេះជាជម្លោះផ្ទៃក្នុងសាលា តិចតួចប៉ុណ្ណោះមិនដល់ថ្នាក់ចាប់ ឬឃុំខ្លួននោះទេ ហើយថា ការិយាល័យអប់រំយុវជន និងកីឡាស្រុកកំពុងធ្វើការសម្របសម្រួលដោះស្រាយបញ្ចប់ជម្លោះនេះហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ