លោកនាយករដ្ឋមន្រ្តីហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋខេត្តកែបបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនក្នុងការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី ២៩ ខែ កក្កដាឆ្នាំក្រោយ។
លោកហ៊ុន សែន បានអំពាវនាវបែបនេះនៅព្រឹកថ្ងៃទី ២៣ ខែ ធ្នូនេះ ខណៈលោកកំពុងចូលរួមពិធីបុណ្យសមុទ្រ និងសម្ពោធវិទ្យាល័យ ចរិយាវង្ស ខេត្តកែប។
លោកហ៊ុន សែន បានលើកឡើងថា៖ «ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្នុងខេត្តកែបទាំងអស់ ហើយសង្ឃឹមថានៅ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ បងប្អូនទូទាំងខេត្តនឹងបន្តបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជាជាបន្តទៀត។»
លោកហ៊ុន សែន បន្ថែមថាតាមរយៈសមិទ្ឋផលថ្មីៗជាអគារសិក្សា ដែលលោកបានកសាង និងកំពុងកសាងបន្ថែមនៅខេត្តកែបនោះ លោកសង្ឃឹមថាវានឹងបានជាប្រយោជន៍ដល់ការសិក្សារបស់ក្មេងយ៉ាងហោច រយៈពេល ៥០ឆ្នាំទៅមុខទៀតដែរ។
ទោះបីជាយ៉ាងណាការបោះឆ្នោតនាពេលខាងមុខទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិមើលឃើញថាមិនអាចដំណើរការទៅដោយត្រឹមត្រូវនិងយុត្តិធម៌នោះទេ បន្ទាប់ពីបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំត្រូវបានរំលាយដោយតុលាការកំពូលកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកាកន្លងទៅ ការបន្តឃុំខ្លួនប្រធានអតីតបក្សសង្គ្រោះជាតិលោក កឹម សុខា និងការដាក់សម្ពាធដល់ក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ។
ជាមួយគ្នានោះដែរប្រទេសលោកសេរី មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជា បើរដ្ឋាភិបាលលោក ហ៊ុន សែន មិនធ្វើឲ្យស្ថានការនយោបាយវិលទៅរកស្ថានភាពដើមវិញ។ ប៉ុន្តែភាគីរដ្ឋាភិបាល នៅតែអះអាងថា រាល់ចំណាត់ការទាំងឡាយ គឺជាការអនុវត្តច្បាប់តែប៉ុណ្ណោះ៕









