រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ស្នើ​វិធីសាស្ត្រ​ការទូត​​ដើម្បី​ទប់​ស្កាត់​ការ​ព្យួរ​ភាព​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ (ក្រសួងពាណិជ្ជកម្ម)

រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ បាន​ផ្ដល់​មតិ​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ប្រើ​វិធីសាស្ត្រ​ការទូត ​បញ្ចុះ​បញ្ចូល​ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប ដោយ​ថា ដើម្បី​ទប់​ស្កាត់​ការ​សម្រេច​ព្យួរ​ភាព​អនុគ្រោះ​ពន្ធ​គយ​សម្រាប់​ទំនិញ​កម្ពុជា​នាំ​ចូល​ទីផ្សារ​អឺរ៉ុប។

រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​រូប​នេះ បាន​ស្នើ​ជាមតិ​បែប​នេះ​ នៅ​ក្នុង​របាយការណ៍​មួយ​ផ្ញើ​ជូន​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ធ្នូ​នេះ។

ក្នុង​របាយការណ៍​ដែល​ភ្ជាប់​ដោយ​ត្រា​ក្រសួង​ពាណិជ្ជកម្ម ​ហត្ថលេខា និង​ឈ្មោះ​ផង​នោះ លោក ប៉ាន សូរស័ក្តិ​ បាន​រៀបរាប់​ប្រាប់​លោក ហ៊ុន សែន ថា ទំនិញ​កម្ពុជា​តម្លៃ ៦​ពាន់ ២៥៩​លាន​ដុល្លារ ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប ខណៈ​ដែល​កម្ពុជា​បាន​ទំនិញ​តម្លៃ ២​ពាន់ ៩១៦​លាន​ដុល្លារ ចូល​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

របាយការណ៍​នោះ បាន​ឲ្យ​ដឹង​ថា ទំនិញ​កម្ពុជា​ដែល​ត្រូវ​បាន​នាំ​ចូល​ទៅ​​ទីផ្សារ​អាមេរិក​នោះ ត្រូវ​បង់​ពន្ធ​​ជាមួយ​អត្រា ១២​ភាគរយ ឬ​ដែល​មាន​តម្លៃ​ជាង ៣០០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​អាមេរិក​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​​មាន​តម្លៃ​ប្រហែល ១០​លាន​ដុល្លារ​ប៉ុណ្ណោះ។

សម្រាប់​ទំនិញ​នាំ​ចូល​ទីផ្សារ​អឺរ៉ុប​វិញ លោក សូរស័ក្តិ បាន​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា កម្ពុជា​បាន​ទទួល​ភាព​អនុគ្រោះ​ពន្ធ​គយ​ទាំង​ស្រុង​ពី​សហភាព​អឺរ៉ុប​សម្រាប់​ទំនិញ​គ្រប់​ប្រភេទ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ពុំ​ចាំ​បាច់​បង់​ពន្ធ​ទំហំ ៦៧៦​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

ក្នុង​របាយការណ៍​ដដែល​នោះ រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​រូប​នេះ មិន​បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​ព្យួរ​ភាព​អនុគ្រោះ​ពន្ធ​គយ​ពី​អាមេរិក​នោះ​ឡើយ ដោយ​លោក​ថា ទំនិញ​កម្ពុជា​ត្រូវ​បង់​ពន្ធ​ក្នុង​អត្រា ៥​ភាគរយ ឬ​មាន​តម្លៃ​ប្រហែល ១០​លាន​ដុល្លារ​ប៉ុណ្ណោះ។

ផ្ទុយ​ទៅ​វិញ លោក សូរស័ក្តិ បាន​លើក​ឡើង​ថា កម្ពុជា​នឹង​ត្រូវ​បង់​ពន្ធ​រហូត​ដល់​ទៅ ៦៧៦​លាន​ដុល្លារក្នុង​មួយ​ឆ្នាំ ប្រសិន​បើ​​សហភាព​អឺរ៉ុប លុប​ចោល​ភាព​អនុគ្រោះ​ពន្ធ​គយ​សម្រាប់​ទំនិញ​កម្ពុជា​នោះ។

នៅ​ត្រង់​ចំណុច​នេះ លោក សូរស័ក្តិ បញ្ជាក់​ផង​ដែរ​ថា ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប ត្រូវ​បាន​ផលិត​ឡើង​ដោយ​កម្មករ​ប្រហែល ៤០​ម៉ឺន​នាក់។

ខណៈ​ដែល​កម្ពុជា​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​ក្រោម​ប្រព័ន្ធ «អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»​នោះ រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​រូប​នេះ បាន​ស្នើ​ទៅ​លោក ហ៊ុន សែន ឲ្យ​ប្រើ​ប្រាស់​វិធីសាស្ត្រ​ការទូត ​បញ្ចុះ​បញ្ចូល​​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ដើម្បី​ទប់​ស្កាត់​ប្រទេស​ទាំងនោះ កុំ​ឲ្យ​សម្រេច​ព្យួរ​ការ​លើក​លែង​ពន្ធ​គយ​សម្រាប់​ទំនិញ​នាំ​ចូល​ពី​កម្ពុជា ដោយ​លោក​លើក​ឡើង​ថា បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ភាគ​ច្រើន មាន​ភាព​ទន់​ភ្លន់ និង​យោគ​យល់​ដល់​ស្ថានភាព​កម្ពុជា។

លោក ប៉ាន សូរស័ក្តិ បាន​ស្នើ​បែប​នេះ​ទៅ​លោក ហ៊ុន សែន ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ ដែល​នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា បន្ទាប់​ពី​​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​កម្ពុជា​ថា «ក្បត់​ជាតិ» ចាប់​តាំង​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​មក​នោះ ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ។

ទោះជាយ៉ាងណា បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នៅ​តែ​ពុំ​ផ្លាស់​ប្ដូរ​ជំហរ​ទៅ​រក​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុ​បក្ស​ដូច​ដែលសហគមន៍​អឺរ៉ុប​​បាន​ទាម​ទារ​នោះ សភា​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដី​សម្រេច ១៣​ចំណុច​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​នេះ។

ក្រៅ​ពី​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លំហ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ សភា​អឺរ៉ុប​បាន​រំឭក​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បំពេញ​កាតព្វកិច្ច​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ ចំពោះ​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។

ជាង​នេះ​ទៅ​ទៀត សភា​អឺរ៉ុប​បាន​ប្រាប់​ទៅ​​រដ្ឋ​មន្ត្រី​ការបរទេស​អឺរ៉ុប​ លោកស្រី Federic Mogherini និង​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​អឺរ៉ុប លោក​ស្រី Anna Cecilia Malmström ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ភាព​អនុគ្រោះ​ពន្ធ​គយ​នៅ​ក្រោម​ប្រព័ន្ធ «អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA ដែល​ត្រូវ​បាន​ផ្ដល់​មក​ឲ្យ​ប្រទេស​កម្ពុជា។

នៅ​ត្រង់​ចំណុច​នេះ សភា​អឺរ៉ុប​បាន​លើក​ឡើង​ថា ប្រសិន​បើ​កម្ពុជា​បន្ត​ធ្វើ​សកម្មភាព​រំលោភ​លើ​កាត្វពកិច្ច​របស់​ខ្លួន​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ សភា​អឺរ៉ុប​បាន​ប្រាប់​ទៅ​រដ្ឋ​មន្ត្រី​អឺរ៉ុប​ទាំង ២​រូប ឲ្យ​ផ្អាក​ជាបណ្ដោះ​អាសន្ន​នូវ​ការ​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​មក​ដល់​កម្ពុជា។

សភា​អឺរ៉ុប ថែម​បាន​ប្រាប់​ទៅក្រសួង​ការបរទេស​អឺរ៉ុប​ផង​ដែរ ឲ្យ​រៀបចំ​បញ្ជី​ឈ្មោះ​បុគ្គល​ទាំង​ឡាយ​ណា ដែល​សភា​អឺរ៉ុប​​ថា ទទួល​ខុស​ត្រូវ​លើ​ការ​រំលាយ​គណបក្ស​ប្រឆាំង និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ត្រង់​ចំណុច​នេះ សភា​អឺរ៉ុប​បាន​បញ្ជាក់​ថា បញ្ជី​ឈ្មោះ​បុគ្គល​ទាំង​នោះ អាច​នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​វិធានការ​រឹត​បន្តឹង​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ​សុខ ឥសាន ​បាន​ប្រាប់​វីអូឌី​តាម​ទូរសព្ទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ​ថា កម្ពុជា​មិនអាចទទួលយកបាន​​នោះ​ឡើយ​សម្រាប់​សេចក្ដី​សម្រេច​បែប​នេះ ហើយ​ចាត់ទុក​ថា នេះជា​ការបង្ខឹត​បង្ខំ​មក​លើ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​យល់​ថា គាត់ (EU)បង្ខឹត​បង្ខំ​ឲ្យ​ធ្វើ​តាម​ចិត្ត​គាត់ គឺ​ទៅ​មិន​រួច​ទេ ព្រោះ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​ពង្រឹង​ជំហរ​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា។ ដូច្នេះ គឺ​ជា​ការ​បង្ខឹត​បង្ខំ​មិន​អាច​ទទួល​យក​បាន​ទេ»។

លោកបន្តថា រដ្ឋាភិបាលមិនអាចលក់ឯករាជ្យភាព និងអធិបតេយ្យភាពដើម្បីដោះដូរមេបក្សប្រឆាំង ដែលលោកថា «ក្បត់ជាតិ» និងល្មើសច្បាប់បានទេ។ លោកបន្ថែមថា កម្ពុជាគ្មានផ្លូវជម្រើសទេ បើសិនជាសហភាព​អឺរ៉ុបលែង​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដូច​ការ​ព្រមាន​មែននោះ ដោយ​ថា ការបោះបង់ចោលឯករាជ្យភាព និងអធិបតេយ្យភាព គឺជាការបំផ្លាញសន្តិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ