ធនាគារពិភពលោក លើកឡើងថា ទីក្រុងភ្នំពេញមិនទាន់មានផែនការច្បាស់លាស់ ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធទីក្រុងមួយនេះ បន្តរីកលូតលាស់រដេបរដុប ដែលបង្កឲ្យមានបញ្ហាសណ្ដាប់ធ្នាប់ និងបរិស្ថាន។
ក្នុងរបាយការណ៍ជាង ៨០ទំព័ររបស់ធនាគារពិភពលោក បានឲ្យដឹងថា ទីក្រុងភ្នំពេញមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប៉ុន្តែ ធនាគារនេះ លើកឡើងថា កំណើននេះកើតឡើងដោយពុំទាន់មានផែនការប្រើប្រាស់ដីធ្លីលម្អិតដើម្បីតម្រង់ទិសដល់ការអភិវឌ្ឍតាមភូមិសាស្ត្រនានានៅឡើយទេ ដែលធ្វើឲ្យការអភិវឌ្ឍក្រុងភ្នំពេញបន្តកើតឡើងរដេបរដុប ខណៈប្លង់គោលរាជធានីភ្នំពេញឆ្នាំ២០៣៥ ពុំមានឥទ្ធិពលលើកការពង្រីកក្រុងនោះទេ ដោយសារប្លង់នេះស្ថិតក្នុងកម្រិតទូលំទូលាយពេក។
របាយកាណ៍នោះ បានរៀបរាប់ថា៖ «ការអភិវឌ្ឍទីក្រុង នៅតែបន្តកើតឡើងដោយពុំមានការគ្រោងទុក ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពឲ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការនាពេលបច្ចប្បន្ន និងតម្រូវការនាពេលអនាគត។ ទីក្រុងនេះប្រឈមនឹងបញ្ហាធំៗ តាមវិស័យផ្សេងៗ ដូចជាការដឹកជញ្ជូនក្នុងទីក្រុង និងការសម្អាតទឹកស្អុយ ហើយបញ្ហាកកស្ទះចរាចរណ៍ និងការខ្វះប្រព័ន្ធសំអាតទឹកស្អុយ រឹតតែធ្ងន់ធ្ងរទៅទៀត ជាមួយនឹងការអភិវឌ្ឍទ្រង់ទ្រាយធំទៅតាមតំបន់ថ្មីៗ»។
លើសពីនេះទៀត ធនាគារពិភពលោកក៏បានរកឃើញផងដែរថា ក្នុងចំណោមមន្ត្រីរៀបចំក្រុង ៥០នាក់របស់រាជធានីភ្នំពេញ មានតែ ១០ភាគរយ ឬស្មើ ៥នាក់ប៉ុណ្ណោះ ដែលទទួលបានការបណ្តុះបណ្តាលជាផ្លូវការ ឲ្យក្លាយជាអ្នករៀបចំផែនការទីក្រុង។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បដិសេធក្នុងការបកស្រាយតបទៅនឹងរបាយការណ៍នេះ ដោយថា សាលារាជធានីពុំទាន់ទទួលរបាយការណ៍នេះនៅឡើយ។
លោកថា៖ «ដូចខ្ញុំជម្រាបចឹង! អញ្ចឹងខ្ញុំឆ្លើយតបទៅនឹងរបាយការណ៍ហ្នឹងអត់កើត ចាំខ្ញុំទទួលបានសិន ណាមួយអត់ទាន់ឃើញមានការផ្ញើមកយើងថាមិច ចាំខ្ញុំទទួលបានរបាយការណ៍ហ្នឹងលំអិតថាយ៉ាងមិចទៅទើបខ្ញុំជូនការឆ្លើយតបកើត»។
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងដែនដីលោក ឡោ រ៉ាវុធ និងលោកសេង ឡូត បាននៅឡើយទេរហូតមកដល់រសៀលថ្ងៃទី២១ ធ្នូនេះ ដោយទូរស័ព្ទលោកទាំងពីរចុចចូលជាច្រើនលើក តែគ្មានអ្នកទទួល។
អ្នកជំនាញខាងអភិបាលកិច្ច លោក ឱក សេរីសោភក្តិ៍ មានប្រសាសន៍ថា ស្ថានភាពនៃការអភិវឌ្ឍក្រុងភ្នំពេញនាពេលនេះមានភាពស្មុគស្មាញ និងបង្កការលំបាកដល់ការរស់នៅរបស់ប្រជាជនជាច្រើន ជាពិសេសបញ្ហានៃការគ្រប់គ្រងកាកសំណល់ និងការកកស្ទះចរាចរណ៍កាន់តែមានភាពធ្ងន់ធ្ងរ។
លោកបានព្រមានថា បើមិនអាចដោះស្រាយបាននោះទេ វានឹងធ្វើឲ្យភ្នំពេញកាន់តែពិបាករស់នៅក្នុងអំឡុងពេល ៤ ទៅ ៥ឆ្នាំទៀត។
លោកបន្ថែមថា បញ្ហាដែលកើតឡើងនេះ បណ្តាលមកពីបញ្ហានៃអំពើពុករលួយដែលធ្វើឲ្យការអនុវត្តន៍ប្លង់មេសម្រាប់ទីក្រុងមិនអាចអនុវត្តន៍បាន។
លោកថា៖ «ផែនការមេររបស់គេហ្នឹង លម្អិតណាស់! តែយើងអត់គោរពតាម ដោយសារតែអ្នកខ្លះអភិវឌ្ឍន៍ម្តុំនេះទៅ ផែនការមេគេថា កុំអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍គាត់មានលុយ គាត់ទៅទិញដីកន្លែងហ្នឹង គាត់ទៅធ្វើស្អីៗទៅ។ អញ្ចឹងហើយបានជាខ្ញុំនិយាយពីបញ្ហាអភិបាលកិច្ច កាលណាយើងអត់មានអភិបាលកិច្ចល្អ បញ្ហាប្លង់មេមាន តែយើងអត់គោរព ការអភិវឌ្ឍបែបអនាធិបតេយ្យវាចេញមកចឹងហើយ»។
បើតាមលោក ឱក សេរីសោភក្កិ៍ បញ្ហាទាំងនេះ គឺអាចដោះស្រាយបានដោយអាស្រ័យលើគោលនយោបាយ និងឆន្ទៈរបស់រដ្ឋាភិបាល។
របាយការណ៍សាលារាជធានីភ្នំពេញ ឲ្យដឹងថា ទីក្រុងមួយនេះ បានពង្រីកផ្ទៃដីរដ្ឋបាលរបស់ខ្លួនពីជាង ៣០០គីឡូម៉ែត្រការ៉េ ទៅដល់ជិត ៧០០គីឡូម៉ែត្រការ៉េនាពេលបច្ចុប្បន្ននេះ ខណៈដែលទីក្រុងនេះ មានប្រជាជនជាង ២លាននាក់ ក្នុងនោះមានទាំងពលរដ្ឋចំណាកស្រុកជាង ៨សែននាក់ និងយានយន្តប្រហែល ៣លានគ្រឿង៕









