រដ្ឋាភិបាល បានព្រមានបិទអង្គការសង្គមស៊ីវិលមួយចំនួន ដែលរដ្ឋាភិបាលថា មិនបានដាក់របាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនទៅក្រសួងនៅពេលផុតកំណត់នៃច្បាប់ ប៉ុន្តែ សង្គមស៊ីវិលអះអាងថា នីតិវិធីដាក់របាយការណ៍ស្មុគស្មាញ។
ក្រសួងមហាផ្ទៃបានកើនរំលឹកកាលពីដើមខែនេះ ដល់សមាគម អង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ឲ្យដាក់របាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ទៅកាន់ក្រសួងមហាផ្ទៃ ឲ្យបានមុនដំណាច់ខែកុម្ភៈឆ្នាំក្រោយ ដោយព្រមានចាត់វិធាន ប្រសិនបើអង្គការសមាគមមិនមែនរដ្ឋាភិបាលណាមិនគោរពតាម។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រសួងអាចនឹងសម្រេចបិទ ឬលុបឈ្មោះអង្គការទាំងនោះចេញ ប្រសិនបើអង្គការមិនមែនរដ្ឋាភិបាលណា ខកខានមិនបានដាក់របាយការណ៍។
លោកថា៖ «ដល់ខែពីរ នឹងបង្កើនវិធានការកាន់តែតឹងហើយ ធម៌ក្តៅមាន អត់មានត្រជាក់ទេ។ រំលឹកហ្នឹងគឺធម៌ត្រជាក់ណាស់។ អ្នកធ្វើហ្នឹងមានអីធ្វើចាំតែនិយាយហ្នឹង។ សំខាន់បំផុតធ្វើតែតាមគេទៅសុខហើយ។ … ហ្ហេ! ក្នុងករណីខ្លះបិទខ្លះទៅ វាមានទៅពិបាកអី ច្រើនពេក។ បើនៅរឹងទទឹងអញ្ចឹង បិទចោលទៅថី! គេឲ្យយើងរស់ គេឲ្យយើងធ្វើកិច្ចការហ្នឹងត្រូវស្តាប់គេទៅ គេធ្វើតាមច្បាប់ណា បើយើងរឹងទទឹងទៅនឹងគេ គេប្រើច្បាប់វិញ បិទខ្លះទៅមិនប៉ុន្មានទេ»។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ គិតត្រឹមដើមខែធ្នូនេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦៤៦ស្ថាប័ន បានដាក់ឯកសារទាំងនោះដល់ក្រសួងមហាផ្ទៃ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន មានប្រសាសន៍ថា សមាជិកនៃគណៈកម្មាធិការរបស់លោកដែលមានសមាជិកជាង ១៧០អង្គការ បានដាក់របាយការណ៍ទៅកាន់ក្រសួងមហាផ្ទៃរួចរាល់ហើយ ខណៈរបាយការណ៍របស់អង្គការជិត ២០ ត្រូវបានបដិសេធមិនទទួលយក។
លោកថា៖ «អង្គការមួយចំនួន គាត់មានការផ្លាស់ប្តូរគណៈគ្រប់គ្រង ការផ្លាស់ប្តូរទីតាំងអីជាដើម-ល- ហើយនៅពេលដែលយើងដាក់របាយការណ៍ទៅ តម្រូវឲ្យមានការកែសម្រួលលក្ខន្តិកៈអ្វីផ្សេង ដែលធ្វើឲ្យមានលក្ខណៈស្មុគស្មាញបន្តិចសម្រាប់គាត់»។
ក្នុងកិច្ចប្រជុំពីការលើកកម្ពស់អភិបាលកិច្ចល្អ និងនិរន្តរភាពរបស់អង្គការសង្គមស៊ីវិលកាលពីថ្ងៃទី១៥ ខែធ្នូនេះ ប្រធានគ្រប់គ្រងនៃអង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា លោក កៅ ឌីណា មានថ្លែងថា បញ្ហាលំបាកដែលសង្គមស៊ីវិលជួបប្រទះក្នុងការដាក់របាយការណ៍នោះ គឺដោយសារពុំមានការជួយសម្របសម្រួលពីក្រសួងមហាផ្ទៃក្នុងការធ្វើ និងទទួលរបាយការណ៍ និងភាពឆកល្វែងនៃច្បាប់ដែលធ្វើឲ្យអង្គការមួយចំនួនមិនដឹងពីរបៀប និងនីតិវិធីនៃការរៀបចំរបាយការណ៍នោះ។
លោកថា៖ «យើងមើលឃើញថា រដ្ឋបាលនៃការទទួលរបាយការណ៍របស់គាត់ អត់ទាន់បានគ្រប់ជ្រុងជ្រោយ។ ប្រហែលជាបានគ្រប់ជ្រុងជ្រោយសម្រាប់គាត់ ប៉ុន្តែ ខ្ញុំមើលឃើញថា មិនមានជំនឿទុកចិត្តហ្នឹង ដូចជា មិនទាន់ត្រឹមត្រូវ ដោយសារតែគាត់បានត្រឹមតែចុះហត្ថលេខា ហើយបានដាក់ថ្ងៃខែទៅលើរបាយការណ៍មួយចំនួន ប៉ុន្តែ របាយការណ៍មួយចំនួនប្រហែលជាមានការវាយត្រាចូលឲ្យបានត្រឹមត្រូវដែរ ហើយចម្លងឲ្យយើងមួយច្បាប់មួយទុកជាឯកសារដែរក៏មិនដឹង។ អាហ្នឹង យើងអត់ឃើញទេ។ ទីពីរ ទាក់ទងនឹងរបាយការណ៍ហ្នឹង អត់ឃើញទាន់មានទម្រង់ច្បាស់លាស់ទេ»។
លោក ឌីណា បានជំរុញដល់អង្គការទាំងឡាយឲ្យរៀបចំរបាយការណ៍តាមអ្វីដែលក្រសួងមហាផ្ទៃចង់បាន ដើម្បីបញ្ជៀសហានិភ័យចំពោះស្ថាប័ននៅពេលដល់ថ្ងៃកំណត់។
អង្គការសមាគមទាំងជាតិ និងអន្តរជាតិដែលបានចុះបញ្ជីនៅក្នុងក្រសួងការបរទេស និងក្រសួងមហាផ្ទៃរហូតមកដល់ពេលនេះមានជាង ៥០០០ស្ថាប័ន។ ការស្រាវជ្រាវរបស់ក្រុមហ៊ុន Indochina Research នៅឆ្នាំ២០១៣ បង្ហាញថា មានតែអង្គការប្រមាណ ១៣៥០ស្ថាប័នប៉ុណ្ណោះដែលមានសកម្មភាព ខណៈជាង ៧០០ស្ថាប័ន បានបំលែងខ្លួនជាងស្ថាប័នមីក្រូហិរញ្ញវត្ថុ។
ការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍកម្ពុជា និងអង្គការ Oxfam ឆ្នាំ២០១៤ បានរកឃើញថា សហគមន៍មូលដ្ឋានមានជាង ២៥០០០ស្ថាប័ននៅទូទាំងប្រទេស៕









