មេដឹកនាំយោធាថៃលោក ប្រាយុទ្ធ ចាន់អូចា ថ្លែងនៅថ្ងៃអង្គារដើមសប្តាហ៍នេះ ដោយប្រកាសលុបចោលបំរាមដែលហាមបុគ្គលមួយចំនួនមិនឲ្យធ្វើនយោបាយនោះចេញ ដើម្បីឲ្យមានការចូលរួមប្រកួតប្រជែងការ បោះឆ្នោតដោយសេរីនៅខែវិច្ឆិកាឆ្នាំ២០១៨។
កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ គណបក្សភឿ ថៃ របស់លោកស្រី យីងឡាក់ និងអ្នកនយោបាយគណបក្សផ្សេងៗ បានជំរុញឲ្យរដ្ឋាភិបាលយោធា បញ្ចប់ការរារាំងសកម្មភាពនយោបាយ និងរៀបចំការបោះឆ្នោតដោយសេរី។
ក្រុមយោធាចាប់ផ្តើមគ្រប់គ្រងរដ្ឋាភិបាលតាំងពីខែឧសភាឆ្នាំ២០១៤ នៅពេលដែលក្រុមនេះធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី យីងឡាក់ ចេញពីតំណែង ហើយបានបញ្ចប់ភាពចលាចលនយោបាយ គឺបញ្ចប់ចលនាតវ៉ាតាមដងផ្លូវ ទាំងក្រុមប្រឆាំងនិងក្រុមគាំទ្រ។
ក្រោយការប្រកាសរបស់លោក ប្រាយុទ្ធ ចាន់អូចា ពីការរៀបចំបោះឆ្នោតដោយសេរីនេះមានការសាទរភ្លាមៗពីអ្នកនយោបាយដែលមាននិន្នាការប្រឆាំង និងប្រទេសជាមិត្តផ្សេងៗទៀត។ ស្របពេលជាមួយគ្នានេះក្រុមអ្នកវិនិយោគក៏បង្ហាញពីទំនុកចិត្តរបស់ពួកគេកាន់តែខ្លាំងទៀតដែរចំពោះរបត់នយោបាយថ្មីនេះ។
ស្ថានភាពនយោបាយ
សង្គមថៃមួយរយៈកាលចុងក្រោយ មានភាពចម្រូងចម្រាស់ខ្លាំងរវាងក្រុមអ្នកនយោបាយដែលនិយមតឹងទៅខាងខ្សែរាជវង្ស ដែលអ្នកគាំទ្រពួកគេប្រើប្រាស់អាវលឿងជាសញ្ញាក្រុមនេះ ប្រឈមមុខជាមួយក្រុមអ្នកនយោបាយគាំទ្រក្រុមគ្រួសារលោក ថាក់ ស៊ីន ដែលគេហៅថាក្រុមអាវក្រហម។
ក្រុមគ្រួសារលោកថាក់ ស៊ីន ជាគ្រួសារសេដ្ឋីមានទ្រព្យធនច្រើនល្បីក្នុងនយោបាយថៃប្រមាណ២ទសវត្សរ៍ចុងក្រោយនេះ ហើយមានការគាំទ្រច្រើនពីប្រជាពលរដ្ឋពិសេសពលរដ្ឋក្រីក្រនៅភាគខាងជើងនៃប្រទេស។ ប្រជា ប្រិយភាពរបស់លោកថាក់ ស៊ីន នាំឲ្យសង្គមថៃដែលមានការគោរពបូជាខ្លាំងលើខ្សែរាជវង្សនោះបារម្ភខ្លាច ប្រជាប្រិយភាពក្សត្រធ្លាក់ចុះ។
ទន្ទឹមនឹងការល្បីឈ្មោះនេះ គណបក្ស ថៃរ៉ាក់ ថៃ(Thai Rak Thai) របស់លោក ថាក់ ស៊ីន ត្រូវបានតុលាការធម្មនុញ្ញរំលាយកាលពីខែឧសភា ឆ្នាំ២០០៧ ដោយចោទថា បានធ្វើសកម្មភាពប៉ះពាល់ច្បាប់បោះឆ្នោត។
ក្រោយមកលោកបង្កើតគណបក្សមួយទៀត គឺគណបក្ស ផីបផល ហៅវ័រ(People’s Power) នៅខែកញ្ញាឆ្នាំ២០០៨ ប៉ុន្តែត្រូវតុលាការធម្មនុញ្ញរំលាយចោលទៀតគឺ៣ខែក្រោយការបង្កើតដោយសារថា រកឃើញមានកំហុសរបស់ស្ថាបនិកបក្សនេះ។
លោក ថាក់ ស៊ីន ក៏បានបង្កើតគណបក្សមួយទៀតឈ្មោះ គណបក្ស ភឿ ថៃ(Pheu Thai) ឲ្យប្អូនស្រីរបស់លោក គឺលោកស្រី យីង ឡាក់ ដឹកនាំចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១១ ទទួលបានការគាំទ្រយ៉ាងច្រើន ហើយឈ្នះដឹកនាំរដ្ឋាភិបាល។ លុះដល់ខែឧសភាឆ្នាំ២០១៤ ត្រូវពួកយោធាធ្វើរដ្ឋប្រហារ បណ្តេញលោកស្រី យីង ឡាក់ចេញពីតំណែង ហើយយោធាគ្រប់គ្រងប្រទេសដល់បច្ចុប្បន្ន។ ចំណែកបងប្អូនប្រុស ស្រី គឺលោក ថាក់ ស៊ីន លោកស្រី យីង ឡាក់ និង អ្នកនយោបាយជាច្រើនទៀតបានគេចខ្លួនទៅក្រៅប្រទេស។
ក្រោមការគ្រប់គ្រងរបស់ពួកយោធា មានការចោទប្រកាន់ថា បានរឹតត្បិត សេរីភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ក្រោមហេតុផល ដើម្បីថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម។
ទោះយ៉ាងណាក្រោយការប្រកាសរបស់មេដឹកនាំយោធាថៃអំពីការបោះឆ្នោតនៅចុងឆ្នាំ២០១៨ ទទួលបានការសាទរច្រើនពីអ្នកនយោបាយនៅក្រុមផ្សេងៗ។
ក្រុមនយោបាយដែលកំពុងតែធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលយោធាថៃគឺក្រុមអាវក្រហម បានចេញសេចក្តីថ្លែងការណ៍ថា នេះជា ជំហានល្អនៃការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ ទន្ទឹមនឹងការសាទរនេះ ក្រុមអាវក្រហមក៏ទាមទារឲ្យរដ្ឋាភិបាលយោធា លុបចោលបំរាមហាមការជួបជុំចេញ ដើម្បីឲ្យមហាជនអាចសម្តែងមតិបានវិញ។
បើសិនជាមានការរៀបចំការបោះឆ្នោតដោយសេរី និង ត្រឹមត្រូវដូចការអះអាងរបស់លោក ប្រាយុទ្ធ ចាន់អូចា មែននោះ អាចជាចំណុចមួយដែលធ្វើឲ្យអ្នកនយោបាយក្នុងសង្គមថៃមានការស្រុះស្រួលគ្នាឡើងវិញ។
វិស័យសេដ្ឋកិច្ច
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Straits Time បានឲ្យដឹងថា ការប្រកាសរៀបចំការបោះឆ្នោតដោយសេរីនេះ មានការស្វាគមន៍យ៉ាងខ្លាំងពីក្រុមអ្នកវិនិយោគ ខណៈបច្ចុប្បន្នថៃមានសេដ្ឋកិច្ចធំលំដាប់ទី២នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីឥណ្ឌូនេស៊ី។
តាមរបាយការណ៍ចុះផ្សាយរបស់គេហទំព័រ World’s Top Exports បានឲ្យដឹងថា ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ជាគេរបស់ថៃគឺ សហរដ្ឋអាមេរិក ហើយបន្តបន្ទាប់ទៀត រួមមាន ចិន ជប៉ុន ហុងកុង អូស្រ្តាលី ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និង ឥណ្ឌូនេស៊ីជាដើម។
នៅពេលប្រទេសនេះ មានស្ថិរភាពនយោបាយ ដើរតាមគន្លងប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស គេមើលឃើញថា កម្លាំងសេដ្ឋកិច្ចកាន់តែស្ទុះឡើងថែមទៀត ព្រោះមានការងាកមកសហការជាថ្មី ពីប្រទេសសមាជិកសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក។
ក្រោយរដ្ឋប្រហារកាលពីឆ្នាំ២០១៤មក ទំនាក់ទំនងថៃ និងអឺរ៉ុបនៅលើផ្នែកជាច្រើនបានធ្លាក់ចុះ ប៉ុន្តែនៅដើមខែធ្នូនេះ អឺរ៉ុបបានបង្ហាញជំហរចាប់ផ្តើមទំនាក់ទំនងគ្រប់លំដាប់ថ្នាក់ជាមួយថៃវិញ។
ការទំនាក់ទំនងរវាងថៃ និង អាមេរិកដែលគេមើលឃើញថា មានភាពតានតឹងខ្លាំងក្រោយពេលដែលឧត្តមសេនីយ៍ប្រាយុទ្ធចាន់ អូចា មេដឹកនាំយោធាបានធ្វើរដ្ឋប្រហារកាលពីខែឧសភា ឆ្នាំ២០១៤។ នៅពេលនោះសហរដ្ឋអាមេរិកបានថ្កោលទោស និង ជំរុញញឹកញាប់ឲ្យរដ្ឋាភិបាលយោធាថៃ រៀបចំការបោះឆ្នោតនិងងាកទៅពង្រឹងរបបប្រជាធិបតេយ្យវិញ។ ក្នុងដំណាក់កាលនោះប្រទេសទាំងពីរផ្អាកការទំនាក់ទំនងមួយចំនួនរួមទាំងផ្អាកការធ្វើសមយុទ្ធប្រចាំឆ្នាំឈ្មោះ Cobra Cold ដែលសមយុទ្ធធំបំផុតនៅអាស៊ី។
ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំថៃ លោកប្រាយុទ្ធចាន់ អូចា ទៅសហរដ្ឋអាមេរិករយៈពេល៣ថ្ងៃកាលពីដើមខែតុលានោះ មានកិច្ចព្រមព្រៀងមួយចំនួនដែលគេមើលឃើញថា ជាសញ្ញារីកចម្រើននៃប្រទេសទាំងពីរទាំងវិស័យនយោបាយ និង សេដ្ឋកិច្ច។
ថៃបច្ចុប្បន្នកំពុងតែមានការរីកចម្រើន នៅក្នុងតំបន់ ហើយបើយោងតាមរបាយការណ៍អង្គការទេសន្ដរប្រវេសន៍អន្ដរជាតិ (IOM) បានឲ្យដឹងថា ពលរដ្ឋនៅក្នុងប្រទេសជិតខាងចំនួនជាង៣លាននាក់បានចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ខណៈអង្គការនៅក្នុងតំបន់មួយចំនួនថា ពលករពីប្រទេសផ្សេងៗទៅរកការងារធ្វើនៅក្នុងប្រទេសថៃទាំងស្រប និង ខុសច្បាប់មានជាង ៤លាននាក់ ឬ ច្រើនជាងនេះ។
កត្តាទាំងនេះធ្វើឲ្យអ្នកឃ្លាំងមើលអះអាងថា សន្ទុះសេដ្ឋកិច្ចរបស់ថៃកាន់តែរីកចម្រើនខ្លាំងថែមទៀត បើសិនជាមានរៀបចំការបោះឆ្នោតត្រឹមត្រូវ និង មានទំនាក់ទំនងកាន់តែល្អជាមួយសហគមន៍អន្តរជាតិ៕