ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានប្រកាសថា លោកនឹងធានាសងប្រាក់ជំនួសដល់កម្មករ បើម្ចាស់ផ្ទះ ដំឡើងថ្លៃឈ្នួលបន្ទប់នៅឆ្នាំ២០១៨។
ក្នុងពិធីចុះជួបកម្មករ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកទទួលបានព័ត៌មានពីកម្មករថា ម្ចាស់ផ្ទះជួលមួយចំនួន គ្រោងដំឡើងថ្លៃជួល នៅដើមឆ្នាំ២០១៨ខាងមុខនេះ ស្របពេលកម្មករ នឹងទទួលបានការដំឡើងប្រាក់ខែចំនួន១៧០ដុល្លារ។
ពាក់ព័ន្ធបញ្ហានេះ លោក ហ៊ុន សែន បានអះអាងប្រាប់ទៅកម្មករថា បើម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួលនៅដើមឆ្នាំ២០១៨ពិតមែន លោកធានាថា នឹងសងជំនួសពួកគេទំាងអស់។
លោកថ្លែងថា «បើសិនជាម្ចាស់ផ្ទះ ដែលខ្ញុំបានស្នើសុំរួចមកហើយ ហើយមានការព្រមព្រៀងគ្នាហើយថា ឆ្នាំ២០១៨ និងមិនដំឡើងថ្លៃជួលផ្ទះទេ បែជាដំឡើង ក្មួយៗបង់ត្រឹមតែថ្លៃឆ្នាំ២០១៧បានហើយ ឯតម្លៃថ្មី ពូអ្នកប៉ាវទំាងអស់! សង្ឃឹមថា ម្ចាស់ផ្ទះទំាងឡាយ និងស្តាប់ឮនូវអ្វី ដែលខ្ញុំនិយាយនេះ»។
បច្ចុប្បន្ននេះ កម្មករ ទទួលបានប្រាក់ឈ្នួលគោលចំនួន១៥៣ដុល្លារ ហើយឆ្នាំក្រោយពួកគាត់ នឹងទទួលបានប្រាក់ឈ្នួល ចំនួន១៧០ដុល្លារនៅឆ្នាំ២០១៨ ខាងមុខនេះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា បើមានការដំឡើងថ្លៃជួលផ្ទះដល់កម្មករ ហើយរដ្ឋាភិបាលអះអាងថា ធានាសងជំនួសកម្មករ នោះជាការល្អប្រសើរ ដោយថា ករណីនេះ អាចជួយសម្រាលបន្ទុកមួយផ្នែកនៃជីវភាពកម្មករ។ ប៉ុន្តែ លោកស្នើនាយករដ្ឋមន្ត្រីអនុវត្តបានយូរអង្វែង ដោយថា កុំឲ្យការសន្យានេះ ធ្វើឡើងគ្រាន់តែចង់បានសន្លឹកឆ្នោតពីកម្មករនៅឆ្នាំ២០១៨។
លោកស្រីថា «ប្រសិនបើធ្វើ គួរតែធ្វើរហូត នៅក្នុងដំណើរការច្បាប់សរសេរម៉េច ឬក៏គោលការណ៍ គាត់ចង់ឲ្យប្រសើរ គាត់ដាក់រហូតទៅ កុំឲ្យនៅអំឡុងពេលឆ្នំាបោះឆ្នោត ដ៏ឆ្នាំផ្សេងៗទៀតគាត់នៅពិបាកដដែល ចឹងសុំឲ្យគាត់មានវិធានការជាក់លាក់ ច្បាស់លាស់ ហើយអនុវត្តវិធានការហ្នឹង ខ្ញុំគិតថាវានឹងប្រសើរឡើង»។
កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែក្រុមហ៊ុនត្រូវទទួលខុសត្រូវបង់ថ្លៃសេវាគាំពារសុខភាពឲ្យកម្មករ១០០ភាគរយ ហើយចាប់ពីឆ្នាំ២០១៩ កម្មករកម្មការិនីនឹងទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្ត្រីរាជការដែរ។ ក្រៅពីនេះ កម្មការិនីអាចជិះរថយន្តក្រុងសាធារណៈពីរឆ្នាំដោយឥតគិតថ្លៃ ចាប់ពីខែសីហាឆ្នាំ២០១៧ ដល់ខែសីហាឆ្នាំ២០១៩ ដោយគ្រាន់តែបង្ហាញបណ្ណការងារ។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «សេចក្ដីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា» កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានឲ្យដឹងថា បន្ទប់ជួលរបស់កម្មករនិយោជិត សិស្ស-និស្សិត មានជាង២៥ម៉ឺនបន្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល៕