អាជ្ញាធរឧតុនិយមកម្ពុជា បានព្រមានទៅដល់ពលរដ្ឋនៅតាមតំបន់មាត់សមុទ្រទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗរយៈ ៣ថ្ងៃនៅសប្ដាហ៍ក្រោយនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២១ ធ្នូនេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលនៃព្យុះតឹមប៊ីន ដែលកើតចេញពីមហាសមុទ្រប៉ាស៊ីហ្វិក ហើយកំពុងធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីនចូលមកសមុទ្រចិនខាងត្បូង និងបន្តដំណើរចូលមកប្រទេសវៀតណាម។
ក្រសួងថា ក្នុងលក្ខណៈបែបនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើននៅស្ទើរទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូនេះ ជាពិសេសខេត្តជាប់ប្រទេសវៀតណាម ប៉ុន្តែ តំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ខ្លាំង។
ក្រសួងបានព្រមានទៅប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុបែបនេះ ដោយថា ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕