ក្រសួង​យុត្តិធម៌​ចាត់​តាំង​មន្ត្រី​សរសេរ​របាយការណ៍​សិទ្ធិ​មនុស្ស​ដាក់​ទៅ UN

ក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌ បានបង្កើតក្រុមការងារពិសេសមួយទៀត ​បន្ថែម​ទៅ​លើ​ក្រុម​ការងារ​របស់​រដ្ឋាភិបាល ដើម្បីសរសេររបាយការណ៍អំពី​ស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជា ដាក់ជូនទៅអង្គការសហប្រជាជាតិ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៨​ធ្នូ​កន្លង​មក​នេះ បាន​សម្រេច​ចាត់​តាំង​មន្ត្រី​ដល់​ទៅ ៨៣​រូប​មក​ពី​ស្ថាប័ន​ចម្រុះ​ សម្រាប់​​ទទួល​ខុស​ត្រូវ​សរសេរ​របាយការណ៍​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ ដាក់​ទៅ​អង្គការ​សហ​ប្រជាជាតិ ហើយ​ក្រុម​ការងារ​នោះ ត្រូវ​បាន​​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី។

ក្នុងសេចក្ដីសម្រេច​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា បាន​ចាត់​តាំង​មន្ត្រី​មួយ​ក្រុម​ទៀត​មាន​សមាសភាព ២០​រូប និង​ដឹកនាំ​ដោយ​​អនុ​រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន សម្រាប់​សរសេរ​របាយការណ៍​ដាក់​ទៅ​អង្គការ​សហ​ប្រជាជាតិ។

បើតាមសេចក្ដីសម្រេច​នេះ​ ក្រុមការងារពិសេសនេះ ត្រូវ​បាន​ចាត់​តាំង​ឲ្យ​​សរសេរ​សេចក្ដី​ព្រាង​របាយការណ៍​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​​​​ដាក់​ទៅ​អង្គការ​សហ​ប្រជាជាតិ និង​ពិនិត្យ​មើល​របាយការណ៍​នានា​ដែល​ចេញ​ដោយ​អង្គការ​សហ​ប្រជាជាតិ ជុំ​វិញ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ក្រុម​ការងារ​បែប​នេះ ត្រូវ​បាន​ចាត់​តាំង​ឡើង​ បន្ទាប់​ពី​សហគមន៍​អន្តរជាតិ បាន​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា ជុំ​វិញ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ដក​ហូត​អាសនៈ​ជាប់​ឆ្នោត​របស់​បក្ស​នេះ ការ​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​​លើ​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​ប្រឆាំង និង​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ព្រម​ទាំង​ការ​បិទ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន។

VOD មិនអាចសុំការពន្យល់បន្ថែមពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក គឹម សន្ដិភាព បានទេ​នៅ​ថ្ងៃ​នេះ ជុំ​វិញ​ការ​បង្កើត​ក្រុម​ការងារ​មួយ​នេះ។

ទោះជាយ៉ាងណា នាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ យល់ថា រដ្ឋាភិបាលគួរអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ចូលរួមផ្ដល់របាយការណ៍ និងយោបល់របស់ពួកគេផងដែរ ដើម្បីបង្ហាញពីភាពត្រឹមត្រូវ​នៃ​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

​លោកស្រីបន្ថែម​ថា ក្រុម​អង្គការសង្គមស៊ីវិល​ភាគ​ច្រើន មានក្ដីព្រួយបារម្ភ ខណៈស្ថានការណ៍នយោបាយបច្ចុប្បន្ន ត្រូវបានគេចាត់ទុកថា មានភាពតានតឹង។

លោកស្រីថា៖ «ធម្មតា បើសិនណាគេចង់ឆែកព័ត៌មាន គេអាចឆ្លងការពិភាក្សាមកខាងសង្គមស៊ីវិលដែរ ដើម្បីឲ្យសង្គមស៊ីវិលមានយោបល់ក្នុងការធ្វើរបាយការណ៍ ក៏ដូចជាលទ្ធផល។ សង្គមស៊ីវិលភាគច្រើន មួយចំនួនធំ មិនសូវហ៊ាននិយាយ ហើយបានចេញទៅក្រៅខ្លះអីអញ្ចឹង។ ​ខ្ញុំមិនដឹងថា ការប្រមូលផ្ដុំគ្នា នឹងធ្វើទៅដោយរបៀបណាទេ តែប្រហែលជាមានមនុស្សនៅប្រមូលគ្នាធ្វើតទៅទៀត»។

អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានឈានដល់កម្រិតមួយ ដែលធ្វើឲ្យសហគមន៍អន្ដរជាតិ ជាពិសេស អង្គការសហប្រជាជាតិ ចាប់ផ្ដើមបង្ហាញក្ដីកង្វល់ខ្លាំង។

លោក មាស នី លើក​ឡើង​ថា បើរដ្ឋាភិបាលកម្ពុជា​បង្ហាញរបាយការណ៍​មិនឆ្លុះបញ្ចាំងការពិត ឬមិនបន្ទន់ជំហររបស់ខ្លួនទេនោះ លោកថា វារឹតតែធ្វើឲ្យអតីតគណបក្សប្រឆាំង​កាន់តែមានឥទ្ធិពលលើឆាកអន្ដរជាតិ ដែលអាចនាំឲ្យមានការព្យួរអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ ក៏អាចថាបាន។

លោកថា៖ «ខ្ញុំមិនទាន់មានជំនឿថា រដ្ឋាភិបាលនឹងប្ដូរជំហរទេ។ ជួនកាលជំហរចាស់នៅតែមានដដែល គ្រាន់តែរាយការណ៍បន្លំភ្នែកគេ ចេះតែការពារខ្លួន រាយការណ៍ដើម្បីការពារ មិនមែនដើម្បីការពិត ហើយបើសិនជាការរំលោភសិទ្ធិមនុស្ស មិនមានការថមថយ ហើយមានរឿងថ្មីៗ​កើតឡើងច្រើនទៀត ជួនកាលវានឹងអាចជំរុញឲ្យគេស្គាល់កម្ពុជា កាន់តែច្រើនឡើង តែមិនមែនស្គាល់ដោយអំពើល្អទេ។​ ក្នុងហ្នឹង វានឹងអាចជំរុញឲ្យការប្ដឹងរបស់គណបក្សប្រឆាំងទៅលើការព្យួរកៅអីនៅអង្គការសហប្រជាជាតិ វាកាន់តែធ្វើឲ្យភាសារបស់គេ​កាន់តែមានទឹកមាត់ប្រៃ​ក្នុងការទាមទារ ឬតស៊ូមតិទៅលើការព្យួរកៅអីនេះ»។

ក្រោយរំលាយអតីតគណបក្សប្រឆាំង ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស កាលពីខែវិច្ឆិកានោះ សហគមន៍អន្ដរជាតិ នាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ដោយថា កម្ពុជា កំពុងដើរចេញពីគន្លងប្រជាធិបតេយ្យ និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។

ចំណែក អតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៩ខែធ្នូ ក៏បានស្នើទៅអង្គការសហប្រជាជាតិ ឲ្យព្យួរអាសនៈរបស់កម្ពុជាជាបណ្ដោះអាសន្ន និងស្នើបញ្ជូនអ្នកសង្កេតពិសេស UN ឲ្យចុះមកតាមដាន និងត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ