អង្គការតម្លាភាពជំរុញកម្ពុជា ឲ្យពន្លឿនច្បាប់ការពារអ្នករាយការណ៍ ដើម្បីទប់ស្កាត់អំពើពុករលួយក្នុងវិស័យធុរកិច្ច ដោយថា បើទោះជាមានក្របខ័ណ្ឌគតិយុត្តិរឹងមាំ ប៉ុន្តែការអនុវត្តនៅមិនទាន់បានល្អនៅឡើយ។
ក្នុងរបាយការណ៍វាយតម្លៃអំពីសុចរិតភាពធរុកិច្ចថ្នាក់ជាតិ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៩ខែធ្នូម្សិលមិញ អង្គការតម្លាភាពកម្ពុជា បានឲ្យពិន្ទុសូន្យ ចំពោះការអនុវត្តការពារសាក្សី ដោយរកឃើញថា ពុំមានកិច្ចការពារឯករាជ្យផ្លូវច្បាប់សម្រាប់អ្នករាយការណ៍ពីអំពើពុករលួយ។
ប្រធានកម្មវិធីពង្រឹងសុចរិតភាពធុរកិច្ចអង្គការតម្លាភាពកម្ពុជា លោកស្រី សូហ្វៀ អាស្ពេស៊ី អ៊ារៀល និយាយពីរបកគំហើញថា ការហាមឃាត់សំណូកផ្នែកពាណិជ្ជកម្មគឺនៅខ្វះតម្លាភាព ហើយការអនុវត្តសម្អាតផលនៃបទល្មើសនៅមានបញ្ហានៅឡើយ បើទោះជាកម្ពុជាមានច្បាប់ ដែលស្របស្តង់ដារអន្តរជាតិក៏ដោយ។
លោកស្រីថា៖ «ត្រូវមានយន្តការរាយការណ៍ស្តង់ដារចាំបាច់ដែលមានព័ត៌មានពីភាពជាម្ចាស់ ហើយការហាមឃាត់ការឃុបឃិតត្រូវរ៉ូវគ្នានេះ គឺត្រូវការច្បាប់រឹងមាំ។ ការប្រយុទ្ធនឹងការឃុបឃិតគ្នានេះ នៅក្នុងបរិយាកាសពាណិជ្ជកម្មត្រូវមានជាចាំបាច់ រួមទាំងមានការការពារអ្នករាយការណ៍ផង ហើយច្បាប់គឺតម្រូវឲ្យមានសម្រាប់ការពារពួកគេ»។
VOD បានទូរសព្ទសុំការឆ្លើយតបពីអនុសាសន៍ដែលបានរកឃើញនេះ ទៅអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង ប៉ុន្តែលោកថាជាប់ប្រជុំ។
ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា នៅមិនទាន់មានច្បាប់ការពារសាក្សីនៅឡើយទេ (Whistleblower Laws) ដោយកាលពីខែវិច្ឆិកាឆ្នាំ២០១៤ អង្គភាពប្រឆាំងអំពើពុករលួយ និងគណកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភា បានបង្ហាញពីការតាំងចិត្តរួម ដើម្បីតាក់តែងសេចក្តីព្រាងច្បាប់ការពារសាក្សីនេះ។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះត្រូវបានបំបែកជាពីរ គឺសេចក្តីព្រាងច្បាប់ការពារសាក្សី និងសេចក្តីព្រាងច្បាប់បុគ្គលរាយការណ៍៕









