លោក ឱម យ៉ិនទៀង ​ថាច្បាប់ការពារសាក្សីព្រាងបាន៩០ភាគរយ​ហើយ

ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង។

ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ ហៅ​កាត់​ថា ACU បាន​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​ការពារ​សាក្សី ត្រូវ​បាន​រៀបចំ​ឡើង​សម្រេច​បាន ៩០​ភាគរយ​ហើយ ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល បាន​ជំរុញ​ឲ្យ​ពន្លឿន​សេចក្ដី​ព្រាង​ច្បាប់​នេះ។

ក្នុង​សិក្ខាសាលា «អ្នកសារព័ត៌មាន និងការប្រយុទ្ធ​ប្រឆាំងនឹងអំពើពុករលួយ» កាលពីម្សិលមិញ ប្រធាន ACU លោក ឱម យ៉ិនទៀង បានថ្លែង​​ថា សេចក្តីព្រាងច្បាប់ការពារសាក្សី ត្រូវបាន​ព្រាង​ឡើង​បាន ៩០ភាគរយហើយ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន។ លោក​បន្ថែម​ថា សប្តាហ៍ក្រោយនេះ លោក និងក្រសួងយុត្តិធម៌នឹងជជែកបន្ថែមលើមាត្រាទោសទណ្ឌ។

លោក ឱម យ៉ិនទៀង ថ្លែង​៖ «ឥឡូវនេះជាដំណាក់កាលមួយថា យើងជជែកគ្នាចប់ហើយ នៅពាក់ព័ន្ធតែទោសទេ តើជាប់គុកប៉ុន្មាន? ហើយច្បាប់​ស្រុកណា គឺដូចតែគ្នាទេ តែពាក់ព័ន្ធទោស គេប្រគល់ឲ្យក្រសួងយុត្តិធម៌មើលចុងក្រោយ ទើបយើងអាចស្នើទៅសភាបាន។ អញ្ចឹង ក្រសួងយុត្តិធម៌ក៏ចូលជាមួយយើងដែរ តែគាត់និយាយទូទៅទាំងអស់ ប៉ុន្តែ គ្រាន់អ្នកឯងខ្ចប់បានស្អាតហើយ ក្រសួងយុត្តិធម៌មើលពីរឿងផ្នែកទោស។ ហើយតាមខ្ញុំដឹង អាទិត្យក្រោយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងខ្ញុំ ជួបគ្នានិយាយហើយ»។

អង្គការតម្លាភាពកម្ពុជា បាន​ជំរុញ​ឲ្យ​ពន្លឿន​ច្បាប់ការពារអ្នករាយការណ៍​អំពើ​ពុក​រលួយ  ដើម្បីទប់ស្កាត់អំពើពុករលួយ ដោយថា​ បើទោះជាមានក្របខណ្ឌគតិយុត្តិរឹងមាំ ប៉ុន្តែ ការអនុវត្តនៅមិនទាន់បានល្អនៅឡើយ។

ក្នុងរបាយការណ៍វាយតម្លៃអំពីសុចរិតភាពធរុកិច្ចថ្នាក់ជាតិ ដែលផ្សព្វផ្សាយកាលពីសប្តាហ៍មុន អង្គការតម្លាភាពកម្ពុជា បានឲ្យពិន្ទុសូន្យចំពោះការ​ការពារសាក្សី ដោយរកឃើញថា ពុំមានកិច្ចការពារឯករាជ្យផ្លូវច្បាប់សម្រាប់អ្នករាយការណ៍ពីអំពើពុករលួយ​ឡើយ។

ច្បាប់ការពារសាក្សី ដែលត្រូវ​បាន​ផ្តួចផ្តើមធ្វើតាំងពីខែវិច្ឆិកា​ឆ្នាំ២០១៤​​ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងគណកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភា​នោះ ត្រូវបានបំបែកជាពីរ  គឺសេចក្តីព្រាងច្បាប់ការពារសាក្សី និងសេចក្តីព្រាងច្បាប់បុគ្គលរាយការ​ណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ