ទីភ្នាក់ងារស្ថិតិរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហាញថា កូរ៉េខាងជើងកំពុងរីករាយទៅនឹងកំណើននៃប្រាក់ចំណូលដ៏ឆាប់រហ័សបំផុតនៅក្នុងរយៈពេល ៥ឆ្នាំ ប៉ុន្តែ ក្រុងសេអ៊ូលនៅតែល្អជាងក្រុងព្យុងយ៉ាងដាច់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារស្ថិតិកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ប្រាក់ចំណូលរបស់ប្រជាជនកូរ៉េខាងជើងម្នាក់ៗ មានទំហំជាមធ្យម ១.៤៦លានវ៉ុនកាលពីឆ្នាំមុន ដោយបានកើនឡើង ៥ភាគរយ។
ទីភ្នាក់ងារដដែលនេះ បញ្ជាក់ថា នេះគឺជាតួលេខកំណើនដ៏ឆាប់រហ័សបំផុតគិតចាប់តាំងពីឆ្នាំ២០១១មក នៅពេលដែលចំណូលជាមធ្យមរបស់ពលរដ្ឋម្នាក់ បានកើនឡើងជាង ៧ភាគរយ។
ចំណូលពលរដ្ឋកូរ៉េខាងជើងបានកើនឡើងបែបនេះ បើទោះបីជារដ្ឋឯកោមួយនេះ ប្រឈមនឹងទណ្ឌកម្មដ៏ច្រើនពីអន្តរជាតិជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ។
កូរ៉េខាងជើង គឺជារដ្ឋដ៏អាថ៌កំបាំងបំផុតមួយនៅលើពិភពលោក ហើយមិនបានបញ្ចេញតួលេខសេដ្ឋកិច្ចផ្លូវការនោះឡើយ សូម្បីតែកំណើនផលិតផលក្នុងស្រុកសរុប ហៅកាត់ថា GDP ក៏គ្មានដែរ ដែលធ្វើឲ្យអ្នកសង្កេតការណ៍អន្តរជាតិ រៀបចំការវាយតម្លៃដោយខ្លួនឯង។
ទោះជាយ៉ាងណា ចំណូលជាមធ្យមសម្រាប់ប្រជាជនម្នាក់នៅកូរ៉េខាងត្បូង មានចំនួនជិត ៣២លានវ៉ុន ពោលគឺខ្ពស់ជាងកូរ៉េខាងជើងដល់ទៅជិត ២២ដងឯណោះ៕









