មូលហេតុលោក មូហ្គាបេ ប្រែពីវីរបុរសជាតិទៅជាបុរសរងការបណ្តេញចេញពីតំណែង

មេដឹកនាំហ្ស៊ីមបាវេ រូបនេះបើនិយាយពីអាយុគឺចាស់ជាងគេ ប្រៀបធៀបជាមួយមេដឹកនាំផ្សេងៗទៀតលើពិភពលោក​។​លោកដឹកនាំប្រទេស៣៧ឆ្នាំ គឺចាប់តាំងពីឆ្នាំ១៩៨០ ក្រោយពេលដែលប្រទេសនេះទទួលបានឯករាជ្យពីប្រទេសអង់គ្លេស។ លោកស្ថិតនៅក្នុងលេខរៀងទី៣ នៃមេដឹកនាំដែលស្ថិតនៅក្នុងតំណែងយូរបំផុតនៅលើពិភពលោក​ បន្ទាប់ពីលោក Paul Biya មេដឹកនាំប្រទេសកាម៉ារ៉ូន ស្ថិតនៅក្នុងតំណែង៤២ឆ្នាំ និង​លោក Teodoro Obiang Nguema Mbasogo មេដឹកនាំប្រទេសហ្គេនេ អ៊ឺក្វាតូរីយ៉ាល់ ដឹកនាំប្រទេស៣៨ឆ្នាំ។​

ជីវិតនយោបាយ

លោក មូហ្គាបេ លេចមុខល្បីនៅពេលដែលលោកចូលរួមជាមួយកម្លាំងដឹកនាំធ្វើបដិវត្ត និងធ្វើសង្គ្រាមបង្ហូរឈាមប្រឆាំងជាមួយពួកអាណានិគមន៍អង់គ្លេស។ លោកត្រូវបានរដ្ឋាភិបាលក្រោមអាណានិគមន៍ ចាប់ខ្លួនដាក់ពន្ធនាគារកាលពីឆ្នាំ១៩៦៤ ហើយត្រូវបានដោះលែងវិញនៅឆ្នាំ១៩៧៣ រយៈពេលជាប់ពន្ធនាគារប្រមាណ​១០ឆ្នាំ។​

លោក មូហ្គាបេ បន្តដឹកនាំកម្លាំងទ័ពព្រៃច្បាំងប្រឆាំងទាមទារឯករាជ្យពីអាណានិគមអង់គ្លេស ហើយទទួលបានឯករាជ្យនៅឆ្នាំ១៩៨០។

ក្រោយការទទួលបានឯករាជ្យ លោក មូហ្គាបេ ត្រូវប្រជាពលរដ្ឋបោះឆ្នោត​ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយនៅឆ្នាំ១៩៨៧លោក ជាប្រធានាធិបតី។

ការគាំទ្រពីពលរដ្ឋ

លោក មូហ្គាបេ ត្រូវបានគេចាត់ទុកជាអ្នកជាតិនិយមតស៊ូលះបង់ដើម្បីជាតិ ទាមទារឯករាជ្យឲ្យជាតិ​ និង បង្ក្រាបចលនាតវ៉ានានា។​

មេដឹកនាំរូបនេះទទួលបានប្រជាប្រិយភាពខ្លាំងតាំងពីឡើងកាន់តំណែង រហូតដល់លោកធ្លាប់ថ្លែងថា ពលរដ្ឋស្រលាញ់រូបលោកខ្លាំងហើយថា បើទោះជាលោកស្លាប់ទៅក៏ពលរដ្ឋនៅតែបោះឆ្នោតគាំទ្រដែរ។​

ការធ្លាក់ប្រជាប្រិយភាព

ដោយសារអ្វីៗនៅលើលោកនេះ មិនទៀងទាត់ ប្រជាប្រិយ​ភាពរបស់លោក មូហ្គាបេ បានធ្លាក់ចុះ យោងតាមការស្ទង់មតិ​នៅឆ្នាំ២០០០ ដោយសារតែការបណ្តោយឲ្យមានការឈ្លានពានពីម្ចាស់កសិដ្ឋានជាជនជាតិស្បែកស និង ការបង្ក្រាបយ៉ាងព្រៃផ្សៃពេកលើក្រុមអ្នកប្រឆាំងការដឹកនាំរបស់លោក​ នាំឲ្យពលរដ្ឋមិនពេញចិត្ត។​

អំពើពុករលួយបក្ខពួកនិយមក៏ជាមូលហេតុ ធ្វើឲ្យពលរដ្ឋក្រីក្រ នាំឲ្យពលរដ្ឋកាន់តែច្រើនឡើងមិនពេញចិត្តរដ្ឋាភិបាល។

លោកមូហ្គាបេ ធ្លាប់​បានឡើងថា បើសិនបើលោកចាញ់ការបោះឆ្នោតនោះនឹងចាកចេញពីតំណែង។ ប៉ុន្តែក្រោយចាញ់ការបោះឆ្នោតឆ្នាំ២០០៨ លោកមិនចុះចេញតាមការសន្យាទេ ហើយថ្លែងថា «មានតែព្រះទេដែលអាចយកលោកចេញបីតំណែងបាន»

សេដ្ឋកិច្ចប្រទេសធ្លាក់ចុះកាន់តែខ្លាំងនៅឆ្នាំ២០០៩ កាន់តែធ្វើឲ្យអំណាចរបស់មេដឹកនាំចាស់ជាងគេរូបនេះកាន់តែរង្គោះរង្គើរ។​

ការបណ្តេញចេញពីតំណែង

រហូតដល់ចុងឆ្នាំ២០១៧ អំណាចរបស់លោក រ៉ូប៉ឺត មូហ្គាបេ កាន់តែប្រឈមខ្លាំង គឺនៅពេលដែលសុខភាពកាន់តែចុះខ្សោយនោះ លោកចង់ផ្ទេរអំណាចទៅឲ្យភរិយារបស់លោកគឺលោក​ស្រី ហ្គាស មូហ្គាបេ នាំឲ្យមានជម្លោះផ្ទៃក្នុងបក្ស និង មិនមានការស្វាគមន៍ពីមហាជនចំពោះការចង់ដាក់ភរិយាជំនួសនេះទេ អាចពាក់ព័ន្ធសមត្ថភាព និង រឿងរ៉ាវអាក្រក់ជាច្រើន​របស់​ស្រ្តីរូបនេះ។​

ដល់ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមយោធា ឃុំលោក រ៉ូប៉ឺត មូហ្គាបេនៅក្នុងផ្ទះ ហើយបង្ខំឲ្យចុះចេញពីតំណែង ដើម្បីកុំឲ្យជម្លោះធំផ្ទុះឡើង។​ ក្រោយមកលោកក៏ព្រមចុះចេញពីតំណែងដោយថា ដើម្បីប្រយោជន៍ជាតិ។

ក្រោយការប្រកាសចុះចេញពីតំណែងនេះ នៅតាមដងផ្លូងនានានៅទូទាំងប្រទេសហ្ស៊ីមបាវេ ប្រជាពលរដ្ឋនាំគ្នារាំច្រៀង ដោយសម្តែងការសប្បាយរីករាយក្នុងការដូរមេដឹកនាំរូបនេះចេញ។​

មូលហេតុគ្រួសារ

មានការចោទប្រកាន់ថា គ្រួសាររបស់លោក មេដឹកនាំនេះ ប្រព្រឹត្តអំពើពុករលួយកើបយកលុយជាតិ ឆាយវាយខ្ជះខ្ជាយ ដដូចជា ការទិញនាឡិកាដៃមួយតម្លៃ៦០ ០០០ដុល្លារ ឬ ការទិញចិញ្ជៀនពេជ្រមួយតម្លៃ១លាន៣សែនដុល្លារអាមេរិកជាដើមនាំឲ្យមានការរិះគន់ ខណៈពលរដ្ឋ​ស្ថិតនៅក្នុងស្ថានភាពក្រីក្រ។​

លោក មូហ្គាបេ មានលុយខ្ទង់ប៊ីលានដុល្លារដាក់ទុនរកស៊ីនៅក្រៅប្រទេស ហើយលោកមានផ្ទះនៅក្នុងដែនដីហុងកុង នៅសិង្ហបុរី នៅម៉ាឡេស៊ី និង មាននៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង។​

ការប្រែក្លាយពីវីរបុរសជាតិទៅជា បុរសដែលពលរដ្ឋមិនស្វាគមន៍នេះ អាចដោយសារតែការឡើងកាន់តំណែង ហើយមានអំនួតខ្លាំងពេក បង្ក្រាបតែលើក្រុមរិះគន់ ហើយមិនបានយកចិត្តទុកដាក់ក្នុងការកែប្រែចំណុចខ្សោយរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ