អង្គការសហប្រជាជាតិមានសមាជិក១៩៣ប្រទេស នឹងបើកការប្រជុំបន្ទាន់មួយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ តាមការស្នើឡើងរបស់សម្ព័ន្ធអារ៉ាប់ និងបណ្តារដ្ឋឥស្លាមផ្សេងៗទៀតលើពិភពលោក ដើម្បីពិភាក្សាជុំវិញករណីប្រធានា ធិបតីសហរដ្ឋអាមេរិក លោក ដូណាល ត្រាំ ប្រកាសទទួលស្គាល់រដ្ឋធានីជេរ៉ូសាឡឹម(Jerusalem)ថាជារបស់អ៊ីស្រាអែល។
តំណាងប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិ លោក Riyad Mansour ថ្លែងថា អង្គប្រជុំអង្គការសហប្រជាជាតិគួរតែមានការបោះឆ្នោតគាំទ្រសេចក្តីសម្រេចដំណោះស្រាយមួយ ដើម្បីដកឬលុបចោលសេចក្តីសម្រេចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ។
កាលពីថ្ងៃចន្ទដើបសប្តាហ៍នេះនៅក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន១៥ប្រទេសគឺមានតែសហរដ្ឋអាមេរិកមួយគត់ដែលបោះឆ្នោតជំទាស់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ខណៈ១៤ប្រទេសផ្សេងទៀតគាំទ្រ។
នៅក្នុងសេចក្តីព្រាងសេចក្តីសេចក្តីសម្រេចដែលព្រាងឡើងដោយប្រទេសអេហ្ស៊ីបនោះ មិនបានបញ្ជាក់លើសហរដ្ឋអាមេរិក ឬប្រទេសណាមួយនោះទេគ្រាន់តែ បង្ហាញថា មានការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេច និងស្ថានភាពថ្មីៗនេះ លើស្ថានភាពនៅ ជេរ៉ូសាឡឹម។
តំណាងអាមេរិកនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានសរសេរនៅលើបណ្តាញសង្គមTwitter ដោយព្រមានថា អាមេរិកនិងគត់ត្រាទុកចំពោះប្រទេសណាដែលបោះឆ្នោតគាំទ្រសេចក្តីសម្រេចនោះក្នុងន័យរិះគន់ការសម្រេចរបស់អាមេរិក។
យោងតាមសេចក្តីសម្រេចកាលពីឆ្នាំ១៩៥០បានចែងថា រាល់ករណីកើតឡើងបន្ទាន់ណាមួយ អាចស្នើទៅអង្គសន្និបាតនៃអង្គការសហប្រជាជាតិកោះប្រជុំប្រទេសសមាជិក បើសិនជាសមាជិកក្រុមប្រឹក្សាសន្តិសុខបរាជ័យក្នុងការស្វែងរកដំណោះស្រាយ។
ចាប់តាំងពីការចេញវិធានការ មានការប្រជុំ១០លើករួចមកហើយ ដែលការប្រជុំលើកចុងក្រោយគឺប្រព្រឹត្តទៅកាលពីឆ្នាំ២០០៩ ទាក់ទងការចូលគ្រប់គ្រងផ្នែកខាងកើតនៃរដ្ឋធានីជេរ៉ូសាឡឹម និង តំបន់មួយចំនួនរបស់ប៉ាឡេស្ទីន។ ការប្រជុំនៅថ្ងៃស្អែកនេះ នឹងមានការពិនិត្យលើចំណុចទាំងអស់នេះឡើងវិញ។
ការសម្រេចរបស់លោកត្រាំនៅដើមខែនេះ ធ្វើឲ្យអាមេរិកបាត់បង់តួនាទីក្នុងនាមជាអ្នកសម្របសម្រួលដោះស្រាយវិវាទនេះរវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីនដោយការចរចា។ ការសម្រេចរបស់លោកត្រាំ ទទួលរងការថ្កោលទោសពីបណ្តាប្រទេសម្ព័ន្ធអារ៉ាប់ និង រដ្ឋអ៊ីស្លាមជាច្រើនទៀត។ ចំណែកប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកក៏បានសម្តែងការព្រួយបារម្ភចំពោះការសម្រេចរបស់លោកត្រាំដែរ។
អ៊ីស្រាអែលកំពុងរៀបចំចង់ទទួលយករដ្ឋធានីជេរ៉ូសេឡឹមជាកម្មសិទ្ធិខ្លួនដែលមិនអាចបែងចែកឲ្យអ្នកផ្សេងហើយចង់ឲ្យប្រទេសផ្សេងៗដាក់ស្ថានទូតនៅទីនោះ ប៉ុន្តែប៉ាឡេស្ទីនក៏ចង់បានរដ្ឋធានីនោះជារដ្ឋធានីរបស់ខ្លួនផ្តាច់មុខដែរ ខណៈភាគខាងកើតនៃរដ្ឋធានីនេះត្រូវបានអ៊ីស្រាអែលចូលកាន់កាប់កាលពីឆ្នាំ១៩៦៧ ប៉ុន្តែមិនមានការទទួស្គាល់ពីសហគមន៍អន្តរជាតិនោះទេ៕










