មន្ត្រីព្រំដែនកម្ពុជា អះអាងថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តមួយស្ថិតនៅភាគឦសាន នឹងត្រូវបញ្ចប់នៅដើមឆ្នាំក្រោយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល ដែលបានដកស្រង់សម្ដីរបស់មន្ត្រីព្រំដែនកម្ពុជារូបនេះ។
អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី ត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មាន Fresh News កាលពីថ្ងៃម្សិលមិញថា អ្នកស្រីបានចុះទៅត្រួតពិនិត្យការបោះបង្គោលព្រំដែននៅក្នុងខេត្តរតនគិរី ជាប់ខេត្តកន់ទុំ និងខេត្តយ៉ាឡាយរបស់វៀតណាម។
មន្ត្រីព្រំដែនកម្ពុជារូបនេះ ត្រូវបានដកស្រង់សម្ដីចុះផ្សាយថា ការបោះបង្គោលព្រំដែនខេត្តរតនគិរីរបស់កម្ពុជា និងខេត្តកន់ទុំ និងខេត្តយ៉ាឡាយរបស់វៀតណាម គ្រោងបញ្ចប់នៅត្រីមាសទី១ឆ្នាំ២០១៨ខាងមុខ។
អ្នកស្រីថ្លែងថា៖ «នៅក្នុងខេត្តនេះ រហូតមកដល់ពេលនេះ គឺការបោះបង្គោលព្រំដែនធំ បានចំនួន ៨២ភាគរយ និងបង្គោលព្រំដែនបំពេញបន្ថែម បានចំនួន ៥ភាគរយ។ នៅសល់ ៤៤ភាគរយទៀត ភាគីទាំងពីរ នឹងខិតខំឲ្យបញ្ចប់នៅមុនត្រីមាសទីឆ្នាំ២០១៨»។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានថ្លែងប្រាប់វីអូឌីកាលពីថ្ងៃទី១០ ខែវិច្ឆិកាថា ការបង្គោលព្រំដែនកម្ពុជា-វៀតណាម សម្រេចបាន ៨៤ភាគរយហើយ នៅលើបន្ទាត់ព្រំដែនគោករួមរវាងប្រទេសទាំងពីរសរុប ១២៧០គីឡូម៉ែត្រ៕









