អតីតមេដឹកនាំគណបក្សប្រឆំាង បានអះអាងថា នឹងមិនបង្កើតគណបក្សថ្មីទៅតាមគំនិតរបស់មេដឹកនាំបក្សកាន់អំណាចនោះទេ ដោយថា ទុកឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្លាយជាមេដឹកនាំផ្តាច់ការនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា គណបក្សសង្គ្រោះជាតិ នឹងមិនអាចកើតឡើងវិញឡើយ បន្ទាប់ពីសាលដីការតុលាការកំពូលសម្រេចរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា និងហាមឃាត់មន្ត្រីបក្សនេះចំនួន ១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ប៉ុន្តែ លោកបានផ្ដល់ជាគំនិតឲ្យបង្កើត «គណបក្សថ្មី» សម្រាប់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានបដិសេធគំនិតរបស់លោក ហ៊ុន សែន ដោយថា គំនិតបែបនេះ នឹងនាំឲ្យលោក ហ៊ុន សែន នឹងក្លាយជាមេដឹកនាំផ្ដាច់ការ ហើយកម្ពុជាស្ថិតនៅឯកោពីសហគមន៍អន្តរជាតិ។
លោក អេង ឆៃអ៊ាង រៀបរាប់ថា៖ «យើងមិនដើរលើផ្លូវដែលលោក ហ៊ុន សែន ចង់បាននោះទេ ព្រោះផ្លូវនេះ នាំឲ្យលោក ហ៊ុន សែន ក្លាយជាមេដឹកនាំផ្តាច់ការ ហើយកម្ពុជានឹងស្ថិតនៅឯកោពីសហគមន៍អន្តរជាតិ ឯប្រជាពលរដ្ឋខ្មែររស់នៅក្នុងភាពក្រីក្រ និងភ័យខ្លាច»។
ផ្ទុយទៅវិញ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាបាន លុះត្រាតែលុបចោលសេចក្តីសំរេចរំលាយគណបក្សសង្គ្រោះជាតិ ដោះលែងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងអ្នកទោសមនសិការទាំងអស់ រួមទំាងទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើអ្នកនយោបាយ មន្ត្រីសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ធ្វើសកម្មភាពដូចពេលមុន។
បន្ទាប់ពីរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបដិសេធផងដែរ លោកនឹងមិនបង្កើតបក្សថ្មីនោះទេ។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស បានផ្តល់ជាអនុសាសន៍ថា ដើម្បីឲ្យការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យ លោកថា ត្រូវអនុញាតិឲ្យអតីតមន្ត្រីបក្សប្រឆំាង ១១៨រូប និងអ្នកទោសនយោបាយផ្សេងទៀត បានចូលរួមធ្វើនយោបាយឡើងវិញ និងកែច្បាប់បោះឆ្នោត រួមទំាងច្បាប់ស្តីពីគណបក្សនយោបាយជាដើម ទើបនាំឲ្យកម្ពុជាឲ្យវិលទៅរកស្ថានភាពល្អដូចដើមវិញ។
លោកមានប្រសាសន៍ថា៖ «គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោត គឺថា ភាពត្រឹមត្រូវ ភាពសេរី យុត្តិធម៌ គឺជាចំណុចមួយដែលសំខាន់ជាងគេ។ អ្វីដែលជាអនុសាសន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ គឺមានប៉ុន្មានចំនុចហ្នឹង ដែលគួរតែគិតពិចារណាឡើងវិញ បើមិនអញ្ចឹងទេ ស្ថានភាព[នយោបាយ]វាអាចនឹងប្រែប្រួលដដែលៗ ហើយមានជម្លោះគ្នាជៀសមិនផុតទេ នៅតែមានបញ្ហាកើតឡើង និងពិបាកក្នុងការដោះស្រាយដដែលៗទេ»។
គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រពីពលរដ្ឋប្រហែល ៣លាននាក់ នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងមកនេះ ខណៈដែលមេដឹកនាំបក្សនេះ គឺលោក កឹម សុខា នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួនក្នុងពន្ធនាគារចាប់តាំងពីការចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញាមក។
ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាទៅលើបក្សប្រឆាំងនាពេលថ្មីៗនេះ បានជំរុញឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ និងការព្រមានដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមកលើប្រទេសមួយនេះ បន្ទាប់ពីពួកគេមើលថា កម្ពុជាបានដើរឃ្លាតចាកឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕