Star Mart កន្លែងឃាតកម្មលោក កែម ឡី ដូរស្លាកសញ្ញាថ្មី

Star Mart ក្នុងបរិវេណស្ថានីយ៍ប្រេងសាំងកាល់តិច (Caltex Station) ជាប់ភ្លើងស្តុបបូកគោ

ហាងលក់អាហារ ភេសជ្ជៈ និងរបស់របរប្រើប្រាស់នៅក្នុងបរិវេណស្ថានីយ៍ប្រេងសាំងកាល់តិច (Caltex Station) ជាប់ភ្លើងស្តុបបូកគោ កែងផ្លូវព្រះមុនីវង្ស និងផ្លូវម៉ៅសេទុង ដែលជាកន្លែងឃាតកម្មលើ លោក កែម ឡី បានផ្លាស់ប្តូរស្លាកសញ្ញាថ្មីបន្ទាប់ពីបិទមួយរយៈ។

កាលពីដើមសប្តាហ៍នេះ ស្តារម៉ាតកាល់តិចស្តុបបូកគោបានដំណើរការឡើងវិញ ដោយឃើញមានរចនាស្លាកសញ្ញាថ្មីជារូបផ្កាយនៅចន្លោះអក្សរអង់គ្លេស Star និង Mart។ ចំណែកនៅខាងក្នុងហាង មានការកែប្រែទីតាំងទូតាំងទំនិញ និងតុឆុងកាហ្វេផង។

អតីតកូនសិស្ស និងជាអ្នកបានរួមការងារស្រាវជ្រាវជាមួយ លោក កែម ឡី តាំងពីឆ្នាំ២០១៤ កញ្ញា លីវ វ៉ារី យល់ថា ករណីឃាតកម្មលោក កែម ឡី មិនទាន់មានយុត្តិធម៌នៅឡើយ ហើយកញ្ញាមិនចង់ឲ្យមានការផ្លាស់ប្តូរ ឬ កែលម្អទីតាំងនេះទេ ព្រោះបារម្ភបាត់ភស្តុតាង។​

កញ្ញាថ្លែងថា «នៅពេលដែលយើងដូរទីតាំង ឬក៏យើងរុះរើ វាស្មើនឹងការមិនទទួលខុសត្រូវចំពោះឃាតកម្មមួយហ្នឹង អញ្ចឹងធ្វើឲ្យអ្នកដែលស្លាប់ទៅ និងប្រជាពលរដ្ឋជាច្រើនដែលគាត់គិតថាអយុត្តិធម៌ ដោយសារមិនទាន់បានវែកញែក ឬមិនទាន់មានការស៊ើបអង្កេតច្បាស់់លាស់ផង»។

VOD នៅថ្ងៃនេះ មិនទាន់ទទួលបានការឆ្លើយបំភ្លឺពីក្រុមហ៊ុន Chevron (Cambodia) Limited នៅឡើយទេ បើទោះជាអ្នក​យកព័ត៌មាន​បានចុះទៅដល់ទីកន្លែងស្តុបបូកគោ ហើយបាន​បន្តទៅទៀតទៅការិយាល័យរបស់ក្រុមហ៊ុននេះ​នៅ​ជាន់ទី៤នៅអគារភ្នំពេញសិនធឺ និងបានផ្ញើរសំណួរតាមអ៊ឺម៉ែល។

ទោះយ៉ាងណាបុគ្គលិកក្រុមហ៊ុន​នេះថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុន​កំពុងតែកែប្រែទម្រង់និងសោភ័ណភាពនៃស្ថានីយ៍លក់ប្រេងរបស់ខ្លួននៅតាមសាខាទូទាំងពិភពលោក។​

លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមល្បីឈ្មោះ​មួយរូបនៅក្នុងប្រទេសកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ កណ្តាលរាជធានីភ្នំពេញ​ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។ ឃាតកដែលហៅខ្លួនឯងថាឈ្មោះ ជួប សម្លាប់ ត្រូវចាប់បានភ្លាមៗបន្ទាប់ពីឃាតកម្មនេះ។

នៅខែមីនា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស​ឲ្យបុរស អឿត អាង ហៅ ជួប សម្លាប់​ ជាប់ពន្ធនាគារអស់មួយជីវិត។​ ប៉ុន្តែភរិយាលោក កែម ឡី ដែលបច្ចុប្បន្ននាំកូន៥នាក់ចាកចេញពីប្រទេស និង អ្នកឃ្លាំមើលមួយចំនួន​ថ្លែងថា ឃាតកពិត ឬអ្នករៀបចំឃាតកម្មនេះឡើងមិនត្រូវបានកាត់ទោសនៅឡើយ។​

កន្លងមកគ្រួសារលោក កែម ឡី ធ្លាប់បាន​ទាមទារឲ្យក្រុមហ៊ុន​នេះ បង្ហាញវិឌីអូទាំងស្រុងដែលថតដោយកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ប៉ុន្តែក្រុមហ៊ុនឆ្លើយតបកាលពីខែមីនាឆ្នាំ២០១៧ថា ក្រុមហ៊ុនមិនមានទេ គឺបានប្រគល់ឲ្យសមត្ថកិច្ចតាំងពីក្រោយកើតហេតុឡើងភ្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ